រដ្ឋមន្ត្រីការបរទេសថៃចាប់ផ្តើមដំណើរទស្សនកិច្ចបន្ទាន់មួយទៅកាន់ប្រទេសកាតានិងប្រទេសអេហ្ស៊ីបនៅថ្ងៃអង្គារដើម្បីចរចាអំពីជោគវាសនារបស់ជនជាតិថៃចំនួន ២២ នាក់ ដែលត្រូវបានក្រុមសកម្មប្រយុទ្ធហាម៉ាស់ចាប់ជាចំណាប់ខ្មាំង ក្នុងអំឡុងពេលវាយឆ្មក់របស់ខ្លួនលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ។
អាជ្ញាធរអ៊ីស្រាអែលឱ្យដឹងថាមនុស្សយ៉ាងហោចណាស់ ១.៤០០ នាក់ ភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ដោយក្រុមហាម៉ាស់នៃតំបន់ហ្កាហ្សាស្ទ្រីព (Gaza Strip)។
ជាការឆ្លើយតប យោធាអ៊ីស្រាអែលបានវាយប្រហារលើតំបន់ហ្កាហ្សាដោយបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៨.៣០០ នាក់ស្លាប់ ក្នុងនោះជាង ៣.០០០ នាក់ជាកុមារ។ នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនដែលគ្រប់គ្រងដោយក្រុមហាម៉ាស់។
បើយោងតាមតួលេខរបស់អ៊ីស្រាអែល ចំណាប់ខ្មាំងប្រមាណ ២៣០ នាក់កំពុងត្រូវបានក្រុមហាម៉ាស់ចាប់យកទៅក្នុងតំបន់ហ្កាហ្សា ក្នុងនោះ ២២ នាក់ជាជនជាតិថៃ នេះបើតាមក្រសួងការបរទេសថៃក្នុងទីក្រុងបាងកក។ យ៉ាងណាមិញ មន្ត្រីអ៊ីស្រាអែលបានថ្លែងថា ជនជាតិថៃ ៥៤ នាក់ ស្ថិតនៅក្នុងចំណោមចំណាប់ខ្មាំងទាំងនោះ។
នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin បានថ្លែងកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់លោកបានប្រឹងប្រែងធ្វើកិច្ចការនានាដើម្បីនាំជនជាតិថៃទាំងនោះត្រឡប់មកកាន់មាតុប្រទេសវិញ។
លោកបានបញ្ជូនរដ្ឋមន្ត្រីការបរទេសថៃលោក Parnpree Bahiddha-Nukara ឱ្យទៅជួបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាតា នៅថ្ងៃអង្គារ មុននឹងចរចាជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប នៅថ្ងៃពុធ។
ក្រសួងការបរទេសថៃបានឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយថា លោក Parnpree នឹង«ពិភាក្សាអំពីស្ថានភាពរបស់ជនជាតិថៃដែលកំពុងជាប់ជាចំណាប់ខ្មាំង ដោយសារតែអំពើហិង្សាដែលកំពុងបន្តកើតមានឡើងរវាងអ៊ីស្រាអែលនិងតំបន់ហ្កាហ្សា»។
ជនជាតិថៃប្រមាណ ៣០.០០០ នាក់ ធ្វើការនៅប្រទេសអ៊ីស្រាអែល ក្នុងនោះភាគច្រើនក្នុងវិស័យកសិកម្ម នៅពេលជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានផ្ទុះឡើង។
ក្រសួងការបរទេសថៃក៏បានឱ្យដឹងផងដែរថា ជនជាតិថៃយ៉ាងហោចណាស់ ៣២ នាក់ ត្រូវបានសម្លាប់ ហើយ ១៩ នាក់ទៀតបានរងរបួសដោយសារតែជម្លោះនេះ។
នាយករដ្ឋមន្ត្រីថៃលោក Sretthaបានថ្លែងប្រាប់អ្នកសារព័ត៌មានមុនពេលធ្វើដំណើរទៅកាន់ប្រទេសឡាវ កាលពីថ្ងៃចន្ទ ថា៖ «យើងហាក់ក្លាយជាជនរងគ្រោះនៃសង្គ្រាមនេះ។ យើងកំពុងរងផលប៉ះពាល់ ដោយសារតែយើងមានកម្មករច្រើនពីប្រទេសថៃនៅក្នុងប្រទេសអ៊ីស្រាអែល ជាងប្រទេសណាទាំងអស់»៕
ប្រែសម្រួលដោយអ្នកនាង ទែន សុខស្រីនិត