មន្រ្តីសុខុមាលភាពកុមារនៅរដ្ឋតិចសាសបាននិយាយកាលពីថ្ងៃពុធថា ពួកគេទទួលបានរបាយការណ៍ចំនួន៣ ដែលចោទប្រកាន់ពីការរំលោភបំពាន និងការធ្វេសប្រហែសនៅជម្រកជនអន្តោប្រវេសន៍ក្រុង San Antonio ដែលមានក្មេងជំទង់អន្តោប្រវេសន៍ជាង១.៦០០នាក់ ដែលបានឆ្លងព្រំដែនខាងត្បូង។
នេះជាលើកទីមួយហើយដែលមន្រ្តីថ្នាក់រដ្ឋបានប្រកាសថា ពួកគេកំពុងស៊ើបអង្កេតការចោទប្រកាន់បែបនេះនៅឯកន្លែងសង្គ្រោះបន្ទាន់មួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានរៀបចំឡើងយ៉ាងប្រញ៉ាប់នៅរដ្ឋតិចសាសពេលមានការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងព្រំដែនរបស់ក្មេងៗដែលមិនមានឪពុកម្តាយមកជាមួយ។ មន្ត្រីប្រចាំតំបន់ដែលជាអ្នកស្ម័គ្រចិត្តនៅមជ្ឈមណ្ឌល Freeman Coliseum ដែលប្រើជាជម្រកជនអន្តោប្រវេសន៍ ក្រុង San Antonio បាននិយាយថា ការចោទប្រកាន់នេះ មិនស៊ីគ្នានឹងអ្វីដែលគាត់បានឃើញនៅពេលគាត់ធ្វើទស្សនកិច្ចនៅកន្លែងនោះទេ។
មន្ត្រីសុខុមាលភាពកុមារមិនបង្ហាញព័ត៌មានលម្អិតអំពីអ្នកដែលបានធ្វើការចោទប្រកាន់នោះទេ ប៉ុន្តែលោក Greg Abbott អភិបាលរដ្ឋមកពីគណបក្សសាធារណរដ្ឋបាននិយាយថា លោកយល់ថា អ្នកចោទប្រកាន់អាចជាអ្នកធ្លាប់នៅកន្លែងនោះ។ ការចោទប្រកាន់មួយរួមមានការរំលោភបំពានផ្លូវភេទ ប៉ុន្តែពុំមានព័ត៌មានលម្អិតទេ។
លោក Abbott និយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា ការចោទប្រកាន់ផ្សេងទៀតរួមមាន ការមិនមានបុគ្គលិកគ្រប់គ្រាន់ កុមារមិនបរិភោគ និងអ្នកដែលធ្វើតេស្តវិជ្ជមានកូវីដ១៩ មិនត្រូវបានបំបែកចេញពីអ្នកមិនទាន់ឆ្លងវីរុសនេះ។ ជាច្រើនសប្តាហ៍មកហើយ ដែលលោក Abbott បានចូលរួមជាមួយគណបក្សសាធារណរដ្ឋក្នុងការរិះគន់រដ្ឋបាលរបស់លោក Joe Biden ចំពោះការដោះស្រាយបញ្ហាជនចំណាកស្រុកនៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក៕