ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គមនាគមន៍​កម្ពុជា​បើក​ការ​ប្រកួត​ប្រជែង​លើក​ទីពីរ​សម្រាប់​ស្ត្រី​ឆ្នើម​ក្នុង​​វិស័យ​បច្ចេកវិទ្យា


កម្មវិធី​«ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឆ្នាំ​២០១៩»​ធ្វើ​ឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍​​ដើម្បី​ជំរុញ​តួនាទី​ដ៏​សកម្ម​និង​ភាព​ចាំបាច់​របស់​ស្ត្រី​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​​ព័ត៌មាន​នៅ​ប្រ​ទេស​កម្ពុជា។ (រូបថត៖​ Cambodian Women in Tech Award 2019)

​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគម​នាគមន៍​បាន​បើក​ឱកាស​​​បេក្ខភាព​ស្ត្រី​សម្រាប់​សាធារណជន​ដាក់​សំណើ​ក្នុង​កម្ម​វិធី​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ឆ្នាំ​២០១៩ ​ដើម្បី​​ទទួល​ស្គាល់​ស្នាដៃ​ស្ត្រី​កម្ពុជា​ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ជាតិ។

ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​ប្រកាស​ទទួល​បេក្ខភាព​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេក​វិទ្យាដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​«ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឆ្នាំ​២០១៩»។​ នេះ​គឺ​ជា​ការ​ប្រកួត​ពាន​រង្វាន់​ឆ្នាំ​ទី​ពីរ​ ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍ដើម្បី​ជំរុញ​តួនាទី​ដ៏​សកម្ម​និង​ភាព​ចាំបាច់​របស់​ស្ត្រី​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និងព័ត៌មាន​នៅ​ប្រ​ទេស​កម្ពុជា។ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​មន្ត្រី​និង​អ្នក​រៀបចំ​កម្ម​វិធី។​

អ្នកស្រី​យឹម ហួតអេលី ​អ្នក​សម្រប​សម្រួល​គម្រោងនិង​ជា​ប្រធាន​ការិយាល័យ​រដ្ឋបាលនៃ​នាយក​ដ្ឋាន​កម្មវិធី​កុំព្យូទ័រ​និង​មាតិកាព័ត៌មាន​នៃ​ក្រសួង​ប្រៃសនីយ៍​បាន​ឲ្យ​ ​VOA​ ដឹង​ថា​ កាល​ពីឆ្នាំ​មុន​ ​ក្នុង​ពេល​ធ្វើ​កម្មវិធី​នេះ​លើក​ដំបូង​មាន​បេក្ខភាព​ស្ត្រី ដែល​មាន​សក្កានុពល​ជាច្រើន​ ដែល​ក្រសួង​ពុំអាច​ជ្រើសរើស​បាន​ដោយ​ហេតុថា ​ក្រសួង​នៅ​មាន​ភាពខ្វះខាត​ខាង​ផ្នែក​ប្រភេទ​ពាន​រង្វាន់​សម្រាប់ស្ត្រី​ដែល​មាន​សមត្ថភាព​ផ្សេងៗ​គ្នា។​

អ្នកស្រីអេលី​ បាន​បន្ត​ថា៖​

«អ៊ីចឹងហើយ​ យើង​ក៏​មាន​គំនិត​បង្កើត ​Category​ ថែម​ទៀត​ដើម្បី​ឲ្យ​ត្រូវ​និង​ស្រប​ជាមួយ​ស្ត្រី​ផ្សេង​ទៀតដើម្បី​ឲ្យ​គាត់​មាន​សមត្ថភាព​លើ​ហ្នឹង​ដែរ»។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍ ​ប្រធាន​បទ​សំខាន់​សម្រាប់​ការ​ប្រកួត​ប្រជែង​ឆ្នាំ​២០១៩​ គឺ​ផ្តោតទៅ​លើ«ស្ត្រី​កម្ពុជា​ដើម្បី​កា​រផ្លាស់​ប្តូរ​ឌីជីថល» ដែល​មាន​ពាន​រង្វាន់​៥​ប្រភេទ​សម្រាប់​បេក្ខនារី​ដែល​ចូល​រួម​ដែល​ក្នុង​នោះ។​ ​ទីមួយ​គឺ​សហគ្រិន​ឆ្នើម​ស្ត្រី​ក្នុង​បច្ចេក​វិទ្យា​ ឬ​ Cambodian Woman ICT Entrepreneur Award​ ទីពីរ​ វិស្វករ​ស្ត្រី​ជោគ​ជ័យ​ក្នុង​ជំនាញ​បច្ចេក​វិទ្យា​គមនាគមន៍​ ​និងព័ត៌មាន​ ឬ​ ​Cambodian Woman ICT Engineer Award​ ទីបី​ ស្ត្រី​ដែល​បាន​ចូលរួម​ជំរុញ​នូវ​ការប្រើប្រាស់​បច្ចេក​វិទ្យា​សម្រាប់​អភិវឌ្ឍ​សង្គម ​ឬ ​សហគមន៍ជាភាសាអង់​គ្លេស​ថា​ ​Cambodian Woman ICT for Community Award​ ​ទីបួនស្ត្រី​ដែល​បង្កើត​មាតិកា​ព័ត៌មាន​ច្នៃប្រឌិត​ Digital Multimedia and Content Award​ និង​ចុង​ក្រោយ​គឺ​ពន្លក​ថ្មី ​ឬ​ Girl Innovator ។​ បេក្ខនារីទាំង​អស់​នឹង​ត្រូវ​អញ្ជើញឱ្យ​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ថ្ងៃ​ទី​១៥មីនាឆ្នាំ​២០១៩​ខាង​មុខ។

អ្នកស្រី​យឹម ហួតអេលី​ បញ្ជាក់​បន្ថែម​ថា​ ​កម្មវិធី​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឆ្នាំ​នេះ​ខុសប្លែក​ពី​ឆ្នាំ​មុន​ត្រង់​ថា​ មាន​ប្រភេទ​ពាន​រង្វាន់​កត្តិយស​ពីរ​ត្រូវ​បាន​បញ្ចូល​ហើយ​ពាន​រង្វាន់​នេះ​បែក​ចែក​ជា​ពីរ​មុខ​គឺ​ស្ត្រី ដែល​បង្កើត​មាតិកា​ព័ត៌មាន​ច្នៃ​ប្រឌិត ​និង​ពន្លក​ថ្មី។​

ប្រភេទ​ពាន​រង្វាន់​ចុងក្រោយ​គឺ​ពន្លក​ថ្មីផ្តោត​ទៅ​លើ​ស្ត្រីវ័យ​ក្មេងដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​ ​ហើយ​ពាន​រង្វាន់​បួន​ដទៃ​ទៀត​តម្រូវឲ្យ​បេក្ខនារី​ដែល​ចូលរួម​មាន​អាយុ​លើស​១៨​ឆ្នាំ​ និង​មាន​ជំនាញ​បច្ចេក​វិទ្យា​ពីការ​ប្រើប្រាស់​ក្នុង​អាជីព​ពួក​គេ។​

អ្នកស្រី អេលី ​ថ្លែង​ថា៖​

«និស្សិត​ក៏​អាច​បាន​ដែរ​ដូច​ជា​គាត់​ជា​ Blogger ​ជា ​Youtuber។​ គាត់​អាច​បង្កើត​ជា​Content ​មួយ​នៅ​ក្នុង​ Facebook ​នៅ​ក្នុង​ Social Media។ ​គាត់​ក៏​អាច​ចូល​រួម​បាន​ដែរ​នៅ​ក្នុង​ category ​ទី​បួន»។​

លោក​កាន់ ច័ន្ទមេត្តា​ រដ្ឋ​លេខាធិការ​ក្រសួង​ប្រៃសនីយ៍​ ​និង​ទូរគមនាគមន៍ បាន​និយាយ​ថា​ រដ្ឋាភិបាល​កំពុង​ចាប់​អារម្មណ៍​ទៅ​នឹង​តួនាទី​ដ៏​សំខាន់និង​ការ​កើន​ឡើង​នៃ​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ឡើង​នូវ​វិស័យ​បច្ចេកវិទ្យា​និង​សេដ្ឋកិច្ច​ជាតិ។​

«ម៉្យាង​វិញ​ទៀត​ ការ​រៀប​ចំ​កម្មវិធី​នេះ​ក៏​ជា​ការ​កៀរ​គរការ​ចូល​រួម​ពី​គ្រប់​តួអង្គ​ដើម្បី​សម្រេច​នូវ​គោល​ដៅ​ផ្លាស់​ប្តូរ​ទៅ​ជា​ឌីជីថល​និង​គោល​ដៅ​យុទ្ធ​សាស្ត្រ​កំណត់​ក្នុង​គោល​នយោបាយ​ អភិវឌ្ឍន៍ វិស័យ​ទូរ​គមនាគមន៍​និង​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន​ឆ្នាំ​២០២០។ ​យើង​សូម​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​ចូល​រួម​កាន់​តែ​ច្រើន»។ នេះ​បើ​យោង​តាម​សម្តី​របស់​លោកកាន់ ច័ន្ទមេត្តា​ ដែល​បាន​ដក​ស្រង់​ចេញ​ពី​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពីស្ត្រី​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ឆ្នាំ​២០១៩។

កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ​ ​ស្ត្រីខ្មែរ​៣​រូប​ក្នុង​ចំណោម​៣០​រូប​ ​ដែល​បាន​ចូល​រួម​ប្រកួត​ប្រជែង​បាន​ទទួល​ពាន​រង្វាន់​ពី​កម្មវិធី​នេះ។ ជ័យលាភី​ទាំង​បី​នោះ ​គឺពាន​រង្វាន់​ស្រ្តី​ដែល​បាន​ចូលរួម​ជំរុញ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ ឬ​សហគមន៍បាន​ទៅ​លើ​កញ្ញាចន្ទ ពេញល័ក្ខ​ ​ពាន​រង្វាន់​វិស្វករ​ស្រ្តី​ជោគ​ជ័យ​ក្នុង​ជំនាញ​បច្ចេកវិទ្យា​បាន​ទៅ​លើ​អ្នកស្រីហ្វាត ស៊ីអែម​ ប្រធាន​ផ្នែក​រៀបចំ​គម្រោង​ទិន្នន័យ​ក្នុង​ក្រុម​ហ៊ុន​ទូរ​គមនាគមន៍​ ​និង​ពាន​រង្វាន់​សហគ្រិន​ស្ត្រីឆ្នើម​ក្នុង​វិស័យ​បច្ចេក​វិទ្យាកញ្ញា ​ឡុង លក្ខិណា​ ​ស្ថាបនិក​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន«ជូន​អ្នក»។​

កញ្ញាស្រ៊ុន សុវណ្ណ​ ​ដែល​ជា​នាយិកាប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​បច្ចេក​វិទ្យា​អប់រំ​មួយ​ឈ្មោះ​ Edemy ​បាន​និយាយ​ថា​ កម្មវិធីនេះ​ជា​ដំណោះស្រាយ​ចំពោះ​វត្តមាន​ដ៏​តិច​តួច​នៃ​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដែល​កំពុង​មាន​សក្ដានុ​ពល​នេះ។

«អ៊ីចឹងបើយើង​មាន​កម្មវិធី ដែល​ឆ្លុះ​បង្ហាញ​ពី​សមិទ្ធផល​របស់​ស្ត្រី អា​ហ្នឹង​ វា​អាច​ជួយ​ឲ្យ​ខាង​អ្នក​ផ្សេង​ហ្នឹង​មើល​ឃើញ​កាន់​តែ​ច្រើន ហើយ​នៅ​ពេល​ដែល​យើង​មាន​ការ​ឆ្លុះ​បញ្ចាំង​អ៊ីចឹង​ កាន់​តែ​ច្រើន វា​អាច​ជួយ​លើក​ទឹក​ចិត្ត​ស្ត្រី​ដទៃ​ទៀត​ ដែល​សព្វ​ថ្ងៃ​ហ្នឹង​គាត់​ធ្វើ​អី​បាន​ខ្លះ​ ពីព្រោះ​ពេល​ខ្លះ​ គាត់​អត់​មាន​ស្ត្រី​ដែល​ជា​គំរូ ដែល​គាត់​ដឹង​រឿងរ៉ាវ​របស់​គាត់ ​អ៊ីចឹងគាត់​អត់​ដឹង​ថា​ ​ស្ត្រី​អាច​ដើរ​ដល់​ណា​ទេ»។​

ក្រៅពី​ការ​ស្នើ​បេក្ខភាព​ស្ត្រី​ពី​សាធារណជន​ បេក្ខនារី​ក៏​អាច​ស្នើ​បេក្ខភាព​ផ្ទាល់​ខ្លួន​បាន​ដែរ។​ ប៉ុន្តែ​បេក្ខ​នារី ​ដែល​ចូលរួម​ប្រកួតយក​រង្វាន់​ទាំង​៥​ប្រភេទ​នេះ​ត្រូវ​មាន​ភាព​ជា​អ្នក​ដឹក​នាំនិង​មាន​សក្កានុពល​បច្ចេកវិទ្យា។​ ពួក​គេ​ក៏​អាច​ប្រើប្រាស់​ជំនាញ​របស់​ពួក​គេ​ដើម្បី​បម្រើ​ការ​ក្នុង​ស្ថាប័ន​អាជីព ​និងសហគមន៍​របស់​ពួក​គេរហូត​មក​ដល់​បច្ចុប្បន្ន​នេះ។​

បេក្ខនារី​កម្ពុជា​ទាំងអស់​មាន​សិទ្ធិ​ចូល​រួម​ប្រកួត​ក្នុង​កម្ម​វិធី​នេះ ហើយ​អ្នក​ចូលរួម​តម្រូវ​ឲ្យ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ចំណាយ​ពេល​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ស្វះ​ស្វែងរក​ដំណោះ​ស្រាយ​ក្នុង​វិស័យ​ណា​មួយ​នៃ​បច្ចេកវិទ្យា​សម្រាប់​យក​មក​បម្រើ​ផល​ប្រយោជន៍​សង្គម​កម្ពុជា​ជា​រួម៕

XS
SM
MD
LG