អង្គភាពរដ្ឋដែលគ្រប់គ្រងប្រព័ន្ធទូរគមនាគមន៍នៅកម្ពុជាបានកំណត់ពេលមិនដល់មួយសប្តាហ៍ដល់ក្រុមហ៊ុនទូរគមនាគមន៍ទាំងអស់ ឲ្យលុបចោលប្រតិបត្តិការនៃស៊ីមកាតទូរស័ព្ទដែលមិនមានឯកសារបញ្ជាក់ត្រឹមត្រូវ។ នេះបើយោងតាមសេចក្តីប្រកាសថ្មីមួយរបស់និយ័តករទូរគមនាគមន៍កម្ពុជាដែលបានចេញផ្សាយជាសាធារណៈនាដើមសប្តាហ៍នេះ។
ការកំណត់ឲ្យលុបចោលប្រតិបត្តិការស៊ីមកាតដែលមិនមានឯកសារសម្គាល់អត្តសញ្ញាណអ្នកប្រើប្រាស់ ត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះ គឺជាផ្នែកមួយនៃការអនុវត្តឲ្យមានប្រសិទ្ធភាពនៃបទបញ្ញត្តិពីរដាច់ដោយឡែកផ្សេងទៀតទាក់ទិនការគ្រប់គ្រងផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញសង្គម ដែលដំណើរការដោយប្រព័ន្ធអ៊ីនធឺណិតក្នុងប្រទេស និងការប្រើប្រាស់ស៊ីមកាតដែលគ្មានឯកសារសម្គាល់អត្តសញ្ញាណអ្នកប្រើប្រាស់។
សេចក្តីប្រកាសរបស់អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជាចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ បានសរសេរតាមន័យដើមថា៖
«ដើម្បីសម្រេចបានគោលបំណង និងគោលដៅនេះ និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) សូមរំឭកដល់បណ្តាប្រតិបត្តិករទូរគមនាគមន៍ និងបុគ្គលពាក់ព័ន្ធវិស័យទូរគមនាគមន៍ទាំងអស់ មេត្តាសហការអនុវត្តការងាររបស់ខ្លួនស្របតាមខ្លឹមសារនៃបទបញ្ញត្តិទាំងពីរខាងលើនេះ ស្របតាមស្មារតីឯកភាព គាំទ្ររបស់បណ្តាប្រតិបត្តិករ និងបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍»។
និយ័តករទូរគមនាគមន៍កម្ពុជាបានក្រើនរំឭកដល់អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតឲ្យមានការប្រុងប្រយ័ត្ន ក្នុងការបង្ហោះសារ ឬចែកចាយព័ត៌មានជាសារក្តី ជាអក្សរក្តី ជាសំឡេងក្តី ជារូបភាពក្តី ជាវីដេអូក្តី និង/ឬជាទម្រង់ផ្សេងៗទៀតក្តី ដែលមានចេតនាបង្កជាចលាចលបណ្តាលឲ្យអន្តរាយដល់វិស័យការពារជាតិ សន្តិសុខជាតិ ទំនាក់ទំនងល្អជាមួយប្រទេសដទៃ សេដ្ឋកិច្ច សណ្តាប់ធ្នាប់សាធារណៈ និងការរើសអើងវប្បធម៌ ប្រពៃណីជាតិ។
និយ័តករទូរគមនាគមន៍កម្ពុជាក៏បានព្រមានចាត់វិធានការច្បាប់ប្រឆាំងប្រតិបត្តិករទូរគមនាគមន៍ណាមួយ ឬបុគ្គលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ណាមួយ ឬសាធារណជនជាអ្នកប្រើប្រាស់បណ្តាញ និងសេវាទូរគមនាគមន៍ណាម្នាក់ដែល បានប្រព្រឹត្តផ្ទុយនឹងច្បាប់ និងបទបញ្ញត្តិនានាជាធរមានពាក់ព័ន្ធនឹងការអនុវត្តនេះ។
លោក ហៀង បូរ៉ាន់ ប្រធាននាយកដ្ឋានរដ្ឋបាលនៃនិយ័តករទូរគមនាគមន៍កម្ពុជា បដិសេធមិនផ្តល់ការអធិប្បាយ ដោយបានបង្វែរសំណួរទៅកាន់អ្នកនាំពាក្យរបស់និយ័តករទូរគមនាគមន៍កម្ពុជា។
