ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​កំពូល​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ការពារ​ដី​ធ្លី​ទេព វន្នី


អ្នកស្រី ​ទេព​ វន្នី​ ត្រូវ​ក្រុម​សន្តិសុខ​ នាំ​ចូល​ក្នុង​រថយន្តនៅ​តុលាការ​កំពូល​ ​ឆ្ពោះ​ទៅកាន់​ពន្ធនាគារ​ព្រៃ​ កាលពី​​ថ្ងៃ​ទី​ ២៥​ ខែ​ មករា​ ឆ្នាំ​ ២០១៧។​ (ហ៊ុល រស្មី/VOA)

សកម្ម​ជន​ការ​ពារ​ដីធ្លី​រូប​នេះ​ ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​ កាល​ពី​​ខែ​សីហា​ ឆ្នាំ​២០១៦​ ក្រោយ​ពី​អ្នក​ស្រី​បាន​ចូលរួម​​ និង​ដឹកនាំ​​​ការ​ធ្វើ​ «យុទ្ធនាការ​ថ្ងៃ​​ចន្ទ​ពណ៌​ខ្មៅ»​ យ៉ាង​សកម្ម​ ដើម្បី​ទាម​ទារ​​​ឲ្យ​ដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​​មនុស្ស​ អាដ​ហុក ​ចំនួន​បួន​រូប ​អគ្គ​លេខា​ធិការ​រង​មួយ​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ​​​​និង​ទាម​ទារ​យុត្តិធម៌​ជូន​លោក​ កែម​ ឡី ដែល​ត្រូវ​គេ​បាញ់​ស្លាប់​កាល​ពី​ខែ​​កក្កដា​ ឆ្នាំ​ ​២០១៦​ ​នៅ​កណ្តាល​ទី​ក្រុង​ភ្នំពេញ។

តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ បាន​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​អ្នកស្រី​ ទេព​ វន្នី​ សកម្មជន​ការពារ​ដីធ្លី​នៅ​តំបន់​បឹង​កក់​ នៅ​ក្រៅ​ឃុំ។​ ក្រុម​អ្នក​តវ៉ានៅ​ក្រៅ​តុលាការ​កំពូល​បាន​ចោទ​តុលាការ​ថា​ ធ្វើ​ការ​សម្រេច​សេចក្តី​ដោយ​មិន​ឈរ​លើ​គោលការណ៍​ឯករាជ្យរបស់​ច្បាប់។​ ​

អ្នក​ស្រី ​ទេព​ វន្នី​ សកម្មជន​ការពារ​ដី​ធ្លី​នៅ​តំបន់​បឹងកក់​ បាន​ស្រែកទ្រហោ​យំ​ ក្រោយ​ពី​តុលាការ​កំពូល​កាត់​សេចក្តីដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ស្រីនៅ​ក្រៅឃុំដើម្បី​ជួបជុំ​កូនៗ​ និង​មា្តយ​ចាស់​ជរា​របស់​អ្នក​ស្រី។

«ព្រោះ​ខ្ញុំ​មិន​ប្រាថ្នា​ធ្វើ​នាយករដ្ឋ​មន្ត្រី​អី​ទេ​ គ្រាន់​តែ​បាន​យុត្តិធម៌​ ចង់​បាន​យុត្តិធម៌​ក្នុង​សង្គម​តែ​ប៉ុណ្ណោះ​ សូម​សម្តេច​ជួយ​ផង​ទៅ»។

សកម្ម​ជន​ការ​ពារ​ដីធ្លី​រូប​នេះ​ ត្រូវ​បាន​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន​ កាល​ពីខែ​សីហា​ ឆ្នាំ​២០១៦​ ក្រោយ​ពី​អ្នក​ស្រី​បាន​ចូលរួម និង​ដឹកនាំ​ការ​ធ្វើ​ «យុទ្ធនាការ​ថ្ងៃចន្ទ​ពណ៌​ខ្មៅ»​ យ៉ាង​សកម្ម​ ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដ​ហុក ​ចំនួន​បួន​រូប ​អគ្គ​លេខា​ធិការ​រង​មួយ​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ និង​ទាម​ទារ​យុត្តិធម៌​ជូន​លោក​ កែម​ ឡី ដែល​ត្រូវ​គេ​បាញ់​ស្លាប់​កាល​ពី​ខែកក្កដា​ ឆ្នាំ​ ​២០១៦​ ​នៅ​កណ្តាល​ទី​ក្រុង​ភ្នំពេញ។​

​អ្នក​ស្រី​ ទេព​ វន្នី ​ហៅ​ការ​កាត់​ក្តី​នេះថា​ ជា​ការ​សម្រេច​ក្រោម​គំនាប​នយោបាយ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ដែលស្ថិត​ក្នុង​អំណាច​ជាង​បី​ទស្សវត្សរ៍​ហើយ​មក​នោះ។​

