ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​១០​នាក់​បាត់ខ្លួន បន្ទាប់​ពី​នាវា​ពិឃាដ​អាមេរិក​បុក​ជាមួយ​នឹង​នាវា​ដឹក​ប្រេង


នាវា​ពិឃាដ USS John S. McCain ទៅ​ដល់​ផែ​មួយ​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក Changi ប្រទេស​សិង្ហបុរី បន្ទាប់​ពី​មាន​ការ​បុក​ជាមួយ​នឹង​នាវា Alnic MC នៅ​តាម​ផ្លូវ​ទៅ​កាន់​ច្រក​សមុទ្រ​ម៉ាឡាកា និង​សិង្ហបុរី។
នាវា​ពិឃាដ USS John S. McCain ទៅ​ដល់​ផែ​មួយ​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក Changi ប្រទេស​សិង្ហបុរី បន្ទាប់​ពី​មាន​ការ​បុក​ជាមួយ​នឹង​នាវា Alnic MC នៅ​តាម​ផ្លូវ​ទៅ​កាន់​ច្រក​សមុទ្រ​ម៉ាឡាកា និង​សិង្ហបុរី។

នាវិក​អាមេរិក​១០​នាក់​ត្រូវ​បាន​រាយការណ៍​ថា​កំពុង​បាត់ខ្លួន ហើយ​នាវិក​៥​នាក់​ទៀត​រងរបួស បន្ទាប់​ពី​នាវា​ពិឃាដ USS John S. McCain របស់​អាមេរិក បាន​បុក​គ្នា​ជាមួយ​នឹង​នាវា​ដឹក​ប្រេង​មួយ​គ្រឿង នៅ​ប៉ែក​ខាង​កើត​នៃ​ប្រទេស​សិង្ហបុរី ក្បែរ​ច្រក​សមុទ្រ​ម៉ាឡាកា។ ​

កង​នាវា​ទី​៧​របស់​អាមេរិក​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ថា នាវា​ពិឃាដ​ដែល​មាន​បំពាក់​កាំជ្រួច​មីស៊ីល​នេះ បាន​បុក​ជាមួយ​នឹង​នាវា Alnic MC ដែល​មាន​ទង់ជាតិ​លីបេរីយ៉ា នៅ​ម៉ោង​៦:២០​នាទី​ព្រឹក​ម៉ោង​ក្នុង​ស្រុក។ នាវា McCain កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី​ដើម្បី​ទៅ​កាន់​កំពុង​ផែ​មួយ​ដូច​ធម្មតា នៅ​ពេល​ដែល​ហេតុការណ៍​បុក​គ្នា​នេះ​បាន​កើត​ឡើង។

នាវា McCain របស់​អាមេរិក រងការ «ខូចខាត​ធ្ងន់ធ្ងរ» ​ទៅ​លើ​គ្រោង​នាវា ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​មូលដ្ឋាន​ទាហាន​ជើង​ទឹក Changi របស់​សិង្ហបុរី​ដោយ​ខ្លួន​ឯង​បាន។ ​

អាជ្ញាធរ​ដែនសមុទ្រ​ និង​ផែ​របស់​សិង្ហបុរី​បាន​និយាយ​ថា នាវា​ដឹក​ប្រេង Alnic ក៏​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដែរ ប៉ុន្តែ​នាវិក​របស់​នាវា​នោះ​មិន​មាន​រងរបួស​អ្វី​នោះ​ទេ។

ឧទ្ធម្ភាគចក្រ​របស់​ទាហាន​ជើង​ទឹក​សិង្ហបុរី​បាន​ដឹក​នាវិក​អាមេរិក​៤​នាក់​ដែល​រងរបួស​ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​អាយុ​ជីវិត ទៅ​កាន់​មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ដើម្បី​ទទួល​ការ​ព្យាបាល។ កង​នាវា​ទី​៧​របស់​អាមេរិក​បាន​ឲ្យ​ដឹង​ថា នាវិក​ម្នាក់​ទៀត​ដែល​រងរបួស​ធ្ងន់​ជាងគេ​ត្រូវ​ការ​ការ​ព្យាបាល​បន្ថែម។

ឆ្មាំ​សមុទ្រ​និង​ទាហាន​ជើង​ទឹក​សិង្ហបុរី​ក៏​កំពុង​តែ​ជួយ​ដល់​ប្រតិបត្តិការ​ស្វែងរក​និង​ជួយ​សង្គ្រោះ​ផង​ដែរ។ ​

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​បញ្ចេញ​ការ​គាំទ្រ​លើ​បណ្តាញ​សង្គម Twitter ដោយ​សរសេរ​ថា លោក​បន់ស្រន់​ឲ្យ​នាវិក​ទាំង​អស់​នៅ​លើ​នាវា McCain រួច​ផុត​ពី​គ្រោះថ្នាក់។ ​
នាវា USS McCain នេះ ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​ត្រកូល​របស់​ឪពុក​និង​ជីតា​របស់​លោក John McCain សមាជិក​ព្រឹទ្ធ​អាមេរិក ដែល​អ្នក​ទាំង​ពីរ​បាន​បម្រើការ​ជា​ឧត្តមនាវី​ឯក​អាមេរិក៕

XS
SM
MD
LG