នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកាត់ទោសអ្នកស្រី ទេព វន្នី ដែលជាជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការ Vital Voices ឲ្យជាប់ក្នុងពន្ធនាគាររយៈ ពេល ២ ឆ្នាំ និង៦ ខែ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើហិង្សា ក្នុងការតវ៉ាមួយ ដែលបានកើតឡើងនៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ កាលពីឆ្នាំ២០១៣។
លោក ឡុង កេសភិរម្យ ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ក៏បានបង្គាប់ឲ្យអ្នកស្រី ទេព វន្នី បង់ប្រាក់ពិន័យចូលរដ្ឋចំនួនប្រាំលានរៀល និងប្រាំបួនលានរៀលផ្សេងទៀត ទៅសន្តិសុខខ័ណ្ឌដូនពេញចំនួនពីររូបដែលជាដើមបណ្ដឹងរដ្ឋប្បវេណី។
ក្នុងថ្ងៃនៃការបើកសវនាការកាត់ទោសអ្នកស្រី ទេព វន្នី ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អំពើហិង្សាក៏បានកើតឡើង នៅមុខសាលាដំបូងរាជធានីភ្នំពេញ និងនៅក្នុងផ្សារទំនើបមួយនៅជាប់ពហុកីឡាដ្ឋានជាតិអូឡាំពិក ខណៈអ្នកតវ៉ាជាង៥០នាក់ បានមកប្រមូលផ្ដុំគ្នានៅខាងក្រៅតុលាការ។
អ្នកតវ៉ាប្រមាណបួននាក់ ក្នុងនោះមានសកម្មជនដីធ្លី អ្នកស្រី បូវ សោភា បានរងការវាយដំយ៉ាងដំណំពីកងសន្តិសុខខ័ណ្ឌ ៧មករា។
អ្នកស្រី បូវ សោភា និយាយប្រាប់ VOA ក្រោយការវាយដំនោះថា៖
«បើសិនជាងាប់ថ្ងៃនេះ ដោះដូរហ្នឹងការដោះលែង អ្នកស្រី ទេព វន្នី ខ្ញុំសុខចិត្តឲ្យ។ បើសិនជាងាប់ថ្ងៃនេះ ធ្វើឲ្យអ្នកដឹកនាំគាត់ភ្ញាក់រលឹក ចេះស្រឡាញ់ប្រជាជន ខ្ញុំសុខចិត្ត។ បើខ្លួនខ្ញុំម្នាក់ កែប្រែនាយករដ្ឋមន្ត្រី ឲ្យចេះបម្រើប្រជាពលរដ្ឋ ចេះស្រឡាញ់ប្រជាពលរដ្ឋខ្ញុំសុខចិត្ត»។
បុរសម្នាក់ផ្សេងទៀត ឈ្មោះ ម៉ៅ សុជាតិ ដែលគេស្គាល់ថា ជាសកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវបានកងសន្តិសុខដេញវាយនៅក្នុងផ្សារទំនើបមួយជាប់នឹងពហុកីឡាដ្ឋានជាតិអូឡាំពិក បន្ទាប់ពីបុរសនោះ បានព្យាយាមហាមឃាត់កងសន្តិសុខ មិនឲ្យមានការរុញច្រានគ្នាជាមួយស្ត្រីតវ៉ា ប្រឆាំងនឹងការកាត់ក្ដីអ្នកស្រី ទេព វន្នី។
អ្នកស្រី បូវ សោភា និងស្ត្រីម្នាក់ទៀតឈ្មោះ ណាត ស្រីណាក់ ដែលមកពីសហគមន៍បុរីកីឡាបានដួលសន្លប់ ក្រោយការរុញច្រានជាមួយកងសន្តិសុខ។ ការរុញច្រាននេះ កើតមានឡើង បន្ទាប់ពីអាជ្ញាធរបានដឹកអ្នកស្រី ទេព វន្នី ចេញពីសាលាដំបូងរាជធានីភ្នំពេញ ត្រឡប់ទៅកាន់ពន្ធនាគារព្រៃសវិញ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ថ្លែងថា ការបង្ក្រាបរបស់កងសន្តិសុខទៅលើក្រុមអ្នកតវ៉ានោះ បានកើតឡើង ដោយសារមានក្រុមអ្នកតវ៉ាមួយចំនួនរឹងទទឹង មិនចាកចេញពីមុខការិយាល័យរដ្ឋបាលនៃសាលាដំបូងរាជធានីភ្នំពេញ។
