កំណត់និពន្ធ៖ ជាទូទៅប្រជាពលរដ្ឋកម្ពុជាមិនសូវចូលចិត្តអានសៀវភៅទេ ដោយសាតែទម្លាប់ និងការអប់រំជាដើម។ ក៏ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកជំនាញក្នុងការសរសេរនិងបណ្ណារក្សជាច្រើន បានជួយជំរុញឲ្យមានការអាន បន្ថែមទៀតក្នុងប្រទេសកម្ពុជា។ កាលពីសប្ដាហ៍មុន លោកស្រី Nancy Pearl អ្នកជំនាញផ្នែកអំណានពីសហរដ្ឋអាមេរិក ដែលបានបម្រើការជាបណ្ណារក្សជាច្រើនឆ្នាំ និងជាជ័យ លាភីនៃពានរង្វាន់ Women's National Book Award ផងនោះ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីជំរុញការអានក្នុងប្រទេសកំពុងអភិវឌ្ឍមួយនេះ។ លោក ណឹម សុភ័ក្រ្តបញ្ញា នៃ VOA បានជួបសម្ភាសន៍ផ្ទាល់ជាមួយលោកស្រី Nancy Pearl អំពីសារៈសំខាន់នៃការអានសៀវភៅ និងការជំរុញឲ្យមានការអានឲ្យបានច្រើននៅប្រទេសកម្ពុជា។ សូមលោកអ្នក ស្តាប់បទសម្ភាសន៍ផ្ដាច់មុខរវាង VOA និងលោកស្រី Nancy Pearlនេះ ដូចតទៅ៖
VOA៖ ជម្រាបសួរលោកស្រី Nancy!
Nancy៖ ជម្រាបសួរ!
VOA៖ សំណួរដំបូង គឺថា តើការអានសៀវភៅមានអត្ថប្រយោជន៍អ្វីខ្លះដល់អ្នកអាន?
Nancy៖ ខ្ញុំគិតថា អត្ថប្រយោជន៍នៃការអានគឺធ្វើឲ្យយើងសប្បាយរីករាយ។ ការអាន គឺជាវិធីដ៏អស្ចារ្យនៃការចំណាយពេលវេលារបស់មនុស្ស។ លើសពីនេះទៀត ខ្ញុំគិតថា អត្ថប្រយោជន៍នៃការអាន គឺយើងកាន់តែអាន យើងកាន់តែក្លាយជាបុគ្គលប្រសើរម្នាក់។ ខ្ញុំអាចនិយាយថាខ្លួនខ្ញុំផ្ទាល់ជាបុគ្គលទុទ្ទិដ្ឋិនិយម ពីព្រោះអ្វីទាំងអស់សុទ្ធតែអាក្រក់បំផុតក្នុងជីវិតរបស់ខ្ញុំ លើកលែងតែការអានមួយចេញ។ ការជក់ចិត្តអាន ការចែករំលែកសៀវភៅទូទាំងសាកល និងការចែករំលែកសៀវភៅជាមួយមនុស្សផ្សេងទៀត នឹងនាំមកនូវសន្តិភាពជូនពិភពលោក។
VOA៖ តើលោកស្រីគិតថា ប្រជាជនកម្ពុជាអានសៀវភៅច្រើនដែរឬទេ?
Nancy៖ ខ្ញុំយល់ឃើញថា ប្រជាជនកម្ពុជាភាគច្រើនណាស់មិនអាន។ ក្នុងរយៈពេលមួយសប្ដាហ៍នេះនៅប្រទេសកម្ពុជា សំណាងដែរខ្ញុំបានជួបមនុស្សដែលចូលចិត្តអាន ដូចជាក្មេងៗដែលមានចិត្តចូលចិត្តអាន និងមនុស្សធំដែលចេះជំរុញឲ្យមានការអាន។ ប៉ុន្តែជារួម ខ្ញុំអាចនិយាយបានថា ខ្ញុំមិនទាន់មើលឃើញថាកម្ពុជាមានវប្បធម៌នៃការអាននៅឡើយទេ។
VOA៖ ហេតុអ្វីបានជាលោកស្រីជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាអានឲ្យបានច្រើន? ហើយតាមរយៈវិធីណាដែរ?
Nancy៖ សម្រាប់សំណួរនេះ ខ្ញុំគិតដូចហេតុផលមុនអញ្ចឹង គឺខ្ញុំចង់លើកទឹកចិត្តឲ្យមនុស្សទាំងអស់អានឲ្យបានច្រើន។ ប្រសិនបើយើងអានកាន់តែច្រើន ក្តីករុណា និងការយោគយល់របស់យើងកាន់តែមានច្រើនចំពោះមនុស្សដទៃទៀត។ ការយោគយល់គ្នានេះ គឺវាចាំបាច់ណាស់ដើម្បីធ្វើឲ្យពិភពលោកកាន់តែប្រសើរឡើង។ បើមិនបានដល់កម្រិតហ្នឹងទេ ខ្ញុំគិតថា មានសៀវភៅជាច្រើនដែលប្រជាជនកម្ពុជាមានក្ដីសប្បាយរីករាយក្នុងការកាន់យកមកអាន។ ហេតុដូច្នេះហើយ ខ្ញុំគិតថា ការអានសៀវភៅ គឺជាការកម្សាន្តដ៏ពិតប្រាកដមួយ។ ការអានសៀវភៅ គឺមានអត្ថប្រយោជន៍ក្រៃលែង។
VOA៖ តើការអានអាចធ្វើឲ្យសង្គមប្រែប្រួលដែរឬទេ? ប្រសិនជាអាច តើតាមបែបណាដែរ?
Nancy៖ នេះជាសំណួរល្អ។ ខ្ញុំគិតថា ការអានអាចធ្វើឲ្យសង្គមប្រែប្រួល បើទោះជាវាមិនមែនទៅលើផ្នែកមួយជាក់លាក់នៃសង្គម ដូចប្រព័ន្ធរដ្ឋសភា ឬអ្វីផ្សេងទៀតក៏ដោយក្តី។ ខ្ញុំមិនគិតថា ការអានគឺសម្រាប់ហេតុផលដូច្នេះឡើយ។ ប៉ុន្តែខ្ញុំគិតថា ការអានអាចធ្វើឲ្យសង្គមប្រែប្រួល គឺធ្វើឲ្យមនុស្សមានគំនិតទូលំទូលាយ និងយល់ដឹងថាពិភពលោកនេះធំទូលាយណាស់ ហើយមនុស្សយើងគ្រាន់តែជាផ្នែកតូចនៃពិភពលោកតែប៉ុណ្ណោះ។ មនុស្សយើងមានជំនឿ និងអារម្មណ៍ខុសៗគ្នា ប៉ុន្តែយើងមានអ្វីផ្សេងទៀតច្រើនណាស់ដូចគ្នា។ នេះហើយ គឺជាអ្វីដែលការអានអាចធ្វើឲ្យយើងដឹង។
VOA៖ ប្រសិនបើសង្គមមួយមិនជំរុញដល់ការអានច្រើននោះ តើសង្គមនោះនឹងក្លាយទៅជាសង្គមបែបណាវិញ?
Nancy៖ ខ្ញុំគិតថា ប្រសិនបើសង្គមមួយមិនលើកទឹកចិត្តដល់ការអាន សង្គមនោះនឹងបាត់បង់ភាពជាមនុស្សជាតិ។ ពីព្រោះខ្ញុំគិតថា សង្គមដែលចូលចិត្តការអាន គឺជាសង្គមដែលបណ្ដុះនូវការចេះមើលថែទាំគ្នាពីមនុស្សម្នាក់ទៅម្នាក់ទៀត និងចេះឈឺឆ្អាលរឿងរ៉ាវអ្នកដទៃដែលនៅពិភពឆ្ងាយពីខ្លួន។ ខ្ញុំគិតថា សង្គមមួយដែលមិនចូលចិត្តអាន ដូចគ្នានឹងបុគ្គលដែលមិនចូលចិត្តអានដែរ វាគឺជារឿងគួរឲ្យសោកស្ដាយណាស់ពីព្រោះសង្គម និងបុគ្គលនោះបាត់បង់អ្វីនូវអ្វីដែលពួកគេគួរនឹងបាន ប៉ុន្តែបែរជាមិនបានទៅវិញ។
VOA៖ ខ្ញុំចង់សាកសួរបន្តិចទៀតអំពីសេរីភាពនៃការអាន។ តើសេរីភាពនៃការអានគួរមានក្នុងកម្រិតប៉ុណ្ណាដែរ?
Nancy៖ រឿងនេះ គឺជាបញ្ហាមួយដែលយើងកំពុងប្រឈមមុខនៅសហរដ្ឋអាមេរិក។ នៅសហរដ្ឋអាមេរិក រឿងសៀវភៅ គឺមានបញ្ហាជារឿយៗ។ នៅពេលនរណាម្នាក់មើលឃើញថាសៀវភៅណាមួយក្នុងបណ្ណាល័យដែលពួកគេមិនយល់ស្របតាម ពួកគេចង់ឲ្យគេដកសៀវភៅនោះចេញពីបណ្ណាល័យ។ ជាដំណោះស្រាយ ជារឿយៗសៀវភៅទាំងអស់នោះមិនត្រូវបានគេដកចេញឡើយ ពីព្រោះបណ្ណាល័យជាកន្លែងដែលផ្ទុកសៀវភៅគ្រប់ផ្នែកទាំងអស់។ បណ្ណាល័យ មិនមែនជាកន្លែងសម្រាប់តែគំនិតយោបល់មួយនោះទេ។ វាជាកន្លែងដែលអ្នកមានគំនិតយោបល់ខុសផ្សេងៗគ្នា រាប់ទាំងគំនិតដែលមិនប្រជាប្រិយក៏ត្រូវតែមានដែរ។
VOA៖ ពិតណាស់។ បើយើងនិយាយអំពីវិស័យអប់រំ តើលោកស្រីគិតថារដ្ឋាភិបាលអាចដើរតួនាទីសំខាន់បែបណាក្នុងការជំរុញប្រជាពលរដ្ឋរបស់ខ្លួនអានឲ្យបានច្រើន?
Nancy៖ រឿងមួយដែលសហរដ្ឋអាមេរិកធ្វើបានល្អបំផុតនោះ គឺនៅដើមឆ្នាំ១៩០០ សហរដ្ឋអាមេរិក មានបុរសម្នាក់ឈ្មោះ Andrew Carnegie។ គាត់ជាមនុស្សមានទ្រព្យសម្បត្តិស្តុកស្ដម្ភ និងបានចំណាយលុយរបស់គាត់សាងសង់បណ្ណាល័យជាច្រើននៅតាមទីក្រុងនានានៅជុំវិញសហរដ្ឋអាមេរិក និងនៅតាមបណ្ដាប្រទេសផ្សេងៗទៀត ដូចជាបណ្ណាល័យ Carnegie នៅប្រទេសអង់គ្លេសជាដើម។ អំណោយជាបណ្ណាល័យដែលលោកបានផ្ទល់ជូននៅតាមទីក្រុងនានា គឺមានដាក់លក្ខខណ្ឌថា បណ្ណាល័យទាំងនោះត្រូវជាបណ្ណាល័យដែលមានពោរពេញដោយសៀវភៅ។ បន្ថែមពីលើនេះទៀត បើមានបុគ្គលដែលចេះគ្រប់គ្រងបណ្ណាល័យ នោះវាកាន់តែអស្ចារ្យ។ ខ្ញុំគិតថា សូម្បីតែនៅសហរដ្ឋអាមេរិក មានការជជែកគ្នាច្រើនណាស់អំពីមូលហេតុដែលយើងត្រូវការបណ្ណាល័យ។ បន្ថែមពីលើនេះ មនុស្សមានការជឿជាក់ទៅលើសារៈសំខាន់នៃបណ្ណាល័យសម្រាប់លទ្ធិប្រជាធិបតេយ្យ និងសម្រាប់ការសិក្សារៀនសូត្រពីពិភពលោក។ បណ្ណាល័យនៅសហរដ្ឋអាមេរិក ត្រូវបានគេស្គាល់ថា ជាសាកលវិទ្យាល័យសម្រាប់ប្រជាជនទូទៅ។ មនុស្សដែលមិនអាចមានលទ្ធភាពទៅរៀននៅសាកលវិទ្យាល័យ ពួកគេអាចទៅបណ្ណាល័យសាធារណៈ និងរៀនសូត្រនៅទីនោះ។ ខ្ញុំគិតថា ប្រព័ន្ធបណ្ណាល័យសាធារណៈដែលមានលក្ខណៈរឹងម៉ាំបែបនេះ គឺចាំបាច់ណាស់សម្រាប់ប្រទេសដែលកំពុងរីកចម្រើនមួយ។
VOA៖ តើអ្វីដែលលោកស្រីនិយាយអំបាញ់មិញនេះ អាចអនុវត្តបានក្នុងបរិបទនៃប្រទេសកម្ពុជា ក្នុងកម្រិតណាដែរ?
Nancy៖ ខ្ញុំមិនដឹងច្បាស់គ្រប់គ្រាន់នៅឡើយអំពីកត្តាជាក់លាក់នៃនយោបាយ ឬរដ្ឋាភិបាលកម្ពុជាទេ។ ខ្ញុំសង្ឃឹមថា អ្នកនយោបាយអាចនឹងសម្លឹងមើលឲ្យឆ្ងាយដើម្បីយល់ពីតម្លៃនៃការអាន និងតម្លៃនៃប្រជាជនដែលចូលចិត្តអាន។ ទាំងនេះ គឺជាអ្វីដែលខ្ញុំចង់និយាយ។ ខ្ញុំចង់ឲ្យមានរូបភាពបែបនេះ គឺរាល់ពេលដែលទារកកើតនៅប្រទេសកម្ពុជា ទារកនោះទទួលបានអំណោយជាសៀវភៅមួយក្បាល។ ខ្ញុំមិនដឹងទេថាតើវាអាចទៅរួចដែរឬទេ ប៉ុន្តែខ្ញុំគិតថា វានឹងជាការផ្តួចផ្តើមដ៏អស្ចារ្យមួយក្នុងការបណ្ដុះគំនិតអំពីសារៈសំខាន់នៃការអាន។
VOA៖ ដូច្នេះសម្រាប់សំណួរចុងក្រោយរបស់ខ្ញុំគឺថា តើលោកស្រីគិតថាប្រជាជនសាមញ្ញគួរអានអ្វីដែរ?
Nancy៖ ខ្ញុំគិតថា ប្រជាជនសាមញ្ញគួរអានអ្វីក៏បានឲ្យតែពួកគាត់ចង់អាន។ ខ្ញុំគិតថា ប្រសិនបើប្រជាជនសាមញ្ញ ចង់អានប្រវត្តិសាស្ត្រ អំពីប្រវត្តិសាស្ត្រកម្ពុជា ឬបវត្តិសាស្ត្រនៃប្រទេសណាមួយ ពួកគាត់គួរអានចុះ។ ខ្ញុំគិតថា ប្រសិនបើប្រជាជនកម្ពុជា ចង់អានអ្វីដែលពាក់ព័ន្ធនឹងការស្រមើស្រមៃ សៀវភៅរឿងប្រឌិតវិទ្យាសាស្ត្រ និងសៀវភៅបែបស្រមើស្រមៃ ដូចជាសៀវភៅ Harry Potter ជាដើម ពួកគាត់គួរអានចុះ។ អាចនិយាយម្យ៉ាងទៀតថា ខ្ញុំមិនចង់ឲ្យមានការដាក់កម្រិតទៅលើអ្វីមនុស្សត្រូវអាននោះទេ។ ខ្ញុំនឹងមិននិយាយដាច់ខាតថា អ្នកត្រូវអាននេះ ឬត្រូវអាននោះឡើយ។ ប៉ុន្តែខ្ញុំអាចនិយាយថា ខ្ញុំចូលចិត្តសៀវភៅនេះ ហើយប្រហែលអ្នកចូលចិត្តសៀវភៅមួយនេះដែរ។
VOA៖ បាទសូមអរគុណលោកស្រី។
Nancy៖ មិនអីទេ៕