លោក អ៊ឹម វុត្ថា អ្នកនាំពាក្យរបស់និយ័តករទូរគមនាគមន៍កម្ពុជា មិនអាចផ្តល់ទិន្នន័យចំនួនស៊ីមកាតគ្មានឯកសារសម្គាល់អត្តសញ្ញាណអ្នកប្រើប្រាស់នោះទេ តែលោកប្រាប់ VOA ថា ក្រុមហ៊ុនទូរសព្ទដែលមានអតិថិជនច្រើន ដូចជា Metfone បានអះអាងថា ខ្លួនមិនមានស៊ីមកាតដាក់ឲ្យប្រើប្រាស់ដោយគ្មានអត្តសញ្ញាណនៃអ្នកប្រើប្រាស់នោះទេ។ លោកថ្លែងបន្តថា ក្រុមហ៊ុនណាដែលនៅបន្តឲ្យមានការប្រើប្រាស់ស៊ីមកាត ដែលគ្មានអត្តសញ្ញាណនោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែលមានជាធរមាន ដូចជាច្បាប់ស្តីពីទូរគមនាគមន៍។
«យើងត្រូវការអគ្គស្នងការនគរបាលជាតិ ក្រុមអគារធិការដ្ឋាននៃក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍។ កាលណាគាត់រកឃើញអ្វីមួយ គាត់ត្រូវមានការស៊ើបអង្កេតដើម្បីឈានទៅដល់ការចាត់វិធានការ ដូច្នេះ។ អីចឹងគឺយើងត្រូវរកអត្តសញ្ញាណនៃអ្វីៗ ដែលជាបុគ្គលដែលកាន់លេខហ្នឹង ហើយយើងទៅរកឯណា? យើងមិនទៅរកក្រុមហ៊ុន? ហើយបើក្រុមហ៊ុនមិន.... នៅៗ តែផ្តល់លក្ខណៈអីចឹង យើងបានន័យថា ក្រុមហ៊ុនមិនយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ ហើយយើងត្រូវចាត់វិធានការ ទៅតាមហ្នឹងទៅ»។
លោក អ៊ឹម វុត្ថា មានប្រសាសន៍បន្តថា វិធានការលុបចោលស៊ីមកាតដែលមិនមានបញ្ជាក់អត្តសញ្ញាណនៃអ្នកប្រើប្រាស់នេះគឺជាការទប់ស្កាត់នូវ សកម្មភាពឧក្រិដ្ឋតាមបណ្តាញប្រព័ន្ធទូរស័ព្ទ ដែលកាលពីពេលកន្លងមកបានកើតឡើងរួចមកហើយ។
«ឧទាហរណ៍តូចមួយ សាមញ្ញ ដែលជារឿងជួបប្រទះ ដូចជា telephone scam។ ស្គាល់ពាក្យហ្នឹងទេ? Telephone scam គឺជាការបោកបញ្ឆោតទៅតាមប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធអ៊ីនធឺណិត អីៗហ្នឹង ហើយមានការបោកបញ្ឆោតថា ត្រូវរង្វាន់ មានត្រូវអី ផ្ញើស្អីៗ ហើយមានបោកលុយគ្នាទៅវិញទៅមកហ្នឹង។ ហើយដល់ពេលវាមិនដឹងមកពីណា? យើងរកទៅ វាមិនឃើញ! ឃើញទេ! វាបង្កយ៉ាងម៉េចខ្លះ? វាធ្វើឲ្យជនបង្កហ្នឹងរួចខ្លួន អីចឹងទៅណ៎ា»។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា និយ័តករទូរគមនាគមន៍កម្ពុជាបានកំណត់ឱសានវាទតាំងពីខែកញ្ញា ឆ្នាំ២០១៧ ដូច្នេះត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនទូរគមនាគមន៍ទាំងអស់ត្រូវតែធ្វើឲ្យរួចរាល់ថា ពួកគេបានលុបបំបាត់ចោលទាំងស្រុងនូវប្រតិបត្តិការស៊ីមកាតដែលគ្មានឯកសារបញ្ជាក់អត្តសញ្ញាណអ្នកប្រើប្រាស់នោះ។
យ៉ាងណាក៏ដោយ បន្ទាប់ពីរាជរដ្ឋាភិបាលចេញសេចក្តីប្រកាសមួយចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨នេះ ដើម្បីបង្កើនការឃ្លាំមើល ការត្រួតពិនិត្យ និងការផ្តន្ទាទោសព្រហ្មទណ្ឌដោយអាជ្ញាធររដ្ឋ ទៅលើការសម្តែងមតិតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជានោះ អង្គការឃ្លាំមើល និងការពារសិទ្ធិមនុស្សលីកាដូ រួមជាមួយសហគមន៍ សមាគម និងអង្គការក្រៅរដ្ឋាភិបាលជាង១០០បាន«សម្តែងក្តីកង្វល់ជាខ្លាំងពាក់ព័ន្ធនឹងការចេញសេចក្តីប្រកាសអន្តរក្រសួងដែលជាការរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។
ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ប្រកាសរបស់ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍នេះ បង្ហាញពីការរឹតត្បិតហួសហេតុ មិនសមហេតុផល ទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា និងសំណូមពរដោយទទូចឲ្យអាជ្ញាធររដ្ឋធ្វើនិរាករណ៍ប្រកាសនេះវិញ។
លោក ង៉ែត ម៉ូសេ ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ បានបង្ហាញការសាទរចំពោះការលុបបំបាត់ចោលការប្រើប្រាស់ស៊ីមកាតទូរស័ព្ទ ដែលមិនមានបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ ព្រោះថា ការទុកឲ្យប្រើប្រាស់ស៊ីមកាតរបៀបនេះ នឹងបើកឱកាសឲ្យជនខិលខូចអាចបង្កើតគណនីលើប្រព័ន្ធអ៊ីនធឺណិតប្រព្រឹត្តអំពើខុសច្បាប់។ ទោះជាយ៉ាងនេះក្តី លោកនៅមានការព្រួយបារម្ភចំពោះខ្លឹមសារ និងអំណាចនៃប្រកាសរបស់អន្តរក្រសួងទាំងបី ដែលលោកយល់ថា មានចំណុចខ្លះមិនទាន់ត្រូវបានបញ្ជាក់ឲ្យ «ជាក់លាក់» នោះឡើយ តួយ៉ាងដូចជាការប្រើពាក្យថា «ប៉ះពាល់សន្តិសុខជាតិ» ជាដើមនោះ។
«ឧទាហរណ៍រឿងដែលថា និយមន័យរឿងដែលថា រឿងសន្តិសុខជាតិណា៎ នៅ នៅ broad នៅទូលាយនៅឡើយ ដែលថា ស្អីទៅ ដែលហៅថា សន្តិសុខជាតិ ប៉ះពាល់ដល់សន្តិសុខជាតិហ្នឹង។ អីចឹង ដែលខ្លឹមសារដល់តែ specific [ជាក់លាក់] បន្តិច»។
VOA មិនទាន់អាចសុំការអធិប្បាយពីក្រុមហ៊ុនធំៗផ្តល់សេវាទូរស័ព្ទចល័តរួមមានក្រុមហ៊ុន Smart និងក្រុមហ៊ុន CamGSM Co. Ltd. ដែលជាផ្នែកមួយនៃក្រុមហ៊ុន Royal Group របស់លោកឧកញ៉ាគិត ម៉េង ដែលដាក់ឲ្យប្រតិបត្តិការប្រព័ន្ធ Cellcard បាននៅឡើយទេ មកដល់ល្ងាចថ្ងៃពុធនេះ។ បុគ្គលិកម្នាក់នៅក្រុមហ៊ុន Smart ដែលបានលើកទូរស័ព្ទ បានបដិសេធមិនផ្តល់ការអធិប្បាយ ដោយហេតុតែមិនមានសិទ្ធិនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ ខណៈដែលអ្នកដែលមានសិទ្ធិនិយាយមិនស្ថិតនៅក្នុងប្រទេស។ ចំណែកលោក គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group បានបដិសេធមិនផ្តល់ការអធិប្បាយទេ ដោយលោកនិយាយថា រវល់ក្នុងការប្រជុំ។ VOA ក៏មិនទាន់អាចសុំការអធិប្បាយពីតំណាងក្រុមហ៊ុន Metfone បានដែរ។
ក៏ប៉ុន្តែ លោក ញ៉ុន ឌិនថន អគ្គនាយករងក្រុមហ៊ុន Metfone ដែលមានអ្នកប្រើប្រាស់ជាង៨លាននាក់ ត្រូវបានក្រុមហ៊ុនសាជីវកម្មឌីជីថលសប្បាយ (Sabay Digital Corporation) ដែលផ្សព្វផ្សាយព័ត៌មានខ្លីៗតាមប្រព័ន្ធអ៊ីនធឺណិត ស្រង់សម្តីថា ក្រុមហ៊ុន Metfone បានបញ្ចប់ស្ទើរតែ១០០ភាគរយនូវការគ្រប់គ្រងការប្រើប្រាស់ស៊ីមកាតរបស់អតិថិជនដែលគ្មានឯកសារ។
គិតមកត្រឹមខែមេសា ឆ្នាំ២០១៨នេះ ស៊ីមកាតជាង១៨លានត្រូវបានប្រើប្រាស់ និងមានអ្នកប្រើប្រាស់អ៊ីនធឺណិតជិត១១លាននាក់។ នេះបើយោងតាមស្ថិតិចុងក្រោយដែលបង្ហោះនៅលើគេហទំព័ររបស់និយ័តករទូរគមនាគមន៍កម្ពុជា៕