លោក Prayuth Chan-Ocha ដែលជាមេដឹកនាំរដ្ឋាភិបាលយោធានៃប្រទេសថៃបច្ចុប្បន្ន បានក្លាយជានាយករដ្ឋមន្ត្រីផ្លូវការនៅអាណត្តិថ្មីនេះជាបន្តទៀត បន្ទាប់ពីព្រះមហាក្សត្របានគាំទ្រការបោះឆ្នោតសម្រេចរបស់រដ្ឋសភា ដើម្បីឲ្យលោកនៅបន្តតំណែងជានាយករដ្ឋមន្ត្រីបន្តទៀត។
លោក Prayuth Chan-Ocha បានលុតជង្គង់ក្រាបសំពះរូបព្រះមហាក្សត្រ Maha Vajiralongkorn នៅក្នុងពិធីមួយនៅឯខុទ្ទកាល័យរបស់លោកនៅថ្ងៃអង្គារនេះ ដើម្បីទទួលយកព្រះរាជក្រឹត្យតែងតាំងឲ្យលោកនៅបន្តតួនាទីជានាយករដ្ឋមន្ត្រីបន្តទៀត។
លោក Prayuth បានធ្វើជានាយករដ្ឋមន្ត្រីតាំងពីលោកបានដឹកនាំរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលរបស់អ្នកស្រីនាយករដ្ឋមន្ត្រី Yingluck Sinawatra កាលពីឆ្នាំ ២០១៤ មក។
រដ្ឋាភិបាលរបស់លោក Prayuth បានធ្វើវិសោធនកម្មច្បាប់បោះឆ្នោតថ្មី ដែលផ្ដល់ប្រយោជន៍ដល់លោកនៅក្នុងការបោះថ្នាក់ជាតិកាលពីខែមីនាកន្លងមកនេះ។
លោក Prayuth មិនបានប្រជែងនៅក្នុងការបោះឆ្នោតទេ ប៉ុន្តែលោកត្រូវបានរដ្ឋសភា និងព្រឹទ្ធសភារួមគ្នាបោះឆ្នោតគាំទ្រឲ្យក្លាយជានាយករដ្ឋមន្ត្រីកាលពីសប្ដាហ៍មុន៕