ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្ហោះសារព្រមាននៅលើហ្វេសប៊ុករបស់ខ្លួនលើក្រុមហ៊ុនទូរស័ព្ទស្មាត (Axiata Smart) នៅក្នុងជម្លោះរឿងកាត់លេខទូរស័ព្ទខុសសម្រាប់អតិថិជនម្នាក់ ដែលក្រុមហ៊ុនបានអះអាងថា ខ្លួនកំពុងដោះស្រាយជម្លោះនេះ ប៉ុន្តែភាគីម្ខាងទៀតបានបដិសេធមិនចង់បញ្ចប់ជម្លោះនេះ។
កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ក្រសួងប្រៃសណីយ៍បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានលើកឡើងថា ខ្លួនរកឃើញថា ក្រុមហ៊ុនសេវាកម្មទូរស័ព្ទចល័តស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata ) «បានប្រព្រឹត្តខុសនីតិវិធី» ក្នុងការបើកលេខទូរស័ព្ទជូនអតិថិជន ដោយបានផ្តាច់លេខទូរស័ព្ទរបស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្តឲ្យអតិថិជនថ្មី ដោយគ្មានការយល់ព្រមពីម្ចាស់ដើម។
ប៉ុន្តែក្រសួងមិនបានបញ្ជាក់ថា តើអតិថិជនប៉ុន្មាននាក់នោះទេ ដែលបានដាក់ពាក្យប្តឹងក្រុមហ៊ុនស្មាតអំពីបញ្ហានេះ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រសួងក៏មិនបានបញ្ជាក់ឈ្មោះរបស់ម្ចាស់ពាក្យបណ្តឹង និងអង្គហេតុដែលនាំឲ្យមានការប្តឹងក្រុមហ៊ុនស្មាតនោះទេ។
ក្រសួងបានស្នើឲ្យក្រុមហ៊ុនសុំទោសជាសាធារណៈ ដោយចុះផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួន ផ្តល់លេខទូរស័ព្ទដល់អតិថិជន ផុ្តល់សំណងការខូចខាតដល់ម្ចាស់ដើម និងចាត់វិធានការផ្លូវច្បាប់លើរាល់បុគ្គលដែលពាក់ព័ន្ធនឹងករណីនេះ។
VOA បានព្យាយាមទាក់ទងលោក មាស ប៉ូ អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ ដើម្បីសុំការអត្ថាធិប្បាយ ទាំងតាមលេខទូរស័ព្ទ និងតាមប្រព័ន្ធតេឡេក្រាម (Telegram) ប៉ុន្តែលោកមិនឆ្លើយតប និងឲ្យទាក់ទងទៅលោក សូ វិសុទ្ធី ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងម្នាក់ទៀតដែលវីអូអេមិនទាន់អាចសុំការបញ្ជាក់បាន។
ការចេញសេចក្តីប្រកាសជាសាធារណៈជាការព្រមានដល់ក្រុមហ៊ុនស្មាត ធ្វើឡើងបន្ទាប់ពីបុគ្គលម្នាក់បានដាក់ពាក្យបណ្តឹង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលបានប្តឹងក្រុមហ៊ុនស្មាតពីការលួចកាត់លេខទូរស័ព្ទពីម្ចាស់ដើម ទៅឲ្យអ្នកដទៃ ដោយមិនមានការព្រមព្រៀងពីម្ចាស់ដើម។ បុគ្គលដែលប្តឹងនោះបានផ្សព្វផ្សាយពាក្យបណ្តឹងនេះ តាមរយៈហ្វេសប៊ុកឡាយ (Facebook Live) មួយ ដោយបានចោទក្រុមហ៊ុនស្មាតថា បានឃុំឃិតជាមួយក្រុមចោរបច្ចេកវិទ្យា (Hacker) ចំពោះករណីលួចកាត់លេខទូរស័ព្ទនេះទៅឲ្យបុគ្គលផ្សេងដែលមិនមែនជាម្ចាស់ដើម។