«ពីដំបូងឡើយហ្នឹង គឺគាត់បានស្នើសុំឲ្យ អ្នកដែលតវ៉ាអីទាំងអស់ហ្នឹង គឺគាត់ទៅធ្វើដូចសព្វដងហ្នឹង មានន័យថា ទៅចំហៀងផ្លូវទៅដើម្បីកុំឲ្យរំខានដល់ការងារគេ។ ហើយក៏ឃើញថា មានក្រុមរបស់គាត់ហ្នឹង មួយចំនួនធំ គាត់បានស្ដាប់តាមការណែនាំ របស់អាជ្ញាធររបស់យើងហ្នឹងទៅខាងហ្នុងដែរទេ លើកលែងតែដូចជាបីនាក់ តាមខ្ញុំចាំ។ ដូចជាបីនាក់ ដែលគាត់មិនដឹងជាគោលបំណងយ៉ាងម៉េច គាត់មិនស្ដាប់តាមទេ រហូតដល់នៅក្រាញននៀល អីមិនទៅ រហូតឈានទៅដល់ការរុញច្រានគ្នាហ្នឹង»។
អ្នកស្រីទេព វន្នី ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួន កាលពីខែសីហា ឆ្នាំ២០១៦ ក្រោយពីអ្នកស្រីបានចូលរួម និងដឹកនាំការធ្វើ «យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ» យ៉ាងសកម្ម ដើម្បីទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ចំនួនបួនរូប និងអគ្គលេខាធិការរងមួយរូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយនិងដើម្បីទាមទារយុត្តិធម៌ជូនលោក កែម ឡី អ្នកវិភាគសង្គមនិងនយោបាយដ៏ល្បីល្បាញមួយរូប ដែលត្រូវគេបាញ់សម្លាប់កាលពីខែកក្កដា ឆ្នាំ ២០១៦ នៅកណ្ដាលទីក្រុងភ្នំពេញ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់អ្នកសារព័ត៌មាន នៅមុខសាលាដំបូងរាជធានីភ្នំពេញថា សវនាការកាត់ទោសអ្នកស្រី ទេព វន្នី មិនត្រូវបានធ្វើឡើង ស្របតាមនីតិវិធីនៃការកាត់ក្ដីនោះទេ ដោយហេតុអវត្តមានដើមបណ្ដឹងរដ្ឋប្បវេណី និងសាក្សីរបស់ដើមបណ្ដឹង។
លោកថា ក្រុមគ្រួសារអ្នកស្រី ទេព វន្នី នឹងទទួលបន្ទុកធ្ងន់មួយបន្ថែមទៀត ក្រោយការកាត់ទោសដែលមិនត្រឹមត្រូវនេះ។
«ក្រោយពីការតវ៉ាដីធ្លី ដែលធ្វើឲ្យបែកបាក់គ្រួសារ បន្ទាប់មកជាប់ពន្ធនាគារ ហើយកូនរបស់គាត់ធ្លាក់ខ្លួនឈឺ ដោយគ្មានអ្នកណាជួយមើល ហើយម្ដាយចាស់ជរាទៀត អានេះ ជាបន្ទុកធ្ងន់ធ្ងរបន្ថែមទៀត ផងដែរសម្រាប់សកម្មជនដីធ្លី ដូចអ្នកស្រី ទេព វន្នីនេះ»។
អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន៦១ បានចេញសេចក្ដីថ្លែងការណ៍រួមនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ដោយបានសំដែងការសោកស្ដាយជាខ្លាំងចំពោះការផ្ដន្ទាទោសអ្នកស្រី ទេព វន្នី ឲ្យជាប់ក្នុងពន្ធនាគារដែលពួកគេចាត់ទុកថាអយុត្តិធម៌ និងចំពោះអំពើហិង្សាដែលប្រព្រឹត្តដោយក្រុមសន្តិសុខទៅលើអ្នកគាំទ្ររបស់អ្នកស្រីទេព វន្នី នៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ។
បណ្ដុះអង្គការក្រៅរដ្ឋាភិបាលទាំងនេះ ក៏ទទូចឲ្យអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តអំពើហិង្សា ដើម្បីធានាយុត្តិធម៌ដល់ជនរងគ្រោះ៕