ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទោះ​បីជា​មាន​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ក្តី​ ក៏​ការ​ស្ថាបនា​បំពង់​ឧស្ម័ន​រួម​របស់​កូរ៉េ​សម្រាប់​បង្ហូរ​ឧស្ម័ន​ពី​ប្រទេស​រុស្សី​ ប្រហែល​ជា​មិន​អាច​សម្រេច​បាន​ទេ


មេដឹកនាំ​​កូរ៉េ​​ខាងជើង​​ Kim​ Jong Il​ ​(ស្តាំ)​ និង​​ប្រធានាធិបតី​​រុស្ស៊ី​ ​ Dmitry​ Medvedev ​(ខាងឆ្វេងទី២)​ ដើរ​ក្នុង​អំឡុង​​ពេ​ល​​នៃ​ជំនួប​​មួយ​​ក្នុង​​បន្ទាយ​​យោធា​នៅ​ខាង​ក្រៅ​​រដ្ឋធានី​​ម៉ូស្គូ​ ថ្ងៃ​ទី​២៤​ ខែ​សីហា​​ ឆ្នាំ​២០១១។
មេដឹកនាំ​​កូរ៉េ​​ខាងជើង​​ Kim​ Jong Il​ ​(ស្តាំ)​ និង​​ប្រធានាធិបតី​​រុស្ស៊ី​ ​ Dmitry​ Medvedev ​(ខាងឆ្វេងទី២)​ ដើរ​ក្នុង​អំឡុង​​ពេ​ល​​នៃ​ជំនួប​​មួយ​​ក្នុង​​បន្ទាយ​​យោធា​នៅ​ខាង​ក្រៅ​​រដ្ឋធានី​​ម៉ូស្គូ​ ថ្ងៃ​ទី​២៤​ ខែ​សីហា​​ ឆ្នាំ​២០១១។

បេសកជន​មកពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​រំពឹង​ថា​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ ប៉េកាំង​ (Beijing)​ នៅ​ថ្ងៃ​ពុធ​(ទី​ ២១​ខឺ​កញ្ញា)។​ ការ​ជួប​ប្រជុំ​នេះ​គឺ​ជា​ការ​ព្យាយាម​ចុង​ក្រោយ​បង្អស់​ ដើម្បី​ចាប់​ធ្វើ​ការ​ចរចារ​ពហុភាគី​ជា​ថ្មី​ឡើង​វិញ​ ស្តី​អំពី​ដំណើរការ​និង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ បន្ទាប់​ពី​មាន​ការ​ជាប់​គាំង​អស់​រយៈ​ពេល​បី​ឆ្នាំ​មក។​ ប៉ុន្តែ​ រោងចក្រ​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ មិន​មែន​ជា​បញ្ហា​តែ​មួយ​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ​ ដែល​បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​នា​ពេល​ថ្មីៗ​នេះ​ទេ។ ​មាន​ការ​ចាប់​អាមរ្មណ៍​ខ្លាំង​ជា​ថ្មី​ឡើង​វិញ​ នៅ​ក្នុង​ការ​កសាង​បំពង់​បង្ហូរ​ឧស្ម័ន​ធម្ម​ជាតិ​មួយ​ពី​ប្រទេស​រុស្សី​ (Russia)​ ដែល​នឹង​ហូរ​កាត់​ឧបទ្វីប​កូរ៉េ។​ ទោះ​បី​ជា​គម្រោង​នៃ​កិច្ច​សហការ​មួយ​បែប​នេះ​ មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ក៏​ដោយ​ វា​ហាក់​ដូច​ជា​នៅ​តែ​ជា​ផែនការ​ដ៏​វែង​ឆ្ងាយ​មួយ​នៅ​ឡើយ។

កិច្ច​ពិភាក្សា​នៃ​ការ​កសាង​បំពង់​បង្ហូរ​ឧស្ម័ន​មួយ​ ដែល​នឹង​ដឹកនាំ​ឧស្ម័ន​ធម្មជាតិ​ពី​ប្រទេស​រុស្សី​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ឆ្លង​កាត់​តាម​ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​បន្ត​ធ្វើ​អស់​រយៈ​ពេល​រាប់​ទសវត្សរ៍​មក​ហើយ។

ប៉ុន្តែ​ នៅ​ពេល​ថ្មីៗ​នេះ​ គម្រោង​នេះ​មាន​កម្លាំង​ជំរុញ​ជា​ថ្មី​ឡើង​វិញ​ នៅ​ពេល​ដែល​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក​ គីម​ ជុងអ៊ីល​ (Kim​ Jong-il)​ បាន​ទៅ​ចូល​ជួប​ប្រជុំ​ជា​មួយ​លោក​ប្រធានាធិបតី​រុស្សី​ ឌីមីទ្រី​ មេដវីដេហ្វ​ (Dmitry​ Medvedev)​ នៅ​ក្នុង​តំបន់​ ស៊ីបេរី​ (Siberia)។