ជម្លោះនេះត្រូវបានអះអាងថា ពាក់ព័ន្ធនឹងបុគ្គលម្នាក់ដែលជាបុគ្គលិកធ្វើការឲ្យក្រុមហ៊ុនលក់កាវវិទ្យាសាស្រ្ត និងសម្ភារៈផ្សេងៗ ឈ្មោះ K.R.N.A Rachana Product។
លោក គឹម មករា អគ្គនាយកក្រុមហ៊ុនខាងលើ បានថ្លែងប្រាប់ VOA នៅថ្ងៃសុក្រនេះថា លោក សុន សុភ័ន្ត ដែលជាម្ចាស់បណ្តឹង និងជាបុគ្គលិកមួយរូបប្រចាំក្រុមហ៊ុន មិនទាន់ទទួលបានការទាក់ទងពីក្រុមហ៊ុនស្មាតនោះទេ ពាក់ព័ន្ធនឹងដំណោះស្រាយផ្តល់លេខទូរស័ព្ទឲ្យវិញ និងការពិភាក្សាអំពីលទ្ធភាពនៃការផ្តល់សំណង។
លោកបញ្ជាក់ថា៖ «មកដល់ពេលហ្នឹង គឺក្រុមហ៊ុន Smart គ្រាន់តែចេញសេចក្តីថ្លែងការណ៍ ប៉ុន្តែក្រុមហ៊ុន Smart មិនបានបញ្ជាក់ច្បាស់លាស់ឲ្យខាងយើងដឹងទេ ហើយក៏មិនបានទាក់ទងមកខាងជនរងគ្រោះ ក៏ដូចជាខាងខ្ញុំផ្ទាល់ដែរ។ ហើយក្រុមហ៊ុន Smart អត់មានបានបញ្ចេញឈ្មោះជនខិលខូច ឬមួយជាបុគ្គលិកហ្នឹងទេ។ អត្តសញ្ញាណ គឺអត់បានចេញហ្មង គ្រាន់តែថា ព្យួរការងារ»។
លោកបន្ថែមថា លេខទូរស័ព្ទរបស់បុគ្គលិកលោក គឺលោក សុន សុភ័ន្ត មានភ្ជាប់ទៅនឹងគណនីធនាគារ គណនីទីភ្នាក់ងារផ្ទេរប្រាក់ និងស្ថិតក្នុងកម្មវិធីផ្ញើសារតាមប្រព័ន្ធតេឡេក្រាមរបស់ក្រុមការងារក្នុងក្រុមហ៊ុន។ លោកបន្ថែមថា មានករណីជនអនាមិកយកលេខទូរស័ព្ទនេះ ដើម្បីលួចចូលមើលក្នុងកម្មវិធីផ្ញើសារតេឡេក្រាមរបស់ក្រុមហ៊ុនរបស់លោកផងដែរ។
លោកបានឲ្យដឹងថាកាលពីកន្លងទៅ ក្រុមហ៊ុនស្មាត មិនបានបិទលេខទូរស័ព្ទនេះតាមសំណើរបស់ម្ចាស់កម្មសិទ្ធិនោះទេ ដោយលើកឡើងថា ការធ្វើដូចនេះខុសនឹងនីតិវីធីច្បាប់។
នៅថ្ងៃសុក្រនេះ ក្រុមហ៊ុនស្មាតក៏បានចេញសេចក្តីជូនដំណឹងឆ្លើយតបនឹងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ ដោយលើកឡើងថា ក្រុមហ៊ុនបានចាត់វិធានការចាំបាច់ភ្លាមៗ ដើម្បីដោះស្រាយបញ្ហានេះ។
ក្រុមហ៊ុនបានបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែឧសភា ក្រោយពីទទួលបានពាក្យបណ្តឹង ក្រុមហ៊ុនបានផ្អាកដំណើរការលើលេខទូរស័ព្ទនៅក្នុងពាក្យបណ្តឹង មុនពេលប្រគល់ត្រឡប់ទៅម្ចាស់កម្មសិទ្ធិស្របច្បាប់វិញ។ កាលពីថ្ងៃទី៨ ខែមិថុនា ក្រុមហ៊ុនបានពិភាក្សានិងផ្តល់ព័ត៌មានលម្អិតអំពីករណីនេះទៅនិយ័តករទូរគមនាគមន៍កម្ពុជា និងស្ថាប័នមានសមត្ថកិច្ច។ ហើយក្រុមហ៊ុនបានទាក់ទងជាមួយអតិថិជននោះ និងស្នើផ្តល់ជាដំណោះស្រាយ ក៏ប៉ុន្តែសំណើនោះ ត្រូវបានបដិសេធ។
