ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នករត់រម៉ក់និងតាក់ស៊ីនៅតែមិនពេញចិត្តចំពោះការបន្ថយតម្លៃចេញចូលព្រលានយន្តហោះខេត្តសៀមរាប


រូបឯកសារ៖ ទិដ្ឋភាព​នៃអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ក្នុងខេត្ត​សៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ ទិដ្ឋភាព​នៃអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ក្នុងខេត្ត​សៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នក​ប្រករបរ​រត់​រម៉ក​និង​តាក់ស៊ី​នៅ​ខេត្ត​សៀមរាប​នៅ​តែ​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​បន្ត​យក​ថ្លៃ​លើ​ការ​ប្រើ​ប្រាស់​ផ្លូវ​ចេញ-ចូល​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​សៀមរាបអង្គរ បើ​ទោះ​មាន​ការ​បញ្ចុះ​តម្លៃ​ខ្លះ​ក៏​ដោយ។ ពួកគេ​ស្នើ​កុំ​ឱ្យ​យក​តម្លៃ​ធ្វើ​ដំណើរ​លើ​ផ្លូវល្បឿន​លឿន (​Highway) ​ដែល​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​លើ​ព្រលាន​យន្ត​ហោះ​ថ្មី​មួយ​នេះ ដែល​តម្លៃ​ជាង ​១​ពាន់​លាន​ដុល្លារ​អាមេរិក។

ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​អ្នក​រត់​រម៉ក និង​តាក់​ស៊ី​បែប​នេះ ក្រោយ​មាន​ការ​សម្រប​សម្រួល​របស់​រដ្ឋាភិបាល​ជាមួយភាគី​ក្រុមហ៊ុន​ចិន រហូត​ដល់​មាន​ការ​បញ្ចុះ​តម្លៃ​ខ្លះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​រដ្ឋាបាល​ភិបាល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ឱ្យ​ដឹង​ថា ​បន្ទាប់​ពី​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​នៅ​ទីតាំង​ជាក់​ស្តែង និង​ប្រជុំ​ជា​មួយ​ក្រុមហ៊ុន​វិនិយោគ ក្រុមហ៊ុន​បាន​សម្រេច​មិន​យក​ថ្លៃ​ចំណត​សម្រាប់​ការ​ចូល​ទី​ព្រលាន​យន្តហោះ ក្រោម​រយៈ​ពេល ​១៥​នាទី​ សម្រាប់​រថយន្ត​ធុន​តូច​មិន​លើស​ពី​ ៧​កៅអី និង​៣០​នាទី​ សម្រាប់​ប្រភេទ​រថយន្ត​ផ្សេង​ទៀត។

ចំណែក​តម្លៃ​ឆ្លង​កាត់​ផ្លូវ​ Highway​ ចូល​ទៅ​ព្រលាន​យន្ត​ហោះ​វិញ មាន​ការ​បញ្ចុះ​តម្លៃ​ពី​ ៣​ដុល្លារ ​មក​ត្រឹម ​២​ដុល្លារ ​សម្រាប់​រថយន្ត​ធុន​តូច​មិន​លើស​ពី​ ៧​កៅអី ​ប្រភេទ​(A)។ សម្រាប់​រថយន្ត​ប្រភេទ ​(B) បញ្ចុះ​តម្លៃ​ពី​ ៦​ដុល្លារ​មក​ត្រឹម ​៤​ដុល្លារ រថយន្ត​ប្រភេទ​ (C)​ ពី​ ៩​ដុល្លារ មក​ត្រឹម​ ៦​ដុល្លារ និង​សម្រាប់​រថយន្ត​ប្រភេទ ​(D)​ ពី​ ១២​ដុល្លារ​មក​ត្រឹម​ ៨​ដុល្លារ។ ចំពោះ​តម្លៃ​ថ្មី​នេះ​ នឹង​ត្រូវ​អនុវត្ត​សម្រាប់​ឆ្នាំ​ ២០២៤-២០២៥ ចាប់​ពី​ថ្ងៃ​ទី​ ១៥ ខែ​មករា ឆ្នាំ​ ២០២៤​ នេះ​ តទៅ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល។

