ក្រុមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានសង្ឃឹមថានឹងទទួលបាន «លទ្ធផលច្បាស់លាស់ប្រកបដោយផ្លែផ្កា» ពីការចរចានាពេលបច្ចុប្បន្ននេះជាមួយនឹងមន្ត្រីសហរដ្ឋអាមេរិក នៅក្នុងទីក្រុងដូហា ប្រទេសកាតា ដែលបានចាប់ផ្ដើមចាប់ពីព្រឹកថ្ងៃច័ន្ទនេះទៅ។ នេះបើយោងតាមការបញ្ជាក់របស់លោក Suhail Shaheen អ្នកនាំពាក្យរបស់ក្រុមតាលីបង់។
លោកបានបន្ថែមថា ការពិភាក្សានេះគឺផ្ដោតលើបញ្ហាដដែលចំនួន ២ ដែលភាគីទាំងពីរបានទទួលស្គាល់ថាជាបញ្ហាស្នូលនៅក្នុងការបញ្ចប់សង្គ្រាមរយៈពេល ១៧ ឆ្នាំ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ បញ្ហាទាំងពីរនោះគឺ ការដកកងទ័ពបរទេសចេញពីប្រទេសអាហ្វហ្គានីស្ថាន និងការធានាថា ទឹកដីអាហ្វហ្គានីស្ថាននឹងមិនត្រូវប្រើដោយក្រុមភេរវកម្មណាមួយ ឬក៏ភេរវជនណាម្នាក់ដើម្បីវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកនោះទេ។
ស្របពេលនោះដែរ លោក Mullah Abdul Ghani Baradar ស្ថាបនិកម្នាក់នៃក្រុមតាលីបង់ ដែលត្រូវបានដោះលែងពីពន្ធនាគារក្នុងប្រទេសប៉ាគីស្ថានកាលពីខែតុលា ឆ្នាំមុន និងដែលត្រូវបានតែងតាំងជាប្រធានការិយាល័យនយោបាយក្រុមតាលីបង់ក្នុងប្រទេសកាតាកាលពីខែមុន ក៏បានធ្វើដំណើរទៅដល់ទីក្រុងដូហាផងដែរ។
ក្រុមចរចាតាលីបង់ ដែលបានប្រកាសកាលពីដើមខែនេះ មានសមាជិក ១៤ នាក់ ដែលក្នុងនោះមានលោក Anas Haqqani ដែលជាប្អូនប្រុសរបស់លោក Sirajuddin Haqqani ដែលជាប្រធានបណ្ដាញក្រុម Haqqani ផងដែរ។ បណ្ដាញនេះត្រូវបានគេចោទប្រកាន់ថាបានធ្វើការវាយប្រហារដ៏ប្រល័យបំផុតមួយចំនួនលើកងកម្លាំងអង្គការអូតង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន។
រីឯក្រុមចរចាអាមេរិកាំងវិញគឺដឹកនាំដោយលោក Zalmay Khalilzad អ្នកតំណាងពិសេសសម្រាប់ការផ្សះផ្សាក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោកបានធ្វើទស្សនកិច្ចជាច្រើនលើកច្រើនសារទៅកាន់តំបន់ តាំងពីលោកត្រូវបានតែងតាំងដំបូងឲ្យជួយស្វែងរកដំណោះស្រាយសម្រាប់សង្គ្រាមនៅអាហ្វហ្គានីស្ថានកាលពីខែកញ្ញា ឆ្នាំមុនមក៕