ខ្សែអាត់​វីដេអូ​ខ្លី​មួយ​ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​របស់​ រុស្សី​ បាន​បង្ហាញ​មេ​ដឹកនាំ​ទាំង​ពីរ​បាន​ចាប់​ដៃ​គ្នា​ មុន​ពេល​កិច្ច​ប្រជុំ​កំពូល​របស់​ពួក​គេ​កាល​ពី​ខែ​មុន។​ របាយការណ៍​បាន​និយាយ​ថា​ មេ​ដឹកនាំ​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ថា​ ការ​កសាង​បំពង់​បង្ហូរ​ឧស្ម័ន​មួយ​គួរ​តែ​ត្រូវ​សម្រេច​ឱ្យ​បាន​នៅ​ទី​បញ្ចប់។

បន្ទាប់​ពី​កិច្ច​ប្រជុំ​នោះ​ ក្រុម​មន្រ្តី​នៃ​ក្រសួង​ថាមពល​របស់​កូរ៉េខាង​ត្បូង​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ នៅ​ទី​បញ្ចប់​ពួក​គេ​ក៏​ចង់​ឃើញ​ការ​កសាង​បំពង់​បង្ហូរ​ឧស្ម័ន​នេះ​ដែរ។

កាល​ពី​សប្តារហ៍​មុន​ ប្រធាន​សាជីវកម្ម​ឧស្ម័ន​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​របស់​កូរ៉េ​ខាង​ត្បូង​ បាន​ជួប​ជា​មួយ​នឹង​តំណាង​របស់​ក្រុម​ហ៊ុន​ថាមពល​របស់​ រុស្សី​ ឈ្មោះ​ ហ្គាហ្សព្រុម​ (Gazprom)។​ ទី​ភ្នាក់ងារ​និយាយ​ថា​ ក្រុម​មន្រ្តី​បាន​សម្រេច​ផែនការ​មួយ​ សម្រាប់​ការ​ដឹកនាំ​ឧស្ម័ន​នាពេល​អនាគត​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ការ​ប៉ាន់​ស្មាន​របស់​រដ្ឋាភិបាល​និយាយ​ថា​ បំពង់​បង្ហូរ​ឧស្ម័ន​នេះ​នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ ៣​ ពាន់​ ៤​ រយ​លាន​ដុល្លារ​ ដើម្បី​សាង​សង់។​ ប៉ុន្តែ​ អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា​ នៅ​ក្នុង​រយៈពេល​វែង​ ប្រទេស​កូរ៉េ​ខាង​ត្បូង​នឹង​ទទួល​បាន​ផល​ប្រយោជន៍។

កង​ ហ៊ីចាន់​ (Kang Hee-chan)​ គឺ​ជា​អ្នក​វិភាគ​ផ្នែក​បរិស្ថាន​និង​ថាមពល​ នៅ​ឯ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋ​កិច្ច​ សាំស៊ុង​ (Samsung​ Economic​ Research​ Institute)​ នៅ​ក្នុង​ទី​ក្រុង​ សេអ៊ូល​ (Seoul)។

«តម្រូវការ​ខាង​ឧស្ម័ន​របស់​យើង​កំពុង​កើន​ឡើង​ជា​បន្ត។​ ឧស្ម័ន​ភាគ​ច្រើន​គឺ​ត្រូវ​បាន​ដឹក​មក​ពី​អឺរ៉ុប​និង​អាស៊ី​ខាង​លិច។​»ជម្រើស​ទាំង​នោះ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ណាស់។​ នៅ​ពេល​ដែល​យើង​អាច​ទទួល​ឧស្ម័ន​ពី​ប្រទេស​រុស្សី​បាន​ តាម​រយៈ​ប្រទេស​កូរ៉េ​ខាង​ជើង​ តម្លៃ​នឹង​ចុះ​ថោក​ជាង​នេះ​ច្រើន»។

ទោះ​ជា​មាន​ការ​សំចៃ​ប្រាក់​ទាំង​នោះ​ក្តី​ ក៏​ភាព​តាន​តឹង​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​ មាន​ន័យ​ថា​ អត្ថប្រយោជន៍​ប្រហែល​ជា​នឹង​មិន​មាន​ទម្ងន់​ធ្ងន់​ជាង​ហនិភ័យ​នោះ​ទេ។

លោក​ អានឌ្រី​ ឡានកូវ​ (Andrei​ Lankov)​ ជា​អ្នក​វិភាគ​ជាតិ​រុស្សី​ខាង​កិច្ចការ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​មួយ​រូប​ នៅ​ឯ​សាកលវិទ្យាល័យ​ គុកមីន​ (Kookmin)​ ក្នុង​ទីក្រុង​ សេអ៊ូល​ (Seoul)។

«នៅ​ក្នុង​រយៈ​ពេល​យូរ​ នេះ​គឺ​ជា​គម្រោង​ដ៏​ល្អ​មួយ។​ វា​ជា​គម្រោង​ល្អ​ ទាំង​ពី​ទស្សនៈ​សេដ្ឋ​កិច្ច​ ទាំង​ពី​ទស្សនៈ​នយោបាយ។​ ទោះ​ជា​យ៉ាង​ណា​ក្តី​ ដើម្បី​ឱ្យ​បាន​ជោគជ័យ​ គម្រោង​នេះ​ត្រូវ​ការ​បរិយាកាស​នៃ​កិច្ច​សហការ ការ​ប្តូរ​គ្នា​ និង​ការ​ជឿ​ទុក​ចិត្ត​គ្នា​ ប្រកប​ដោយ​ភាពនឹង​នរ​មួយ។​ និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ​ ខ្ញុំ​មិន​គិត​ថា បរិយាកាស​បែប​នេះ​នឹង​មាន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នោះ​ទេ»។

ឡានកូវ​ (Lankov)​ និយាយ​ថា ​បំពង់​បង្ហូរ​ឧស្ម័ន​ធម្មជាតិ​រួម​មួយ​ នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​គ្រប់​ភាគី​ទាំង​អស់​ដែល​ជាប់​ពាក់​ព័ន្ធ​ ជា​ពិសេស​សម្រាប់​ភាគី​កូរ៉េ​ខាង​ត្បូង។

លោក​និយាយ​ថា​ រដ្ឋាភិបាល​ទីក្រុង​ ព្យុងយ៉ាង​ (Pyongyang)​ អាច​លួច​ឧស្ម័ន​ឬ​ក៏​បិទ​បំពង់​បង្ហូរ​ ប្រសិន​បើ​ទំនាក់​ទំនង​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ​ប្រែ​ក្លាយ​ជា​មិន​ល្អ។​ ឡានកូវ​ (Lankov) ​បន្ថែម​ថា​ រដ្ឋាភិបាល​ទីក្រុង​ សេអ៊ូល​ នឹង​ត្រូវ​តែ​មាន​ផែនការ​សម្រាប់​ជំនួស​ពេល​មាន​អាសន្ន​ ដើម្បី​ទូទាត់​នឹង​ការ​ខូច​ខាត​ទាំង​ឡាយ​ ប្រសិន​បើ​ភាព​តាន​តឹង​កើត​មាន​ឡើង។​ នៅ​ក្នុង​របាយការណ៍​មួយ​នៅ​សប្តាហ៍​នេះ​ទៅ​កាន់​សភា​ជាតិ​របស់​កូរ៉េ​ខាត្បូង​ ក្រសួង​ចំណេះ​ដឹង​សេដ្ឋកិច្ច​បាន​និយាយ​ថា​ ខ្លួន​នឹង​ធ្វើ​ការ​ពិចារណា​នូវ​រាល់​ហនិភ័យ​ទាំង​អស់​ដែល​ជាប់​ពាក់​ព័ន្ធ​ នៅ​ក្នុង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជា​មួយ​ប្រទេស​កូរ៉េ​ខាង​ជើង។​ ក្រសួង​បាន​បន្ថែម​ទៀត​ថា​ សម្រាប់​ពេល​ឥឡូវ​នេះ​ មិន​ទាន់​មាន​ការ​ពិភាក្សា​ណា​មួយ​ជា​មួយ​ទីក្រុង​ ម៉ូស្គូ​ (Moscow)​ ឬ​ទីក្រុង​ ព្យុងយ៉ាង​ (Pyongyang)​ អំពី​លក្ខ​ខ័ណ្ឌ​នៃ​កិច្ច​សន្យា​មួយ​នៅ​ឡើយ​ទេ។

ប៉ុន្តែ​ អ្នក​នយោបាយ​កូរ៉េ​ខាង​ត្បូង​កំពុង​ព្យាយាម​រួច​ទៅ​ហើយ​ ដើម្បី​ពង្រឹងការ​គាំទ្រ​ជា​សាធារណៈសម្រាប់​ការ​កសាង​បំពង់​បង្ហូរ​ឧស្ម័ន។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយតាម​ទូរទស្សន៍​កូរ៉េ​ កាល​ពី​ដើម​ខែ​នេះ​ លោក​ប្រធានាធិបតី​ លី​ យ៉ុងបាក់​ (Lee​ Myung Bak)​ បាន​មាន​ប្រសាសន៍​ថា​ មិន​យូរ​មិន​ឆាប់​គម្រោង​នេះ​នឹង​ចាប់​ផ្តើម។