រូបឯកសារ៖ អ្នកធ្វើដំណើរដើរចូល​អាកាសយានដ្ឋានអន្តរជាតិ​សៀមរាប​អង្គរ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ អ្នកធ្វើដំណើរដើរចូល​អាកាសយានដ្ឋានអន្តរជាតិ​សៀមរាប​អង្គរ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ចើស ចៀក ​អាយុ​ ៤៣​ ឆ្នាំ អ្នក​រត់​តាក់ស៊ី ​និង​រម៉កទេសចរណ៍​ផង ប្រាប់​វីអូអេនៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ការ​បញ្ចុះ​តម្លៃ​នៃ​ការ​ប្រើប្រាស់​ផ្លូវ​ចេញ​-ចូល​នៅ​ព្រលាន​ជា​រឿង​ល្អ​មួយ។ ប៉ុន្តែ​លោក​ថា​ ក្រុមហ៊ុន​នៅ​តែ​ការ​យក​លុយ​ថ្លៃ​ផ្លូវ​ដែល​នៅ​តែ​ជា​បញ្ហា​ដដែល។

លោក​ថ្លែង​ថា៖ «ចំណុច​ Parking [ចំណត]ខ្ញុំ​គិត​ថា​ល្អ​។ បើ​ចំណុច[ថ្លៃ​ផ្លូវ]​ពី ៣​ដុល្លារ ​មក​សល់​ត្រឹម​តែ​ ២ដុល្លារ​នោះ ​វា​នៅ​តែ​ជា​បន្ទុក​សម្រាប់​ពួក​ខ្ញុំ​ដដែល ព្រោះ​ជា​ធម្មតា ពេល​ដែល​យើង​ចូល​ទៅ​ពេល​ខ្លះ​ យើង​ត្រូវ​ចេញ​មក​វិញ​ ដូច​ខ្ញុំ​និយាយ​អ៊ីចឹង ឧទាហរណ៍​ថា​ យើង​ចូល​ទៅ​ភ្ញៀវ ​Delay ​[ពន្យារ​ពេល] ឬ​ក៏​ភ្ញៀវ​មាន​បញ្ហា​ Fly ​[ហោះ​ហើរ] អី​យើង​ចេញ​មក​វិញ។ ពេល​យើង​ចេញ​មក​វិញ​យើង​បង់​លុយ​ថ្លៃ​ផ្លូវ​ឱ្យ​គេ​ដដែល ទោះ​បី​យើង​មិន​បាន​ប្រើ​ប្រាស់​ផ្លូវ​ក៏​ដោយ»។

លោក​បន្ថែម​ថា ដំណោះ​ស្រាយ​ដែល​លោក​ចង់​បាន​នោះ គឺ​ថា​បើ​សិន​ក្រុមហ៊ុន​យក​លុយ​តែ​ ២​ដុល្លារ ​សម្រាប់​ការ​ចេញ​ចូល ដោយ​មិន​គិត​ពី​រយៈ​ពេល​នោះ គឺ​ជា​ដំណោះ​ស្រាយ​ដែល​សមស្រប។

អ្នក​រត់ ​PassApp ម្នាក់​ទៀត លោក អៀង ចំរើន អាយុ​ ៤០ ​ឆ្នាំ រស់​នៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់ ស្វាយ​ដង្គំ ខេត្ត​សៀមរាប ប្រាប់​វីអូអេ​ថា ​បើ​ទោះ​បី​មាន​ការ​ដោះ​ស្រាយ​បន្ធូរ​តម្លៃ និង​រយៈ​ពេល​ជូន​ប្រជាពលរដ្ឋ​ក៏​ពិត​មែន តែ​លោក​ថា ​តម្លៃ​នេះ​នៅ​តែ​ថ្លៃ​នៅ​ឡើយ​ សម្រាប់​រូប​លោក​ដែល​ជា​អ្នក​រត់​ PassApp ។

