ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​ថៃ ជំរុញ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ


រូបឯកសារ៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn យាង​ចូលរួម​ក្នុង​ពិធី​គោរព​ព្រះវិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej នៅ​ទីក្រុង​បាងកក​នៃ​ប្រទេសថៃ កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧។

នៅ​ថ្ងៃ​ពុធ​នេះ គណបក្ស​ប្រឆាំង​មួយ​នៅ​ប្រទេស​ថៃ ​បាន​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ ដោយ​បាន​បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​នេះ​អាច​បន្ធូរបន្ថយ​ភាព​តានតឹង​នយោបាយ និង​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ នៅ​ចំ​ពេល​ដែល​មាន​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សំណើ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​នេះ​បាន​ធ្វើ​ឡើង​ដោយ​សមាជិក​សភា ៤៤ រូប​ខាង​គណបក្ស​ចលនា​ទៅ​មុខ (Move Forward Party) ដែល​ជា​គណបក្ស​ប្រឆាំង។

កន្លង​មក សកម្មជន​យ៉ាង​តិច ៥៨ នាក់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ​ចាប់​តាំងពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​មក។ ការ​ចោទ​ប្រកាន់​នេះ​គឺ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​របស់​ពួកគេ​ឲ្យ​មាន​កំណែទម្រង់​របប​រាជា​និយម និង​ឲ្យ​មាន​ការ​បញ្ចប់​ការ​ពាក់ព័ន្ធ​របស់​យោធា​នៅ​ក្នុង​រដ្ឋាភិបាល។

គណបក្ស​ចលនា​ទៅ​មុខ ចង់​ឲ្យ​មាន​ការ​អនុញ្ញាត​ចំពោះ​ការ​រិះគន់​ដោយ​ស្មោះត្រង់​លើ​ព្រះមហាក្សត្រ​និង​រាជវង្សានុវង្ស ការ​កាត់​បន្ថយ​លក្ខខណ្ឌ​នៃ​ការ​ដាក់ទោស និង​ការ​អនុញ្ញាត​ឲ្យ​តែ​ការិយាល័យ​កិច្ចការ​រាជវង្សានុវង្ស​តែ​ប៉ុណ្ណោះ ជាជាង​ពលរដ្ឋ​ធម្មតា នៅ​ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង​ទាក់ទិន​នឹង​ការ​ប្រមាថ​ព្រះមហាក្សត្រ ដើម្បី​រារាំង​មិន​ឲ្យ​មាន​ការ​បំពាន​ច្បាប់​នេះ។

នៅ​ក្នុង​សំណើ​វិសោធនកម្ម​នេះ អ្នក​ដែល​បង្ខូច​ព្រះ​នាម ឬ​គំរាមកំហែង​ព្រះមហាក្សត្រ នឹង​នៅតែ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ដដែល ប៉ុន្តែ​គឺ​ជាប់​យូរ​បំផុត​ត្រឹម​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ ឬ​ក៏​ពិន័យ​ជា​ប្រាក់​ចំនួន ៣ សែន​បាត ឬ​ក៏​ទាំង​ពីរ។

លោក Chaithawat Tulathon សមាជិក​សភា​មួយ​រូប​នៃ​គណបក្ស​ចលនា​ទៅ​មុខ បាន​និយាយ​ថា៖ «នេះ​គឺ​ជា​សំណើ​មួយ​ដែល​យើង​គិត​ថា ភាគី​ទាំង​អស់​អាច​ពិភាក្សា​បាន អាច​ទទួល​យក​បាន ហើយ​វា​នឹង​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​នយោបាយ»៕

XS
SM
MD
LG