ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ទៀ បាញ់​ អំពាវនាវ​ឱ្យ​កងទ័ព​និង​គ្រួសារ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា


រូបឯកសារ៖ លោក​ ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ក្នុង​​​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦ នា​រាជធានីភ្នំពេញ។​អង្គការ​សង្គមស៊ីវិល សកម្មជន​បរិស្ថាន​រាប់​សិប​នាក់សម្ដែងការ​ព្រួយបារម្ភ​អំពី​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​។ (ឡេង ឡែន/VOA)

ខណៈ​ការ​បោះ​ឆ្នោត​នឹង​ត្រូវ​ធ្វើ​ឡើង​នាខែ​ក្រោយ​ដោយ​គ្មាន​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​លោក​ ទៀ បាញ់​ មេ​ទ័ព​ជាន់​ខ្ពស់​របស់​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​កង​ទ័ព​ទៅ​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន។​ អ្នក​ឃ្លាំ​មើល​សង្គម​លើក​ឡើង​ថា​ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ផ្ទុយ​ពី​ច្បាប់​​និង​ផ្ទុយ​ពី​អព្យាក្រឹត្យ​ភាព​របស់​កង​ទ័ព។

លោក​ ​ទៀ បាញ់​ ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ ​និង​ជា​មេ​ទ័ព​ជាន់​ខ្ពស់​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​អំពាវនាវ​ចំៗ​ជា​សាធារណៈ​ ​ឲ្យ​កង​ទ័ព​ ​និង​ក្រុម​គ្រួសារ​ទាំង​អស់​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ នៅ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃ​ទី​២៩ ​ខែ​កក្កដា​ខាង​មុខ។​

ថ្លែង​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​៣០ឆ្នាំ​នៃ​ការ​បង្កើត​យោធ​ភូមិ​ភាគទី៥​ ​នៅ​ខេត្ត​បាត់​ដំបង​ ​នៅ​ព្រឹក​ថ្ងៃ​ទី២៨​ ​ខែ​មិថុនា​ ​ឆ្នាំ​២០១៨នេះ​ ​លោក​រដ្ឋ​មន្រ្តីក្រសួង​ការពារ​ជាតិ​កម្ពុជា​ដែល​កាន់តំណែង​នេះ​រាប់​សិបឆ្នាំ​ ​បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖​

«ខ្ញុំ​សូម​រំឭក​ដល់​នាយ​ទាហាន​ ​នាយ​ទាហានរង​ ​ពលទាហាន​ ​ព្រម​ទាំង​ក្រុម​គ្រួសារ​ ​ប្តី​សី​ ​ប្រពន្ធ​ កូន ​ចៅ​ ​និង​បងប្អូន​ប្រជា​ពលរដ្ឋទាំង​អស់​ ​សូម​បំពេញកាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ ​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ​កុំបី​អាក់ខាន​ឡើយ ​និង​បោះ​ឆ្នោត​ជូន​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​មាន​លេខ​រៀង​ទី២០​ ​ងាយ​ចាំ​ ​ងាយ​គិត ​ងាយ​គូស​ ​ដើម្បី​រក្សា​នូវ​សន្តិភាព​ និង​ធានា​ដល់​ការ​អភិវឌ្ឍជាតិ​ជា​បន្ត​ទៀត»។​

ការ​ថ្លែង​អំពាវនាវ​ដូច្នោះ​របស់​លោក​ ​ទៀ បាញ់​ ​ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម​កម្ពុជា​ ​រិះគន់​ថា​ ជា​ការ​អំពាវ​នាវផ្ទុយ​នឹង​ច្បាប់​ ​និង​ផ្ទុយ​ពី​អព្យាក្រឹត្យ​ភាព​របស់​កង​ទ័ព។​

លោក​ ​មាស នី​ ​អ្នក​សិក្សា​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម ​និង​ជា​អ្នក​វិភាគ​នយោបាយ​ប្រាប់​ ​VOA​ ​ថា ​ការ​អំពាវនាវ​ឲ្យ​កង​ទ័ពបោះ​ឆ្នោត​ឲ្យ​គណ​បក្ស​នយោបាយ​ណា​មួយបែប​នេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ឯករាជ្យ​ភាព ​អព្យាក្រឹត្យ​ភាព​របស់​កង​ទ័ព​ ​ព្រម​ទាំង​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​នា​ចុង​ខែ​កក្កដា​ខាង​មុខ​កាន់​តែ​មាន​ភាព​តានតឹង។​

លោក​មាន​ប្រសាសន៍​ថា៖​

«វា​អាច​ឲ្យ​បាត់​នូវ​ឯករាជ្យ​ភាព​នៃ​កង​ទ័ពដែល​ជា​កង​ទ័ពរបស់​ជាតិ ​ហើយ​វា​ក្លាយ​ទៅ​ជា​កង​ទ័ពរបស់​គណ​បក្ស។ ​ហើយ​ដោយ​សារតែ​ការ​បោះ​ឆ្នោត​ក្នុង​ប្រទេស​ខ្មែរ​យើង​ វា​កំពុង​ស្ថិត​ក្នុង​ភាព​សង្ស័យ​ពី​សាធារណជន​ផង​ ​ពី​អន្តរជាតិ​ផង​ ​ដូច្នេះ​ការ​ថ្លែង​នេះ​ ​វា​នឹង​អាច​ធ្វើ​ឲ្យ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​កាន់​តែ​ស្មុគ​ស្មាញ​ថែម​ទៀត​ សម្រាប់​ការ​វាស់​វែង ​និង​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ»។​

កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦​ ​នៅ​ថ្ងៃ​ទី២៩​ ​ខែ​កក្កដា​ ឆ្នាំ​២០១៨​ ដោយ​មិន​មាន​វត្ត​មាន​របស់​គណ​បក្ស​សង្គ្រោះជាតិ ​ស្រប​ពេល​ដែល​ស្ថាប័ន​អន្តរជាតិធំៗ​មួយ​ចំនួន​បង្ហាញ​ក្តី​បារម្ភ​ថា ​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​ការ​ចូល​រួម​ពី​គណ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលា​ការ​កំពូល​រំលាយ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​នេះ​ នឹង​ក្លាយ​ជា​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​យុត្តិធម៌ ​និង​មិន​អាច​ទទួល​យក​បាន។​

លោក​ ​កង សាវាង្ស​ ​មន្រ្តី​សម្រប​សម្រួល​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​កាត់​ថា ខុមហ្វ្រែល ​លើក​ឡើង​ថា ​មេ​ដឹក​នាំកង​ទ័ព ​ឬ​មេ​ដឹក​នាំស្ថាប័ន​រដ្ឋ​ធំៗ ​គួរ​តែ​ធ្វើ​ជា​គម្រូ​ក្នុង​ការ​ថ្លែង​ពាក់​ព័ន្ធនឹង​ការ​បោះ​ឆ្នោត។ ​លោក​បន្ថែម​ថា​ ការ​ថ្លែង​របស់​លោក​ ​ទៀ បាញ់​ នឹង​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ការ​ចូល​រួម​ការ​បោះ​ឆ្នោត​កាន់​តែ​មាន​ភាព​មិន​ជឿទុក​ចិត្ត​ពី​ប្រជា​ពលរដ្ឋ។​

លោក​បញ្ជាក់​ថា៖​

«វា​ធ្វើ​ឲ្យ​រូបភាព​ប្រជា​ពលរដ្ឋមួយ​ ឬ​ក៏​គណ​បក្ស​ក្នុង​ការ​ចូល​រួម​ផ្សេងៗ​ទៀត​លោក​មាន​ការ​មិន​សប្បាយ​ចិត្ត​ ​ឬ​ក៏​គាត់​យល់​ឃើញ​ថា​ វា​អត់​ត្រឹម​ត្រូវ។​ ​អីចឹងធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​ហ្នឹង​ ​វា​រឹតតែ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ ​ឬ​ក៏​អ្នក​នយោបាយ​ផ្សេងៗ​ទៀត​គិត​ថា​ វា​អត់​ស្មើ​ភាព​គ្នា»។

មាត្រា​៩​នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ទូ​ទៅ​ចំពោះ​យោធិន​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ចែង​ថា​ ​យោធិន​ត្រូវ​មាន​អព្យា​ក្រឹត្យ​ភាព​ក្នុង​មុខ​នាទី​ ​ក្នុង​សកម្មភាព​ការ​ងារ​ និង​ហាមឃាត់​ការ​ប្រើ​មុខ​ងារ​ ​និង​ប្រើ​ប្រាស់​សម្ភារៈ​របស់​រដ្ឋ​ ​ដើម្បី​បម្រើ​សកម្មភាព​នយោបាយ​ណា​មួយ។​

ចំណែក​មាត្រា​១០​ចែងថា​ ​យោធិន​ម្នាក់ៗ​អាច​មាន​គំនិត​ ឬ​ជំនឿ​ដែល​មាន​លក្ខណៈ​ជា​ទស្សន​វិជ្ជា​ ឬ​នយោបាយ​ផ្ទាល់​ខ្លួន​បាន​ ​ប៉ុន្តែ​ពុំអាច​សម្តែង​ជា​សាធារណៈ​បាន​ឡើយ។​

ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ ​ដែល​គណ​បក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​ប្រជា​ពលរដ្ឋបោះ​ឆ្នោត​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​ ​គេ​សង្កេត​ឃើញ​មេ​បញ្ជា​ការ​កង​ទ័ព​ជា​ច្រើន​រូប ​បាន​ចេញ​មុខ​ស្បថ​ស្បែការពារ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​និង​ក្រុម​គ្រួសារ​របស់​លោក ​ជា​បន្ត​បន្ទាប់។​ ​ក្រោយ​តុលា​ការ​កំពូល​បាន​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​កាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧នេះ​ ​មេ​ទ័ព​មួយ​ចំនួន​នោះ​ក៏​បាន​ប្រកាស​គាំទ្រ​សាល​ដីកា​នោះ​ផង​ដែរ៕

XS
SM
MD
LG