លោក​ប្រធានាធិបតី​ លី​ (Lee)​ បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​កូរ៉េ​ទាំង​ពីរ​បាន​ពិភាក្សា​ជា​មួយ​ប្រទេស​រុស្សី​ដាច់​ដោយ​ឡែក​ពី​គ្នា​ អំពី​ការ​កសាង​បំពង់​បង្ហូរ​ឧស្ម័ន​រួច​ទៅ​ហើយ។​ លោក​បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​ថា​ នៅ​ពេល​ណា​មួយ​ ប្រទេស​ទាំង​បី​នឹង​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយ។​ លោក​មាន​ប្រសាសន៍​ថា​ គម្រោង​នេះ​អាច​ចាប់​ផ្តើម​ធ្វើ​លឿន​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត​ ហើយ​វា​នឹង​ក្លាយ​ទៅ​ជា​អាជីវកម្ម​ដ៏​អស្ចារ្យ​មួយ​ ប្រសិន​បើ​គម្រោង​នេះ​អាច​ដំណើរការ​បាន។

អ្នក​វិភាគ​ អានឌ្រី​ ឡានកូវ​ (Andrei​ Lankov)​ និយាយ​ថា​ អ្នក​នយោបាយ​ជា​ច្រើន​នៅ​ទី​នេះ​ កំពុង​ព្យាយាម​ប្រមូល​ការ​គាំទ្រ​សម្រាប់​គម្រោង​សាង​សង់​បំពង់​បង្ហូរ​ឧស្ម័ន​ ដោយ​ធ្វើ​ការ​លើក​តម្កើង​គម្រោង​នេះ​ថា​ ជា​ជំហាន​មួយ​ដែល​ខិត​ទៅ​រក​ការ​បង្រួប​បង្រួម​ជា​មួយ​ប្រទេស​ កូរ៉េ​ខាង​ជើង។

លោក​និយាយ​ថា​ នេះ​គឺ​គ្រាន់​តែ​ជា​ការ​គិត​ប្រកប​ដោយ​ការ​ស្រមើ​ស្រមៃ​តែ​ប៉ុណ្ណោះ។

«នេះ​ជា​របៀប​និយាយ​តាម​ផ្លូវ​ការ​យ៉ាង​សាមញ្ញ​មួយ​ នៅ​ក្នុង​ប្រទេស​កូរ៉េ។​ ការ​ប្តូរ​គ្នា​គ្រប់​ប្រភេទ​រវាង​រដ្ឋ​កូរ៉េ​ទាំង​ពីរ​ គឺ​តែង​តែ​ត្រូវ​បាន​ពណ៌នា​ថា​ជា​អ្វី​មួយ​ដែល​ទាក់​ទង​ទៅ​នឹង​ការ​បង្រួប​បង្រួម។​ វា​ជា​ឱកាស​ដ៏​ល្អ​មួយ​ ហើយ​វា​អាច​ទាក់​ទាញ​អារម្មណ៍​ជាតិនិយម​របស់​សាធារណជន​កូរ៉េ។​ ប៉ុន្តែ​ សូម​អនុញ្ញាត​ឱ្យ​ខ្ញុំ​និយាយ​ដោយ​ត្រង់។​ វា​មិន​មាន​អ្វី​ទាក់​ទង​ទៅ​នឹង​ការ​បង្រួប​បង្រួម​ទេ។​ វា​គ្រាន់​តែ​ជា​ការ​ប្តូរ​ផ្នែក​សេដ្ឋ​កិច្ច​គ្នា​ជា​ធម្មតា​ ហើយ​មិន​មាន​អ្វី​ផ្សេង​ពី​នេះ​ទៀត​ទេ»។

ការ​ពិភាក្សា​បន្ថែម​ទៀត​រវាង​កូរ៉េខាង​ត្បូង​និង​រុស្សី​ អាច​កើត​ឡើង​នៅ​ពេល​ក្រោយ​មក​ទៀត​នៅ​ក្នុង​ឆ្នាំ​នេះ​ នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​ លី​ (Lee)​ និង​លោក​ប្រធានាធិបតី​ មេដវីដេហ្វ​ (Medvedev)​ ជួប​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ G-20​ នៅ​ក្នុង​ទីក្រុង​ប៉ារីស​ (Paris)៕

ប្រែ​សម្រួល​ដោយ​ ឌី ខាំបូលី

XS
SM
MD
LG