ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពលរដ្ឋ​ថៃនាំគ្នា​ទិញ​ក្រដាស​ប្រាក់ ១០០ បាត ដែល​មាន​រូប​ព្រះមហាក្សត្រ Bhumibol


ប្រជាជន​កាន់​ទុក្ខ​ឈរ​តម្រង់​ជួរដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធដល់​ព្រមហាក្សត្រ​ដែល​បាន​សោយទីវង្គត Bhumibol Adulyadej នៅ​ព្រះបរម​រាជវាំង​ ទីក្រុង​បាំងកកកាលពី​ថ្ងៃទី​១៥ តុលា ២០១៦។
ប្រជាជន​កាន់​ទុក្ខ​ឈរ​តម្រង់​ជួរដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធដល់​ព្រមហាក្សត្រ​ដែល​បាន​សោយទីវង្គត Bhumibol Adulyadej នៅ​ព្រះបរម​រាជវាំង​ ទីក្រុង​បាំងកកកាលពី​ថ្ងៃទី​១៥ តុលា ២០១៦។

ប្រជាពលរដ្ឋ​ថៃ​បាន​ឈរ​តម្រង់​ជួរ​រង់ចាំ​យ៉ាង​អត់ធ្មត់​នៅ​ខាង​ក្រៅ​ធនាគារ​រដ្ឋ​នានា នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ដូរ ឬ​ទិញ​ក្រដាស​ប្រាក់ ១០០ បាត ដែល​មាន​រូប​ព្រះមហាក្សត្រ Bhumibol ដើម្បី​ជា​ការ​រំឭក​ដល់​ព្រះ​អង្គ ដែល​ទើប​នឹង​បាន​សោយទិវង្គត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន។

ក្រដាស​ប្រាក់​នេះ​ត្រូវ​បាន​បោះ​ពុម្ព​ដោយ​ធនាគារ​ប្រទេស​ថៃ ឲ្យ​សាធារណជន​ទូទៅ​ប្រើប្រាស់​តាំង​ពី ៥ ឆ្នាំ មុន​ម្ល៉េះ ប៉ុន្តែ​ក្រដាស​ប្រាក់​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ឡើង​វិញ​ជា​ថ្មី​ម្ដង​ទៀត បន្ទាប់ពី​ព្រះមហាក្សត្រ Bhumibol បាន​សោយទិវង្គត​ទៅ។

ប្រជាពលរដ្ឋ​ថៃ​បាន​ចាប់ផ្ដើម​តម្រង់​ជួរ​ចាប់តាំង​ពី​ព្រឹក​ព្រលឹម​នៅ​តាម​ធនាគារ​នានា​នៅ​ទូទាំង​ប្រទេស​ថៃ ដើម្បី​ទិញ​ក្រដាស​ប្រាក់ ១០០ បាត​នេះ ដែល​ក្រដាស​ប្រាក់​នេះ​មាន​តម្លៃ​ស្មើ​នឹង ២០០ បាត ឬ​ស្មើ​នឹង ៥ ដុល្លារ ៧១ សេន​សហរដ្ឋ​អាមេរិក ដែល​ជា​តម្លៃ​ពីរ​ដង​នៃ​តម្លៃ​ដើម​របស់​វា។

ក្រដាស​ប្រាក់ ១០០ បាត​នេះ មាន​រូប​ព្រះ​មហាក្សត្រ​ធ្វើ​ទស្សនកិច្ច​សួរ​សុខទុក្ខ​ប្រជានុរាស្ត្រ ដាំ​ស្មៅ និង​លេង​តន្ត្រី។ រូប​នេះ​ត្រូវ​បាន​បោះពុម្ព​ឡើង​ជាមួយ​នឹង​ទឹក​ថ្នាំ​ពណ៌​មាស​ភ្លឺៗ ជំនួស​ឲ្យ​ពណ៌​ក្រហម ដែល​គេ​ឃើញ​មាន​នៅ​លើ​ក្រដាស​ប្រាក់ ១០០ បាត ធម្មតា។

នាង Surinamon Rakkaew អាយុ ២៤ ឆ្នាំ បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​ទុក​រាល់​ក្រដាស​ប្រាក់​ទាំង​អស់​ដែល​មាន​រូប​ព្រះមហាក្សត្រ ពីព្រោះ​ថា នៅ​ថ្ងៃ​ណា​មួយ ក្រដាស​ប្រាក់​ទាំង​នេះ​នឹង​បាត់​ជាក់ជា​មិន​ខាន ដោយហេតុថា យើង​នឹង​មាន​ព្រះមហាក្សត្រ​ថ្មី​គ្រប់គ្រង​ប្រទេស»។

ដោយសារតែ​មាន​តម្រូវការ​ច្រើន យ៉ាង​ហោច​ណាស់​មាន​ធនាគារ​មួយ គឺ​ធនាគារ​ប្រាក់​សន្សំ​រដ្ឋាភិបាល (Goverment Savings Bank) ដែល​មាន​ស្ដុក​ក្រដាស​ប្រាក់ ១០០ បាត​នេះ ចំនួន ៩ ម៉ឺន​សន្លឹក បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​លក់​ក្រដាស​ប្រាក់​នេះ​ឲ្យ​អតិថិជន​ម្នាក់ តែ ៥ សន្លឹក​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG