ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​បោះ​ជំរុំ​បច្ចេក​វិទ្យា ICTដំបូង​បង្អស់​នៅ​សប្តាហ៍​ក្រោយ


សេចក្តីប្រកាស​អំពីព្រឹត្តិការណ៍ ICT Camp ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តិធ្វើឡើង​នៅខេត្តសៀមរាប។ (រូបថតពីទំព័រហ្វេសប៊ុក Cambodia ICT Camp)

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​[កម្ពុជា]​ ដែល​ជា​ភាសា​អង់គ្លេស​ថា​ ​Open Development Cambodia​ ​បាន​បង្កើត​ការ​បោះ​ជំរុំ​បច្ចេកវិទ្យា ​ICT​ ​លើក​ដំបូង​បង្អស់​ក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​លើក​កម្ពស់​ចំណេះ​ដឹង​ផ្តោត​ទៅ​លើសុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ិនធើណេត​ ​ទិន្នន័យ​បើក​ទូលាយ​ដើម្បី​ការ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព​ ​គំនិត​ច្នៃ​ប្រតិដ្ឋ​ទាក់​ទង​នឹង​រឿង​សង្គម​ ​និង​កម្មវិធី​បើក​ចំហ។​

ការ​បោះ​ជំរុំ​បច្ចេកវិទ្យា​ ​ICT​ ​លើក​ដំបូង​នេះមាន​រយៈពេល​៥​ថ្ងៃ​ ​ចាប់​ពី​ថ្ងៃ​ទី១៧​ ​រហូត​ដល់​ថ្ងៃ​ទី២១ ខែ​ធ្នូ​នៅ​ខេត្ត​សៀមរាប។​

លោក​ធី ទ្រី​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ Open Development Cambodia​ ​និង​អ្នក​តំណាង​ការ​បោះ​ជំរុំ​ បាន​ប្រាប់​ ​VOA ​ខ្មែរ​ថា​ ​ក្រុម​ការងារ​បាន​ខិតខំ​ប្រឹង​ប្រែង​ យ៉ាង​ខ្លាំង​ដើម្បី​ស្វែង​រកប្រធាន​បទ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ចូល​រួមនៅ​ក្នុង​ប្រទេស​កម្ពុជា។​ ​ហើយ​ប្រធាន​បទ​នៃ​ការ​បោះ​ជំរុំ​នេះ​ត្រូវឆ្លង​កាត់​ច្រើន​ដំណាក់​ការ​ដើម្បី​ទទួល​បាន​ការ​ទទួល​ការ​យល់ព្រម​ពី​អ្នក​ពាក់​ព័ន្ធ​នឹង​ជំរុំ​នេះ។

អ្នក​ចូលរួម​នៃ​ជំរុំ​បច្ចេកវិទ្យា ICT Camp​ ​មក​ពី​វិស័យ​ផ្សេងៗ​គ្នា​ទំាងអស់​ ​ត្រូវ​បាន​បណ្តុះ​បណ្តាល​អំពី​របៀប​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ​និង​មាន​សុវត្ថិភាព​បំផុត។​ ​ក្រៅ​ពីនេះ​ពួក​គេ​ទាំងអស់​នឹង​ទទួល​បានការ​បង្រៀន​ទាក់ទង​នឹង​បច្ចេកវិទ្យា​ទំនើប​ ដែល​ពួក​គេ​អាច​យក​ទៅ​អនុវត្ត​នៅ​ក្នុង​ក្រុមហ៊ុន​ ឬ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​មុន។

«ហើយ​សម្រាប់ Camp​ ​(ការ​បោះ​ជំរុំ)​ ​ដែល​យើង​គ្រោង​ធ្វើ​ខែ​១២​ យើង​មាន​ជា​យើង​ហៅថា ​ លុយ​កញ្ចប់​ថរិកា​តូច​មួយ​សម្រាប់​អ្នក​ចូលរួម​ទាំងអស់​ដែល​គាត់​មាន​គំនិត​ច្នៃប្រតិដ្ឋ​ល្អ​ហើយ​គាត់​ចង់ ​ឬ​គាត់​មាន​បញ្ហា​ ប៉ុន្តែ​គាត់អត់​ដឹង​ថា​ បច្ចេក​វិទ្យា​ដោះ​ស្រាយ​យ៉ាង​មេច។​ អ៊ីចឹងគាត់​អាច​ទៅ​ជាមួយ​អ្នករៀបចំ​កម្មវិធី​ ឬ​អ្នក​ជំនាញ។ អ៊ីចឹង​គាត់​អាច​បង្កើត​ជា ​project ​(គម្រោង)។ ​អ៊ីចឹង​យើង​ឲ្យរង្វាន់​សម្រាប់ពួក​គាត់​អនុវត្ត​ទៅ​លើ​គម្រោង​របស់​គាត់សាកល្បង​៣​ខែ​ បន្ទាប់​ពី​កម្មវិធី​ជំរុំ​បច្ចេកវិទ្យា ICT Camp​ នឹង​ចប់។ ​មិន​មាន​ន័យ​ថា​ រៀន​ដើម្បី​ជជែក ​ប៉ុន្តែ​បើ​អាច​រៀន​ទៅ​លើអី ​ហើយ​គាត់​អាច​យក​អា​ហ្នឹង​ទេ?»

លោក​ធី ទ្រី​ ​តំណាង​សមាជិក​រៀបចំ​នៃ​ជំរុំ ICT​ នេះ​ ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា ​ជំរុំ​បច្ចេកវិទ្យា​ ​ICT ​ដំបូង​របស់​កម្ពុជា​ផ្តល់​នូវ​ការ​យល់​ដឹង​ពិសេស​ដល់​ប្រជាជន​កម្ពុជា។​ ​ក្រៅ​ពី​ទទួល​បាន​ចំណេះ​ដឹង​ទាក់ទង​នឹង​បច្ចេកវិទ្យា​ថ្មី ​ដូច​ដែល​បាន​រៀបរាប់ ​ពួក​គេ​នឹង​ត្រូវ​បាន​ផ្តល់​កញ្ចប់​ថរិកា​បន្តិច​បន្តួច​ក្នុង​ការ​ផ្តួច​ផ្តើម​គម្រោង​បច្ចេកវិទ្យា​ដើម្បី​ផ្សព្វ​ផ្សាយ​ចំណេះ​ដឹង​បន្ថែម។​

ក្នុង​នាម​ជា​វាគ្មិន​ដែល​បកស្រាយ​ប្រធាន​បទ​អំពី​«គម្រោង​ជំរុំ​បច្ចេកវិទ្យា​ ​ICTD ​(Information Communication Technology for Development)​ ​លោក​ម៉ក់ ពុទ្ធា ​បាន​លើក​ឡើង​ថា​ សុន្ទរកថា​នេះ​នឹង​បង្ហាញ​អំពី​សារៈសំខាន់​នៃ​បច្ចេក​វិទ្យា​នៅ​ក្នុង​អង្គការ​ផ្សេងៗ​គ្នា។​

«ជារួម ​Session​ ​(វគ្គ)​ខ្ញុំនឹង​ ​វាគ្រាន់​តែ​បង្ហាញ​អំពី​តើ​មាន​ Project ​(គម្រោង)​ ដែល​គេ​អាច​ប្រើ​ប្រាស់​ ​Technology​ ​(បច្ចេកវិទ្យា)​ ​នៅក្នុង​ Section​ ​(វិស័យ)​ ​គេ។​ ​នៅ​ក្នុង​ Sector Education​ ​(វិស័យ​អប់រំ)​ ​វា​មាន ​Project ​(គម្រោង) ​ដែល​ link (ពាក់​ព័ន្ធ)​ជាមួយ​ជំរុំ​បច្ចេកវិទ្យា ​ICTD​ នៅ​កន្លែង​ណា​គេ​អនុវត្ត ​ហើយ ​Technology ​(បច្ចេកវិទ្យា) ​គេ​ប្រើ​ធ្វើ​ទៅ​លើ​រឿង​អី។​ ​អ៊ីចឹង​បើ​គាត់​ចង់​ប្រើ​ប្រាស់ ​Technology ​(បច្ចេក​វិទ្យា)​ហ្នឹង​ដែរ ហើយ​គាត់​អាច​មាន​អ្នក​បច្ចេកទេស ​យ៉ាង​ហោច​ណាស់​ដឹង​ពី​ Networking។ ​គាត់​អាច​ ​go channel ​អ៊ីចឹង​ទៅ​ ​talk​ ​(និយាយ)​ ​ជា​មួយ​អង្គ​ការ​ហ្នឹង។​ តើ​ខ្ញុំ​អាច​ ​expand​ ​(ពង្រីក)​នឹង​ប្រើ​បាន?»​

ចំណែក​នាង​ឡាយ គឹមជូ​ ​អ្នក​ស្ម័គ្រ​ចិត្ត​វ័យ​ជាង​២០​ឆ្នាំ ជឿជាក់​ថា​ ការ​ស្ម័គ្រ​ចិត្ត​សម្រាប់​ជំរុំ​បច្ចេកវិទ្យា​ ​ICT​ ​បាន​ឱ្យ​នាង​ស្គាល់​ និង​ទំនាក់​ទំនង​ជាមួយ​មនុស្ស​កាន់​តែ​ច្រើន​ ​និង​ស្វែង​យល់​ពី​និន្នាការ​បច្ចេក​វិទ្យា​ថ្មី​ ដែល​នាង​អាច​អនុវត្ត​នៅ​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​របស់​នាង។​ ​នាង​គឹមជូ​នឹង​ស័្មគ្រ​ជាអ្នក​សម្រាប​សម្រួលក្នុង​ការ​បោះជំរុំ​ ICT​ ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​

