ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​ប្រឆាំង​នឹង​សង្គ្រាម​នៅឯ​សវនាការ​សភា​អាមេរិក​កើត​មាន​ឡើង ខណៈដែល​មន្ត្រី​របស់​រដ្ឋបាល​លោក​ Biden ស្នើសុំ​ជំនួយ​សម្រាប់​អ៊ីស្រាអែល និង​អ៊ុយក្រែន


ក្រុមបាតុករ​លើកដៃ​ក្រហម​របស់​ពួកគេ​ឡើង​នៅ​ពី​ក្រោយ​រដ្ឋមន្ត្រី​ការបរទេស​លោក Antony Blinken ក្នុង​អំឡុងពេល​ដែល​លោក​ផ្ដល់​​​សក្ខីកម្ម​ដល់​គណៈកម្មាធិការ​វិភាជ​ថវិកា​នៃ​ព្រឹទ្ធសភា​លើ​សំណើ​សុំប្រាក់ ១០៦ ពាន់​លាន​ដុល្លារ ដល់​​អ៊ុយក្រែន អ៊ីស្រាអែល និង​សន្តិសុខ​ព្រំដែន​​អាមេរិក។
ក្រុមបាតុករ​លើកដៃ​ក្រហម​របស់​ពួកគេ​ឡើង​នៅ​ពី​ក្រោយ​រដ្ឋមន្ត្រី​ការបរទេស​លោក Antony Blinken ក្នុង​អំឡុងពេល​ដែល​លោក​ផ្ដល់​​​សក្ខីកម្ម​ដល់​គណៈកម្មាធិការ​វិភាជ​ថវិកា​នៃ​ព្រឹទ្ធសភា​លើ​សំណើ​សុំប្រាក់ ១០៦ ពាន់​លាន​ដុល្លារ ដល់​​អ៊ុយក្រែន អ៊ីស្រាអែល និង​សន្តិសុខ​ព្រំដែន​​អាមេរិក។

កាលពី​ថ្ងៃ​អង្គារ ទី៣១ ខែតុលា ទីប្រឹក្សា​កំពូល​របស់​លោក​ប្រធានាធិបតី Joe Biden ពីរនាក់​បាន​ស្នើឱ្យ​សមាជិក​រដ្ឋសភា​អាមេរិក​ផ្តល់​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​ប្រទេស​អ៊ីស្រាអែល​នៅឯ​សវនាការ​សភា​ដែល​ត្រូវបាន​រំខាន​ម្តង​ហើយ​ម្តង​ទៀត​ដោយ​ក្រុមបាតុករ​ដែល​ចោទ​ប្រកាន់​មន្រ្តី​អាមេរិក​ទាំងនោះ​ថា គាំទ្រ​«អំពើ​ប្រល័យ​ពូជសាសន៍‍»​ប្រឆាំងនឹង​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅក្នុង​តំបន់​ហ្កាហ្សា។

រដ្ឋមន្ត្រី​ការបរទេស​លោក Antony Blinken និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Lloyd Austin បាន​ផ្តល់​សក្ខីកម្ម​ដល់​គណៈកម្មាធិការ​វិភាជ​ថវិកា​នៃ​ព្រឹទ្ធសភា​លើ​សំណើ​របស់​លោក Biden នូវ​ប្រាក់​ចំនួន ១០៦ ពាន់​លាន​ដុល្លារ ដើម្បី​ផ្តល់​មូលនិធិ​ដល់​ផែនការ​ប្រកប​ដោយ​មហិច្ឆតា​សម្រាប់​អ៊ុយក្រែន អ៊ីស្រាអែល និង​សន្តិសុខ​ព្រំដែន​សហរដ្ឋ​អាមេរិក។

ដោយ​លើក​ហេតុផល​ថា ការគាំទ្រ​ដៃគូ​អាមេរិក​មាន​សារៈសំខាន់​ចំពោះ​សន្តិសុខ​ជាតិ លោក​ប្រធានាធិបតី Joe Biden បាន​ស្នើ​សុំ​ប្រាក់​ចំនួន ៦១ពាន់ ៤រយ លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន ដែល​ប្រហែល​ជា​ស្មើ​នឹងពាក់​កណ្តាល​នៃ​ចំនួន​ទឹក​ប្រាក់​ដែល​ត្រូវ ចំណាយ​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​បំពេញ​ស្តុក​អាវុធ​ដែល​បាន​ចំណាយ​ក្នុង​ការគាំទ្រ​ពី​ពេល​មុន​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ។

លោក Biden ក៏បាន​ស្នើ​សុំ​ផងដែរ​នូវ​ប្រាក់​ចំនួន ១៤ពាន់ ៣រយ លាន​ដុល្លារ​សម្រាប់​ជួយ​ដល់​អ៊ីស្រាអែល ប្រាក់​ចំនួន ៩ ពាន់​លាន​ដុល្លារ​សម្រាប់ជាជំនួយ​ផ្នែក​មនុស្សធម៌ រួមទាំង​សម្រាប់​អ៊ីស្រាអែល និង​តំបន់​ហ្កាហ្សា ប្រាក់​ចំនួន ១៣ពាន់ ៦រយ លាន​ដុល្លារ​សម្រាប់​សន្តិសុខ​ព្រំដែន​សហរដ្ឋ​អាមេរិក ប្រាក់​ចំនួន ៤ ពាន់​លាន​ដុល្លារសម្រាប់​ជំនួយ​យោធានិង​ហិរញ្ញប្បទាន​របស់​រដ្ឋាភិបាល​ដើម្បី​ទប់ទល់​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ចិន​នៅ​តំបន់​អាស៊ី។

នៅពេល​សវនាការ​បាន​ចាប់ផ្តើម ក្រុមបាតុករមួយ​ជួរ​បាននាំ​គ្នាលើក​ដៃ​ប្រឡាក់​ពណ៌​ក្រហម​ឡើង​ទៅ​លើ​ដើម្បី​ជា​ការតវ៉ា​ប្រឆាំង​នឹង​សង្គ្រាម។ ក្រោយ​មក​ប៉ូលិស​នៃវិមាន​សភា​អាមេរិក​បាន​នាំ​ខ្លួន​ពួកគេ​ចេញពី​បន្ទប់​សវនាការ បន្ទាប់ពី​ពួកគេ​បាន​ស្រែក​តវ៉ា ដោយ​រួមទាំង​ស្រែក​ថា «សូម​ឱ្យ​មាន​បទ​ឈប់បាញ់គ្នា​ឥឡូវ​នេះ!‍» និង​«ការពារ​កុមារ​នៅ​តំបន់​ហ្កាហ្សា!‍»។

លោក Blinken បាន​និយាយ​ថា ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ដល់​អ៊ុយក្រែន​បាន​ធ្វើឱ្យ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​ក្លាយ​ជា​«ជម្លោះ​ជា​យុទ្ធសាស្ត្រ‍» ហើយ​លោក​បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ជំនួយ​សន្តិសុខ​សម្រាប់​អ៊ីស្រាអែល និង​ជំនួយ​មនុស្សធម៌​សម្រាប់​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅក្នុង​តំបន់​ហ្កាហ្សា៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG