ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ស្នើ​តុលាការ​ដោះ​លែង​កូនក្តី លោក ថាច់ សេដ្ឋា ឱ្យ​​មាន​សេរីភាព


រូប​ឯកសារ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បង្ហាញខ្នោះដៃពីក្នុងឡាន នៅពេលលោកត្រូវបានដឹកចេញពីតុលាការកំពូលទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូប​ឯកសារ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បង្ហាញខ្នោះដៃពីក្នុងឡាន នៅពេលលោកត្រូវបានដឹកចេញពីតុលាការកំពូលទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

មេធាវី​របស់​លោក ថាច់ សេដ្ឋា អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​បាន​អំពាវនាវ​ឱ្យតុលាការ​ដោះ​លែង​កូន​ក្តី​របស់​លោក​ដោយ​សារ​លោក​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ខណៈ​លោក​ត្រូវ​បាន​និង​កំពុង​ឃុំខ្លួន​រង់ចាំ​សវនាការ​អស់​រយៈ​ពេល​ជាង​ ៧ ខែ​មក​ហើយ។

ការ​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​សុំ​ដោះលែង​លើក​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពីតុលាការ​កំពូល​ កាល​ពី​ថ្ងៃទី​ ១២ ខែ​មិថុនា ឆ្នាំ ​២០២៣ បាន​ប្រកាស​បដិសេធ​បណ្តឹង​សាទុក្ខ​របស់​មេធាវី​ការពារ​ក្តី​ឱ្យ​លោក ថាច់ សេដ្ឋា ​ដោយ​តម្កល់​សាល​ដីកា​របស់​សភា​ស៊ើប​សួរ​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ ទាក់​ទង​នឹង​ការ​ស្នើ​សុំ​ឱ្យ​តុលាការ ​«បដិសេធ​ដីកា​ឃុំ​ខ្លួន» ​ដែល​សម្រេច​ដោយ​ចៅ​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។

លោក ជូង ជូងី មេធាវី​ការពារ​ក្តី បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​សុំ​ដោះលែង​លោក​ ថាច់ សេដ្ឋា នៅ​ក្នុង​សំណុំរឿង​ពីរ​ករណី​ ដែល​លោក​រង​ការ​ចោទ​ប្រកាន់។ នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​ដាក់​ទៅ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក ជូង ជូងី ​បញ្ជាក់​ថា​ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​សាលក្រម​ស្ថាពរ​ណាមួយ​ឡើយ​លើ​សំណុំរឿង​នេះ។ ដូច្នេះ​លោក ថាច់ សេដ្ឋា នៅ​តែ​ជន​គ្មាន​ទោស​ដដែល។

នៅ​ក្នុង​សំណុំ​រឿង​ទី​ ១ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ចេញ​សែក​អត់​លុយ លោក​មេធាវី ជូង ជូងី បញ្ជាក់​ថា៖​ «រហូត​មក​ដល់​ពេល​នេះ ចៅ​ក្រម​ស៊ើប​សួរ​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ហើយ។ នីតិវិធី​ក្នុង​រឿង​ក្តី គឺ​នៅ​សល់​តែ​សវនាការ​វិនិច្ឆ័យសេចក្តី​តែ​ប៉ុណ្ណោះ។ ដូច្នេះ​មិន​មាន​ភាព​ចាំបាច់​ត្រូវ​រក្សា​លោក ថាច់ សេដ្ឋា ​ទុក​ជូន​តុលាការ​ចាត់​ការ​តាម​នីតិវិធី​ទៀត​ទេ»។

លោក​មេធាវី​បន្ថែម​ថា​ លោក ថាច់ សេដ្ឋា មិន​បាន​បដិសេធ មិន​បាន​គេច​វេស មិន​ចូល​ខ្លួន​មក​តុលាការ​ទេ ហើយ​ផ្ទុយ​ទៅ​វិញ លោក​មិន​ដែល​ទទួល​បាន​ដីកា​ពីតុលាការ​ម្តង​ណា​ឡើយ។

បើ​តាម​មេធាវី លោក ថាច់ សេដ្ឋា មាន​បញ្ហា​សុខភាព​បេះដូង ដោយ​មាន​ខ្លាញ់​រុំ​បេះដូង លើស​ឈាម ឡើង​ជាតិ​ស្ករ ឡើង​ជាតិ​អាស៊ីត ហើយ​លោក​ត្រូវ​ការ​ការ​ព្យាបាល​ជា​ប្រចាំ។

លោក​មេធាវី​បញ្ជាក់​ទៅ​តុលាការ​ថា​លោក ថាច់ សេដ្ឋា មាន​តួនាទី​ជា​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ដូច្នេះ​លោក​មិន​រត់​ចោល​គណបក្ស និង​សកម្មជន​ឡើយ។ បន្ថែម​ពី​នេះ លោក​មាន​តួនាទី​ជា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដូច្នេះ​លោក​មិន​រត់​ចោល​សហគមន៍​ឡើយ។

ចំណែក​ក្នុង​សំណុំ​រឿង​មួយ​ទៀត ពាក់ព័ន្ធ​នឹង​បទ​ញុះ​ញង់​បង្ក​ឱ្យមានភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឱ្យមាន​ការ​រើស​អើង លោក​មេធាវី​ក៏​សុំ​ឱ្យកូន​ក្តី​នៅ​ក្រៅ​ឃុំ​ផង​ដែរ។

លោក​បញ្ជាក់​ថា​ សំណុំ​រឿង​នេះ ចៅ​ក្រម​ស៊ើប​សួរ​បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​ហើយ នៅ​ឡើយ​តែ​សវនាការ​វិនិច្ឆ័យ​សេចក្តី​តែ​ប៉ុណ្ណោះ។ ដូច្នេះ​មិន​មាន​ភាព​ចាំបាច់​ត្រូវ​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា​ ឡើយ។

​បើ​តាម​មេធាវី សំណុំ​រឿង​ញុះញង់​នេះ លោក ថាច់ សេដ្ឋា និយាយ​អំពី​ប្រវត្តិសាស្រ្ត​ថ្ងៃ​ ៧ មករា ឆ្នាំ​ ១៩៧៩ ជា​ថ្ងៃ​ «យួន​ឈ្លាន​ពាន» ការ​សង់​ស្តូប​មិត្ត​ភាព​កម្ពុជា​វៀតណាម ធ្វើ​ឱ្យ​ «បែកបាក់​ជាតិ» និង​និយាយ​អំពី​ប្រវត្តិ​នៃ​ការ​កកើត​គណបក្ស​ប្រជាជន​កម្ពុជា។

​កាល​ពី​ពាក់​កណ្តាល​ខែ​មករា ឆ្នាំ ២០២៣ ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ អ្នក​ស្រី ​ទិត ​ដាលីន បាន​ចោទ​ប្រកាន់​លោក​ ថាច់ សេដ្ឋា ពី​បទ «ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​បទ «ញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង» ពាក់​ព័ន្ធ​នឹង​ការនិ​យាយអំពី​នយោបាយ និង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ជាមួយ​ពលករ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ដើម​ឆ្នាំ​ ២០២៣។ ​វីដេអូ​នៃ​ការ​ថ្លែង​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​យូធូប​ (Youtube) និង​ត្រូវ​បាន​យក​មក​ធ្វើ​ជា​បន្ទុក​នៃ​ការ​ចោទ​ប្រកាន់។

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពីលោក តាំង ស៊ុនឡាយ ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​និង ​លោក អ៊ី រិន្ទ​ អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​នៅ​ឡើយ​ទេ។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ លោក​ នី សុខា ថ្លែង​ថា​ ការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ទៅ​លើ​អ្នក​ណា​ម្នាក់ លុះត្រា​តែ​អំពើ​នោះ​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​អ្នក​ដទៃ​ ប៉ុន្តែ​មិន​គួរ​ចោទ​ប្រកាន់​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិ​មនុស្ស​ ដែល​គ្រាន់​តែ​បញ្ចេញ​មតិ​ស្រប​តាម​ច្បាប់​នោះ​ទេ។