«អ្វី​ដែល​ខ្ញុំ ​expect​ (រំពឹង​ទុក)​ គឺ​ខ្ញុំ​ចង់​រៀន​ពី ​Security ​(សុវត្ថិភាព)​ហ្នឹង​ព្រោះ​អី​ពេល​ខ្ញុំ​កាន់​ Page ​(ទំព័រ) ​ខ្ញុំ​ត្រូវ​ boost page អ៊ីចឹងត្រូវ​ ​pay ​(ចំណាយ)​ លុយ​តាម​ master ​card ​ឬ​visa អ៊ីចឹង​ណា។ ​អ៊ីចឹង​ខ្ញុំ​ដឹង​ថា​ ធ្វើ​ម៉េច ​ការ​ pay​(ចំណាយ) ​លុយ​នឹង​កុំ​ឲ្យមាន​គេ ​គេ​លួច​លុយ​ដែល​យើង​ប្រើ​នេះ​បាន។​ អ៊ីចឹង​ខ្ញុំ​ចង់​ដឹង​ពី​ Speaker ​(វាគ្មិន)​ ថា ​គាត់​មាន​វិធីសាស្ត្រ​អីដែល​ការពា​របាន។​ ការ​រំពឹង​ទុក​របស់​ខ្ញុំ​គឺ​ខ្ញុំ​ចង់រៀន​អំពី​សុវត្ថិភាព។​ ​នៅ​ពេល​ខ្ញុំ​គ្រប់គ្រង​ទំព័រ​លើ​ហ្វេសប៊ុក​ ខ្ញុំ​ចាំបាច់​ត្រូវ​ចំណាយ​លុយ​តាម​រយៈ​ប័ណ្ណ​មេ​ ឬ​ប័ណ្ណ​សម្គាល់​ខ្លួន។ ​ហេតុ​ដូច្នេះ​ហើយ​ខ្ញុំចង់​ដឹង​ពីរបៀប​ការពារ​ប្រាក់​ពីការ​លួច​ ​ដូច្នេះ​ខ្ញុំ​ចង់​ដឹង​ពី​វាគ្មិន​អំពី​របៀប​ដែល​ពួក​គេដោះ​ស្រាយ​រឿង​នេះ»។​

លោក​ផុស សុវណ្ណ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ បាន​ផ្តល់​ការ​ពេញ​ចិត្ត​និង​គាំទ្រ​ដល់​ការ​បោះ​ជំរុំ ​ហើយ​ជឿជាក់​ថា​ ជំរុំ​នេះ​នឹងក្លាយ​ជា​ធនធាន​ដ៏​ល្អ​សម្រាប់​ប្រជា​ពលរដ្ឋរបស់​យើង​ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នៅ​ក្នុង​សង្គម​ទំនើប​នេះ។​

លោកនិយាយ​ថា៖​

«ពេល​នេះ​អ្នក​ណា​ក៏​ធ្វើ​ការងារ​មួយ​ចំនួន​ទាក់ទង​នឹង​ ​Technology​ ​ហ្នឹង​ដែរ។​ ​ប្រសិន​បើ​មាន​ការ​អប់រំ ​ការ​ដឹងឮ ​មាន​ទ្រឹស្តី​អ៊ីចឹង​ ​វា​អាច​អ្នក​ទាំងអស់​នោះ​បាន​ចូលរួម​ ​បាន​ដឹង​ច្រើន»។​

ការ​បោះ​ជំរុំ​ ICT​ កម្ពុជា​មាន​ដើម​កំណើត​មក​ពី​ ​Camp ICT​ ​ដែល​តែង​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​ទីក្រុង​បាងកក​សម្រាប់​អ្នក​ចូលរួម​មក​ពី​តំបន់​មេ​គង្គ​តាំង​ពី​ឆ្នាំ​២០០៨។​ ហើយ​ការបោះ​ជំរុំ​កើត​ឡើង​ជារៀងរាល់​ឆ្នាំ​ក្នុង​គោល​បំណង​អប់រំ​មនុស្ស​ឱ្យបាន​ដឹង​អំពី​សារៈសំខាន់​និង​ការប្រើប្រាស់​បច្ចេក​វិទ្យា។ ​

នេះ​គឺ​ជា​ឆ្នាំ​ទីមួយ​ហើយ​ដែល​កម្មវិធី​ជំរុំ​បច្ចេកវិទ្យា​ ​ICT​ កម្ពុជា​ប្រព្រឹត្ត​ក្នុង​ខេត្ត​សៀមរាម​ ​ប្រទេស​កម្ពុជា​ ចាប់​ពី​ថ្ងៃទី១៧​រហូត​ដល់​ថ្ងៃ​ទី​២១​ខែ​ធ្នូ។​ ​ហើយ​ការបោះ​ជំរុំ​មាន​មនុស្ស​ជាង​១០០នាក់​ចូលរួម​និង​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ពី​វាគ្មិន​មាន​បទ​ពិសោធន៍​និង​សក្ដានុភាព​លើ​ប្រធាន​បទ​ផ្សេងៗ​គ្នា៕

XS
SM
MD
LG