លោក​លើក​ឡើង​ថា៖ «តាម​ពិត ការ​យល់​ឃើញ​របស់​ខ្ញុំ វា​នៅ​តែ​ថ្លៃ​សម្រាប់​[ខ្ញុំ]។ សម្រាប់​ឡាន​គេ​អត់​អី​ទេ សម្រាប់​កង់​បី​នៅ​តែ​ថ្លៃ​អ៊ីចឹង តម្លៃ​ប៉ុណ្ណឹង​នៅ​តែ​ថ្លៃ ព្រោះ​សម្រាប់​ពួក​ខ្ញុំ​អ្នក​រត់ ​PassApp Booking ទៅ​វា​បាន​ ១៥​ដុល្លារ​ទេ។ បើ​ចំណាយ ​២-៣ ​តង់ ​សម្រាប់​ទប់​ទល់​នឹង​ការ​ចេញ​ចូលហ្នឹង វា​នៅ​តែ​ថ្លៃ។ បើ​តាម​ពិត​ទៅ ដូច​តែ​មុន​កាល​ពី​ដំបូងច​ចូល​ទៅ​បង់​តែ​ ១​ដុល្លារ​ទៅ​ ប៉ុណ្ណឹង​ទៅ​វា​ថ្លៃ​បាត់​ទៅ​ហើយ​បាទ។ បង់ ​១​ដុល្លារ​ ហើយ​ចេញ​មក​វិញ​គិត​ម៉ោង​ទៀត​នោះ វា​ប៉ណ្ណឹង​វា​សម​រម្យ»។

លោក លី សំរិទ្ធ ​អភិបាល​រង​និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​សៀមរាប ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ កា​រជួយ​សម្រួល​របស់​រដ្ឋាភិបាល ជា​មួយ​ភាគី​ក្រុមហ៊ុន​ឱ្យ​មាន​ការ​បញ្ចុះ​តម្លៃ​ការ​ចេញ​-ចូល​នៅ​ព្រលាន​យាន​ហោះ​ថ្មី​នេះ គឺ​ជា​រឿង​មួយ​ដែល​ជួយ​សម្រួល​បាន​ខ្លះ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ។

លោក​ថ្លែង​ថា៖ «គម្រោង​នេះ​គឺ​ជា​គម្រោង​វិនិយោគ​អ៊ីចឹង​ទោះបី​យ៉ាង​ម៉េច​ក៏​ដោយ​ ក៏​ត្រូវ​ការ​មាន​តម្លៃ​តប​ទៅ​វិញ​ចំពោះ​អ្នក​ដែល​បាន​យក​ទុន​យក​មូលនិធិ យក​ថវិកា ដើម្បី​យក​មក​រក​ស៊ី​ចិញ្ចឹម​ជីវិត ចិញ្ចឹម​ក្រុមហ៊ុន ជា​ប្រាក់​ចំណូល ដើម្បី​ដោះ​យក​ទុន​ត្រឡប់​ទៅ​វិញ ហើយ​រួម​ចំណែក​ជា​មួយ​ការ​អភិវឌ្ឍ​ប្រទេស​ជា​ម្ចាស់​ផ្ទះ»។

គួរ​បញ្ជាក់​ថា ​អាកាសយានដ្ឋាន​ថ្មី​ក្នុង​ខេត្ត​សៀម​រាប​ដែល​មាន​តម្លៃ​ប្រមាណ ​១.១០០​លាន​ដុល្លារ​អាមេរិក ក្រោម​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម​របស់​ចិន ​ឬ​ BRI​ ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជាផ្លូវ​ការ កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២៣។ ព្រលាន​យន្តហោះ​នេះ​ត្រូវ​បាន​វិនិយោគ​ក្នុង​ទម្រង់«សាង​សង់ ​ប្រតិបត្តិការ​ផ្ទេរ» ​ឬ​ BOT​ ដោយ​ក្រុមហ៊ុន​ចិន​ ដែល​មាន​ន័យ​ថា​ ព្រលាន​យន្តហោះ​នេះ​នឹង​ត្រូវ​ផ្ទេរ​មក​រដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​វិញ ​នៅ​ក្នុង​ឆ្នាំ ​២០​៧៣ ​ក្រោយ​ការ​សាងសង់​រយៈ​ពេល​ប្រមាណ​ ៥ ​ឆ្នាំ​ និង​ប្រតិបត្តិការ​រយៈ​ពេល​ ៥០ ​ឆ្នាំ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG