អ្នកជំនាញបច្ចេកវិទ្យា និងបណ្តាញសង្គម លោក Nile Nickel និយាយថា បញ្ហានេះ មើលទៅដូចជាធ្ងន់ធ្ងរណាស់។
លោកបាននិយាយថា៖ «បើគ្រាន់តែយកទូរស័ព្ទដៃ ឬម៉ាស៊ីនគិតលេខស្តង់ដារខ្ពស់មកតាមខ្លួននោះគ្រប់គ្រាន់ហើយ ព្រោះឧបករណ៍ទាំងនេះអាចស្តុកព័ត៌មានជាច្រើន។ យើងនៅមានរបស់ផ្សេងទៀតដូចជា Google Glass និងកែវប្លាស្ទិចពាក់ជំនួសវ៉ែនតាវៃឆ្លាត ដែលអាចប្រើសម្រាប់ថតវីដេអូ និងបញ្ជូនវីដេអូនោះទៅកន្លែងស្តុកផ្សេងដូចជានាឡិកាវៃឆ្លាត ដែលពួកគេអាចរកមើលចម្លើយបានដោយគ្រាន់តែមើលនាឡិកាដៃ»។
ក្នុងឆ្នាំនេះ សិស្សានុសិស្សថៃមួយចំនួនត្រូវបានគេចាប់នៅពេលប្រើប្រាស់មធ្យោបាយនេះដើម្បីលួចចម្លងក្នុងការប្រឡងចូលវិទ្យាស្ថានវេជ្ជសាស្រ្តលំដាប់ខ្ពស់មួយ។
ឧបករណ៍បច្ចេកវិទ្យាទំនើបផ្សេងទៀតដែលអាចជួយក្នុងការលួចចម្លង មានដូចជានាឡិកាមួយប្រភេទដែលគ្មានរូបសញ្ញាអ្វីនៅលើកញ្ចក់នាឡិកាឡើយ។ ប៉ុន្តែពេលអ្នកពាក់វ៉ែនតាពិសេសម្យ៉ាងដែលជាគូនឹងនាឡិកានោះ អ្នកនឹងអាចមើលឃើញទិន្នន័យ និងខ្លឹមសារដែលត្រូវបានដាក់បញ្ចូល នៅលើកញ្ចក់នាឡិកា។
លោកបាននិយាយថា៖ «អ្នកនៅមានឧបករណ៍ប៊ូធូ (Blue Tooth)។ ពួកគេប្រើប្រាស់ភ្លេងរោទិ៍ទូរស័ព្ទដែលមានហ្វ្រេកង់ខ្ពស់ ហើយមានតែយុវវ័យអាចស្តាប់លឺបាន។ តាមពិតទៅប្រសិនបើអ្នកមានអាយុលើសពី៣០ឆ្នាំ ដូចជាអាយុ៣៥ឆ្នាំ អ្នកស្តាប់មិនលឺបទភ្លេងនេះទេ។ ដូចនេះ ពួកគេអាចទទួលទូរស័ព្ទ ដោយគ្មាននរណាដឹងថាពួកគេកំពុងនិយាយទូរស័ព្ទទេ។ ហើយពួកគេមិនបាននិយាយទេ ពួកគេគឺគ្រាន់តែស្តាប់ចម្លើយតែប៉ុណ្ណោះ»។
លោកបានបន្តថា៖ «មានមូលហេតុមួយដែលក្មេងៗទាំងនេះលួចចម្លង»។
លោកស្រី Denise Pope ជាគ្រូបង្រៀនជាន់ខ្ពស់នៅសាកលវិទ្យាល័យ Stanford និងជាស្ថាបនិកនៃអង្គការ Challenge Success ដែលជាអង្គការដែលធ្វើការជាមួយសាលារៀន និងក្រុមគួ្រសារដើម្បីលើកកម្ពស់សុខុមាលភាពរបស់សិស្សានុសិស្ស និងការចូលរួមក្នុងការសិក្សា។
លោកស្រីនិយាយថា ការលួចចម្លងជារោគសញ្ញាមួយនៃបញ្ហាមួយទៀតដែលធំជាងនេះ។
លោកស្រីបាននិយាយថា៖ «មិនមែនក្មេងៗដែលអ្នកគិត សុទ្ធតែលួចចម្លងនោះទេ។ ក្មេងៗដែលរៀនពូកែក្នុងសាលា ពួកគេក៏នៅតែលួចចម្លងដែរ ព្រោះពួកគេត្រូវតែរក្សាចំណាត់ថ្នាក់របស់ពួកគេ។ ពួកគេដាក់សម្ពាធខ្លួនឯងថាត្រូវការរក្សាចំណាត់ថ្នាក់(GPA)ឲ្យខ្ពស់ដដែល។ ដូចនេះ ក្មេងៗជាច្រើនអាចនិយាយថា មានកិច្ចការច្រើនពេក និងពេលវេលាតិចពេកសម្រាប់ធ្វើ។ ក្មេងខ្លះ អាចនិយាយថា ពួកគេត្រូវតែធ្វើបែបនេះ ព្រោះគេរាល់គ្នាសុទ្ធតែលួចចម្លង ហើយបើគេមិនលួចចម្លងដែរទេ គេនឹងត្រូវពិន័យដោយសារមិនលួចចម្លង»។
ដើម្បីប្រយុទ្ធប្រឆាំងនឹងការលួចចម្លងក្នុងយុគសម័យបច្ចេកវិទ្យាវៃឆ្លាតនេះ ស្ថាប័នអប់រំកំពុងតែរៀបចំយុទ្ធសាស្រ្តថ្មីៗ ដែលមានចាប់ពី ការហាមឃាត់យកឧបករណ៍ទាំងនេះចូលក្នុងបន្ទប់ប្រឡង រហូតដល់ការចាប់រលកអាកាសវិទ្យុផងដែរ។ ប៉ុន្តែអ្នកគ្រូ Pope និយាយថា ការលើកកម្ពស់គុណភាពការសិក្សានិងដំណើរការប្រឡង នឹងអាចធ្វើឲ្យមានប្រសិទ្ធភាពកាន់តែល្អ។
អ្នកគ្រូ Pope បាននិយាយថា៖ «អ្វីដែលគួរធ្វើជាជាងការរត់តាមបញ្ហា គឺត្រូវដើរពីមុខបញ្ហាវិញ។ ខ្ញុំមានន័យថា គឺត្រូវបង្កើតវិញ្ញាសាដែលស្ទើរតែមិនអាចលួចចម្លងបាន។ ខ្ញុំនឹងឲ្យឧទាហរណ៍ខ្លះៗ ដូចជា ឲ្យក្មេងៗប្រគល់ពង្រាងពីរបីច្បាប់នៃតែងសេចក្តី ឬគម្រោងរបស់ពួកគេ។ ដូចនេះ អ្នកអាចដឹងថា វាជាកិច្ចការផ្ទះរបស់ពួកគេផ្ទាល់ ហើយយើងអាចឲ្យមិតិត្រឡប់ និងការវិភាគដល់ពួកគេវិញ។ យ៉ាងណាក៏ដោយ នេះគ្រាន់តែជាការបង្រៀនឲ្យមានលក្ខណៈប្រសើរជាងមុន មិនមែនគ្រាន់តែគិតថាឈប់បង្រៀនទេ ប៉ុន្តែគឺត្រូវមានវិធីបង្រៀនឲ្យប្រសើរជាងមុន។ ដូច្នេះនៅពេលប្រឡង និងដាក់ពិន្ទុកិច្ចការប្រឡងរបស់សិស្ស សិស្សនឹងពិបាកបន្លំលើអ្វីដែលយើងហៅថាការដាក់ពិន្ទុទៅលើសំណេរចម្លើយ ដែលសិស្សត្រូវសរសេរចម្លើយជាជាងការគូររង្វង់លើចម្លើយ។ ការគូររង្វង់លើចម្លើយ ជាប្រភេទចម្លើយដែលងាយស្រួលលួចចម្លង ឬបន្លំណាស់ ហើយអ្នកមិនដឹងថា ក្មេងៗទាំងនោះធ្វើដោយខ្លួនឯង ឬទាយ ឬចម្លងពីអ្នកអង្គុយជិតនោះទេ»។
ការអញ្ជើញលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងឪពុកម្តាយសិស្ស មកពិភាក្សាលើបញ្ហានេះដោយបើកចំហអាចជាដំណោះស្រាយមួយផ្នែកដែរ។ អ្នកស្រាវជ្រាវមួយរូប ឈ្មោះ Denise Pope និយាយថាការចូលរួមពីសិស្ស និងការសង្កត់ធ្ងន់ទៅលើស្តង់ដារខ្ពស់នៃការស្មោះត្រង់អាចជាចំនុចសំខាន់ក្នុងការបង្ការការលួចចម្លង៕
ប្រែសម្រួលដោយ វិញ សុជាតា