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​ដឹង​ច្បាស់​ហើយ​ ទោះ​បី​ជា​ខ្ញុំ​មិន​ទៅ​ស្តាប់​ ការ​សម្រេច​របស់​តុលាការ​កំពូល​ក្នុង​ព្រឹក​នេះ​ ក៏ខ្ញុំ​ដឹង​ថា​ គេ​មិន​ផ្តល់​យុត្តិធម៌​ឲ្យ​ខ្ញុំ​ទេ​ ព្រោះ​គេ​កំពុង​តែ​យក​ខ្ញុំ​ ធ្វើ​ជា​ទាសករ​នយោបាយ​ បើ​សិន​ជា​សម្តេច​ពិត​ជា​មិន​យក​ នាង​ខ្ញុំ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​អ្នក​សេ្នហា​ជាតិ​មួយ​ចំនួន​ទៀត​ ធ្វើ​ជា​ទាសករ​នយោបាយ​ទេ​ ​ ដោះ​លែង​ពួក​ខ្ញុំ​ទៅ»។​

អ្នកស្រី​ ទេព​ វន្នី​ ជ័យ​លាភី​រង្វាន់​ស្ត្រី​ជា​អ្នកដឹកនាំ​របស់​អង្គការពិភពលោក​ Vital​ Voices ​បាន​បន្ត​ស្រែកទ្រ​ហ៊ោ​យំ​ ក្នុង​ពេល​ក្រុម​សន្តិសុខ​នាំ​អ្នកស្រី​ ​ឡើង​លើ​រថយន្ត​ដឹក​អ្នកទោស​ត្រឡប់ទៅ​ពន្ធនាគារ​ព្រៃសវិញ។​

នៅក្រៅ​របង​តុលាការកំពូល ក្រុម​អ្នក​តវ៉ា​ដែល​ជា​អ្នក​រងគ្រោះដីធ្លី​ ដោយ​សារ​ការ​អភិវឌ្ឍ​មកពីសហគមន៍នានា​ក្នុង​រាជធានី​ភ្នំពេញ​ ​បាន​ស្រែក​តវ៉ា​ខ្លាំងៗ​ ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការកំពូល។

អ្នក​ស្រី​ បូវ​ សោភា​ សកម្មជន​ដី​ធ្លី​នៅ​តំបន់​បឹងកក់​ បាន​និយាយ​ទាំង​ទឹក​ភ្នែក​រលីង​រលោង​ថា​ ​តុលាការ​មិន​ហ៊ានប្រឆាំង​នឹង​លោក​ ហ៊ុន​ សែន​ នោះ​ទេ។

អ្នក​ស្រី​ បូវ​ សោភា ថ្លែង​ថា៖​ «បើ​សិន​ជា​គាត់​បញ្ជា​ឲ្យ​លែង​ គឺ​លែង​ហើយ​ តែ​បើ​សិន​មិន​បញ្ជា​ឲ្យ​លែង​ គឺ​ពួក​ខ្ញុំ​អត់​មាន​សង្ឃឹម​ថា​ មាន​សេរីភាព​ទេ​ អញ្ចឹង​បាន​ខ្ញុំ​និយាយ​ហើយ​ថា​ ខ្ញុំ​ស្គាល់​គុក​ ក៏​ដោយ​សារ​របបលោក​ ហ៊ុន សែន​ ដែល​ដឹកនាំ​ហ្នឹង​ហើយ​ ខ្ញុំ​ស្គាល់​ភាព​អយុត្តិធម៌​គឺ​របប​ហ្នឹង​ហើយ​ ដែល​ខ្ញុំ​ដឹង​ថា​ អ្វី​ដែល​ជា​ភាព​យុត្តិធម៌​ អ្វី​ដែល​ជា​ភាព​អយុត្តិធម៌»។

អ្នកស្រី​ ទេព វន្នី​ ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន ក្រោម​បទចោទ​ប្រកាន់​ថា​ អ្នកស្រី​ បាន​បង្ក​អំពើ​ហិង្សា​ នៅ​មុខ​ផ្ទះ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែនដែល​ស្ថិត​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ កាល​ពី​ឆ្នាំ​២០១៣។​ អ្នកស្រី​និយាយ​ថា ការ​ចោទ​ប្រកាន់​នេះ​ ជា​ការ​ចោទ​ប្រកាន់​ដែល​ធ្វើ​ឡើងដោយខុស​ពីនីតិវិធី​ និង​ប្រាស​ចាក​អង្គ​ហេតុ​ដែល​បាន​កើត​ឡើង​នា​គ្រា​នោះ។​ ​

នៅ​ក្នុង​សាល​សវនាការ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​សប្តាហ៍​មុន​ អ្នកស្រី​បាន​ប្រាប់​ចៅក្រម​ គឹម​ សត្ថាវី​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ថា​ អ្នក​ស្រី​ ជា​ស្រ្តី​ទន់​ខ្សោយ​ និង​មិន​មានកម្លាំង​កំហែង ទៅ​ប្រព្រឹត្តអំពើហិង្សា ​ដើម្បី​តទល់​នឹង​ក្រុម​សន្តិសុខ​ និង​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ជា​បុរសៗ​នោះ​ទេ។​

អ៊ុំ​ស្រី ​ស៊ី​ ហ៊ាប ម្តាយ​បង្កើត​អ្នក​ស្រី​ ទេព​ វន្នី​ បាន​ចូល​រួម​តាម​ដាន​ការ​ប្រកាស​សាល​ដីកា​របស់​ តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។​

«គ្នា​ជា​ស្រ្តី​ផង​ គ្នា​អត់​មាន​បាន​ វាយ​ប៉ូលីស​ អី​ណា​មួយ​ដៃ​ទេ​ កូន​ខ្ញុំ​ជា​ស្រ្តី​ វា​ចោទ​ប្រកាន់​កូន​ខ្ញុំ​ ដើម្បីយក​លេស​ យក​កូន​ខ្ញុំ​ទៅ​ដាក់​គុក»។​

ការ​សម្រេច​របស់​តុលាការ​កំពូល​ ដែល​មិន​ផ្តល់​សេរីភាព​ដល់​អ្នកស្រី​ ទេព​ វន្នី​ ឲ្យ​បាន​រស់​នៅ​ក្រៅ​ឃុំ​នេះ​ ធ្វើ​ឡើង​នៅ​ពេល​ស្ថានការណ៍​នយោបាយ​កម្ពុជាបន្ត​ជាប់​គាំង​ និង​ចំ​ពេល​ដែល​ក្រុម​អ្នក​តំណាងរាស្ត្រ​របស់​គណបក្សកាន់​អំណាច​ត្រៀម​ធ្វើ​វិសោធកម្ម​ប្រការ​ ៤៨​ថ្មី​ (បី) នៃ​បទ​បញ្ជា​ផ្ទៃ​ក្នុងរដ្ឋសភា ដើម្បី​លុប​ចោល​ តួនាទី​របស់​លោក​ កឹម​ សុខា​ ​ដែល​ជា​ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​មតិភាគ​តិច​នៃ​រដ្ឋ​សភា​ជាតិ។​

​ការ​លុប​ចោល​ប្រការ​ ៤៨​ថ្មី​ (បី)​ ត្រូវ​គេ​ដឹង​ថា​ ត្រូវ​បាន​ធ្វើឡើង​ទៅ​តាម​សំណើរ​លោក​ ហ៊ុន សែន​ ដែលបង្ហាញ​ចេតនា​បិទ​ការ​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង​ អំពី​ការ​ទាមទារ​ឲ្យ​ដោះលែងអ្នក​ទោស​ ដែល​ភាគ​ច្រើន​ជា​សកម្មជន​សិទ្ធិមនុស្ស និង​មន្ត្រី​របស់​គណបក្ស​ប្រឆាំង។

លោក​ ឡៅ ម៉ុង​ហៃ​ អ្នក​វិភាគ​នយោបាយ​ ថ្លែង​ជាមួយ​អ្នកសារព័ត៌មាន​ អំពីបរិយាកាស​នយោបាយ​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ២៥​ ខែ​ មករា​ ឆ្នាំ​ ២០១៧​។ (ហ៊ុល រស្មី/VOA)
លោក​ ឡៅ ម៉ុង​ហៃ​ អ្នក​វិភាគ​នយោបាយ​ ថ្លែង​ជាមួយ​អ្នកសារព័ត៌មាន​ អំពីបរិយាកាស​នយោបាយ​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ ២៥​ ខែ​ មករា​ ឆ្នាំ​ ២០១៧​។ (ហ៊ុល រស្មី/VOA)

​អ្នក​វិភាគ​នយោបាយ​ លោក​ ឡៅ​ ម៉ុង​ហៃ​ ដែល​ធ្លាប់​ធ្វើ​ជា​ទីប្រឹក្សាលោក​ កឹម សុខា​ ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រដ្ឋ​សភា​ជាតិ​ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​តុលាការ​កំពូល​ថា​ ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន​ នឹង​មិន​អំណោយ​ផល​ដល់​ការ​ចរចា​ផ្នែក​នយោបាយ​ណា​មួយ​នោះ​ឡើយ​ ហើយ​អ្នក​ដែល​ជាប់​ឃុំ​ ​ក្រោម​ហេតុ​ផល​នយោបាយ​នេះ​ នឹង​មិន​ទទួល​បាន​សេរីភាព​ក្នុង​ពេល​ឆាប់ៗ​នោះ​ទេ។​

​លោក​មាន​ប្រសាសន៍​ថា៖ «សេរីភាព​សម្រាប់​អ្នក​ទោស​នយោបាយ»​ទំនង​ជា​អាច​ទទួល​បាន​រហូត​ដល់​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ ២០១៨​ ឯ​ណោះ។​

​«រឿង​ដោះ​លែង​ ​មិន​ដោះ​លែង​នេះ​ ​ហើយ​ជា​ប្រធាន​បទ​នៃ​ការ​ចរចា​ ដែល​ពី​មុន​ថា​ មាន​ហ្នឹងណ៎ា​ វា​គឺ​ជា​ ដូច​ជា​យើង​យក​ជា​ចំណង​ចង​ភាគី​មួយ​ទៀត​បាទ​ ខាង​នយោបាយ​ហ្នឹង​បាទ»។​

​អ្នក​ស្រី​ សាម​ សុគន្ធា​ ​មេធាវី​ការពារ​ក្តី​ អ្នក​ស្រី​ទេព​ វន្នី​ មិន​អាច​ផ្តល់​ការ​អធិប្បាយ​ទៅ​លើ​ការ​សម្រេចរបស់​តុលាការ​កំពូល​បាននោះ​ទេ ​ព្រោះអ្នកស្រី​ពុំ​មាន​វត្តមាន​ក្នុង​ពេល​ប្រកាស​សាលដីកា។

VOA មិន​ទាន់​អាច​ទាក់ទង​ អ្នក​ស្រី​ គឹម សត្ថាវី​ ​ចៅក្រម​នៅ​តុលាការ​កំពូល​ បាន​ទេ​ នៅ​ថ្ងៃ​ពុធ​នេះ។​

​លោក​ ជិន​ ម៉ាលីន​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ថ្លែង​ការពារ ​ការ​កាត់​សេចក្តី​របស់​តុលាការ​កំពូល ដោយ​លោក​បាន​ប្រាប់​ VOA ថា​ ការ​ចោទ​ប្រកាន់​ថា​ តុលាការ​បានសម្រេច​សេចក្តី​ដោយ​លម្អៀង​នោះ​ គឺ​ជា​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ។

«អញ្ចឹង​ទេ​ ការ​ចោទ​ប្រកាន់​យ៉ាង​ណា​នោះ​ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​គាត់​ទេ។​ ជា​ធម្មតា​អ្នក​ដែល​ចាញ់​ក្តី​ ឬ​ក៏​ការ​សម្រេច​មិន​ស្រប​ទៅ​នឹង​ចិត្ត​របស់​ខ្លួន​ឯង​ តែង​តែ​ធ្វើ​ការ​ចោទ​ប្រកាន់​មក​លើ​តុលាការ​ ​ក៏ប៉ុន្តែ​ ​សម្រាប់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​តុលាការ​ គឺ​ថា​ នេះ​ជា​ដំណើរការ​ធម្មតា​ នៃ​នីតិវិធី​របស់​តុលាការ»។​

អ្នក​ស្រី ​ទេព​ វន្នី​ នៅ​ជាប់​ពាក់​ព័ន្ធ​នឹង​ការចោទប្រកាន់​ផ្សេងៗ​ទៀត​ ក្រៅ​ពី​ការ​ចោទ​ប្រកាន់​ទៅ​លើ​អ្នកស្រី ​ដោយសាលា​ដំបូង​រាជធានី​ភ្នំពេញថា អ្នកស្រីបាន​បង្ក​ហិង្សា​នៅ​មុខ​ផ្ទះ​លោក​ ហ៊ុន សែន។​ អ្នកស្រី​ត្រូវ​ប្រឈម​ជាមួយ​តុលាការ​ក្នុង​បទ​ចោទ​ប្រកាន់​មួយចំនួន​ ដែល​រួម​មាន​បទ​ប្រមាថ​មន្ត្រី​រាជការសាធារណៈ​ និង​បទ​ប្រឆាំងមន្ត្រី​រាជការ​សាធារណៈ​មាន​ស្ថាន​ទម្ងន់​ទោស​ជាដើម។​

​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​កំពូល​និយាយ​ថា​ ពួក​គេ​នឹង​បើក​យុទ្ធនាការដើម្បីកៀរគរការ​ដាក់​សម្ពាធពី​សហគមន៍​អន្តរជាតិ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះ​លែង​អ្នកស្រី​ ទេព​ វន្នី​ ដែល​ជា​សកម្មជន​ការពារ​ដីធ្លីដ៏​សកម្ម​នេះ៕

XS
SM
MD
LG