ភាពតានតឹងខ្លាំងកំពុងកើតមានក្នុងប្រទេសហៃទីនៅថ្ងៃអង្គារម្សិលមិញក្នុងរយៈពេលមួយថ្ងៃ បន្ទាប់ពីក្រុមប៉ូលិសបានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ដើម្បីទាមទារឲ្យប្រធានាធិបតីហៃទីលោក Jovenel Moise ចុះចេញពីតំណែង។
ក្រុមប្រឆាំងមានការខឹងសម្បាដោយលើកឡើងថា ប្រធានាធិបតីរូបនេះបានចប់អាណត្តិដឹកនាំប្រទេសរបស់លោកតាំងថ្ងៃអាទិត្យមកម៉្លេះ។ ក្រុមប្រឆាំងបានតែងតាំងមេដឹកនាំរបស់ខ្លួនសម្រាប់ឲ្យដឹកនាំប្រទេសដ៏ក្រីក្រមួយនេះ។ ក៏ប៉ុន្តែក្រុមមន្ត្រីរដ្ឋាភិបាលបានអះអាងថា ក្រុមប្រឆាំងមានបំណងចង់ធ្វើឃាតប្រធានាធិបតី ហើយធ្វើរដ្ឋប្រហារដើម្បីផ្ដួលរំលំរដ្ឋាភិបាល។
លោក Moise អះអាងថា អាណត្តិប្រធានាធិបតីរបស់លោកនឹងត្រូវចប់ នៅថ្ងៃទី៧ ខែកុម្ភៈឆ្នាំក្រោយឯណោះទេ ដោយលោកលើកឡើងថា លោកទើបតែបានស្បថចូលកាន់តំណែង កាលពីឆ្នាំ ២០១៧កន្លងទៅនេះ សម្រាប់អាណត្តិដែលមានរយៈពេល ៥ ឆ្នាំ។ កាលពីពេលនោះ ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតតែ ២០ ភាគរយប៉ុណ្ណោះ បានចេញទៅបោះឆ្នោត។
ការព្យាយាមរបស់លោក Moise ដើម្បីបន្ដកាន់តំណែងជាប្រធានាធិបតីហៃទីតទៅទៀតនោះត្រូវបានរារាំងដោយក្រុមអ្នកនយោបាយប្រឆាំង ដែលមិនសូវរឹងមាំ។
ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា មានស្ថាប័នមួយចំនួនដែលអាចជួយដោះស្រាយនូវភាពជាប់គាំងជុំវិញអាណត្តិដឹកនាំរបស់ប្រធានាធិបតីហៃទីនេះបាន ប៉ុន្តែពួកគេពុំមានអំណាចគ្រប់គ្រាន់ដែលខ្លួនត្រូវការ ដើម្បីសម្រេចលើរឿងនេះបាន ដែលក្នុងនោះរួមមានទាំងក្រុមប្រឹក្សាធម្មនុញ្ញជាដើមដែលមានតែឈ្មោះនៅលើក្រដាសតែប៉ុណ្ណោះ៕