បន្ថែមលើសេចក្តីជូនដំណឹងនេះ តំណាងក្រុមហ៊ុនស្មាត បានប្រាប់វីអូអេថា ខ្លួនបានទាក់ទងទៅអតិថិជននោះ ដើម្បីផ្តល់លេខទូរស័ព្ទឲ្យវិញ ប៉ុន្តែថា បុគ្គលនោះ បានបដិសេធមិនពិភាក្សា និងស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះ ដោយមានការអធ្យាស្រ័យឲ្យគ្នា។
ទោះជាយ៉ាងណា តំណាងក្រុមហ៊ុនស្មាតបានបដិសេធមិនអត្ថាធិប្បាយថា តើក្រសួងប្រៃសណីយ៍បានទាក់ទងទៅក្រុមហ៊ុន ដើម្បីសួរនាំ មុននឹងផ្សព្វផ្សាយសេចក្តីប្រកាសជាលក្ខណៈព្រមាននៅលើហ្វេសប៊ុករបស់ខ្លួន ឬយ៉ាងណា។
បើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនស្មាត ក្រុមហ៊ុនបានរកឃើញថា បុគ្គលិកមួយរូបមានកំហុសលើបញ្ហាកាត់លេខទូរស័ព្ទនេះទៅឲ្យភាគីមួយទៀត ហើយត្រូវបានព្យួរពីការងារ និងទទួលទណ្ឌកម្មវិន័យនានា តាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។
គេមិនទាន់ដឹងនៅឡើយទេថា តើបុគ្គលដែលបានស្នើសុំកាត់លេខទូរស័ព្ទពីក្រុមហ៊ុនស្មាត រហូតបណ្តាលឲ្យមានជម្លោះរឿងម្ចាស់កម្មសិទ្ធិនេះ ជាអ្នកណានោះទេ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានថ្លែងប្រាប់ VOA នៅថ្ងៃសុក្រនេះថា ទោះបីជាករណីកាត់ផ្តាច់លេខទូរស័ព្ទ ហើយលក់បន្តឲ្យអតិថិជនថ្មី មានតែមួយករណីក៏ដោយ លោកចាត់ទុកនេះ ជាបញ្ហាសំខាន់មួយដែលត្រូវដោះស្រាយ និងថា ជាការរំលោភបំពានកិច្ចសន្យារវាងក្រុមហ៊ុននិងអតិថិជន។
លោកថ្លែងថា៖ «បើសិនជាក្រុមហ៊ុនហ្នឹងគាត់ចេះតែអនុវត្តការផ្តល់លេខឲ្យ ដោយអត់មានការសួរនាំ អត់មានដឹងហេតុផលអីអញ្ចឹង គឺអាហ្នឹង វាផលប៉ះពាល់ធំណាស់ដល់បុគ្គលដែលគាត់បានទិញលេខទូរស័ព្ទហ្នឹងពីមុនមកបាទ។ ហើយម្យ៉ាងវិញទៀត វាជាការរំលោភមួយធំនៅក្នុងកិច្ចសន្យាទិញដូរដែរបាទ»។
លោកបន្តទៀតថា ការចាត់ចេញជាចំណាត់ការពីក្រសួងប្រៃសណីយ៍ និងស្ថាប័នពាក់ព័ន្ធជារឿងត្រឹមត្រូវមួយ ដើម្បីបញ្ចៀសបញ្ហាដូចនេះកើតមានឡើងនាពេលអនាគត។ ទោះជាយ៉ាងណា លោកក៏បានជំរុញឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធស៊ើបអង្កេតឲ្យបានច្បាស់លាស់ មុននឹងចេញជាសេចក្តីប្រកាស ឬការព្រមានណាមួយ៕