លោក​បន្ថែម​ថា ​ការ​ចោទសកម្មជន​សង្គម សកម្ម​ជន​នយោបាយ និងលោក ថាច់ សេដ្ឋា ពី​បទ​ញុះញង់ និង​បទ​ចោទ​ផ្សេង​ទៀត បាន​បង្ហាញ​រូបភាពមិន​ល្អ​ទាក់ទងនឹង​ការ​អនុវត្តលទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ ដែល​ត្រូវ​បានសហគមន៍​អឺរ៉ុបនិង​សហរដ្ឋ​អាមេរិក​សម្លឹង​មើល​ការ​អនុវត្ត​របស់​កម្ពុជាយ៉ាង​យក​ចិត្ត​ទុក​ដាក់។

ដូច្នេះ​លោក​យល់ថា ​រដ្ឋាភិបាល​កម្ពុជា​ដែល​នឹង​ដឹកនាំ​ដោយ​កូន​ប្រុស​ច្បង​របស់​លោក​ ​ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត គួរ​តែ​ពិចារណា​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ល្អប្រសើរ និង​គួរ​តែ​ដោះ​លែង​អ្នក​ទោស​នយោបាយ និង​អ្នក​ទោស​សង្គមឱ្យ​មាន​សេរីភាព ​ដើម្បី​បង្ហាញថា​ កម្ពុជា​ពិត​ជា​បានយក​ចិត្តទុក​ដាក់​គោរព​សិទ្ធិ​មនុស្ស និង​អនុវត្ត​នូវលទ្ធិ​ប្រជាធិបតេយ្យ។

លោក​ថ្លែង​ថា៖ «ការ​ឃុំ​ខ្លួន​លោក​ ថាច់ សេដ្ឋា ​មិន​មែន​ជា​រឿងមួយ​ដែល​ល្អ ​ឬជា​រឿង​មួយ​ដែល​ចំណេ​ញ​សម្រាប់​កេរ្តិ៍​ឈ្មោះ​របស់រដ្ឋាភិបាល​ទេ។ អ៊ីចឹង​ខ្ញុំគិត​ថា​ នៅ​ពេល​រដ្ឋាភិបាល​ថ្មី កើត​ឡើង​នេះ​ គួរ​ណាស់​តែ​រដ្ឋា​ភិបាល​ថ្មី ដែល​កើត​ឡើង ហើយ​ដឹកនាំ​ដោយ​នាយក​រដ្ឋ​មន្ត្រី​ថ្មី ដែល​អនាគត​ឆាប់ៗ​ខាង​មុខ​នេះ ខ្ញុំ​គិត​ថា ​រឿង​នេះ​ជា​រឿង​ល្អ​ខ្លាំង​ណាស់​សម្រាប់​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ ក្នុង​ការ​ពិចារណាទៅ​លើ​ករណី​ដែល​មាន​ការ​ឃុំ​ខ្លួន​អ្នក​នយោបាយ​ ក៏​ដូច​ជា​អ្នក​ធ្វើ​ការងារ​សង្គម ពិសេស​យើង​ហៅ​ថា​អ្នក​ទោស​មនសិកា​ហ្នឹង»។

​លោក ថាច់ សេដ្ឋា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​និង​ឃុំ​ខ្លួន កាល​ពី​ថ្ងៃទី​១៦​ ខែ​មករា ​ឆ្នាំ​ ២០២៣ ក្នុង​សំណុំ​រឿង​ «ចេញ​សែក​អត់​សាច់​ប្រាក់»។ លោក​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​សួរ អ្នកស្រី ទិត ដាលីន ចេញ​ដីកា​តម្រូវ​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពី​បទ​ «មិន​បាន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន»៕

XS
SM
MD
LG