ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​១៥នាក់ មក​ស្នាក់​នៅ​កម្ពុជា​មុន​ទៅ​ប្រទេស​ទីបី


រូបឯកសារ៖ ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសចេញពីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន មកដល់មូលដ្ខានទ័ពជើងទឹក (NAVSTA) Rota Air Base ក្នុងទីក្រុង Rota ភាគខាងត្បូងប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

ប្រជាពលរដ្ឋ​អាហ្វហ្គានីស្ថាន​ចំនួន​១៥​នាក់​ បាន​មក​ដល់​កម្ពុជា ​កាល​ពី​ថ្ងៃ​ពុធ​ ស្រប​ពេល​រដ្ឋា​ភិបាល​កម្ពុជា ​បាន​សម្រេច​ទទួល​ជន​ជាតិ​អាហ្វ​ហ្គានីស្ថាន​ឲ្យ​មក​ស្នាក់​នៅ​បណ្តោះ​អាសន្ន ​មុន​នឹង​ចាក​ចេញ​ទៅ​ប្រទេស​ទី​បី។​ នេះ​ បើ​តាម​មន្រ្តី​រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ចការ​នេះ។

លោក ​ជុង​ រ៉ាវុធ ​អ្នក​នាំពាក្យ​ក្រុម​ការងារ​របស់​រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ច​ការ​នេះ ​ប្រាប់​វីអូអេ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា​ ពលរដ្ឋ​អាហ្វហ្គានីស្ថាន​១៥​នាក់​ បាន​មក​ដល់​ប្រទេស​កម្ពុជា ​ជា​លក្ខណៈ​គ្រួសារ ​ដោយ​កម្ពុជា​ទទួល​ឲ្យ​ស្នាក់​នៅ​ជា​បណ្តោះ​អាសន្ន ​ទម្រាំ​មាន​ប្រទេស​ទី​បី​ទទួល​យក​បន្ត។ ​លោក​មិន​អាច​បញ្ជាក់​ព័ត៌មាន​លម្អិត​ទាក់​ទង​នឹង​ជនជាតិ​អាហ្វហ្គានីស្ថាន​ទាំង​នោះ​ទេ។​ លោក ​ក៏​មិន​ទាន់​ដឹង​ចំនួន​ពិត​ប្រាកដ​នៃ​ជន​ជាតិ​អាហ្គានី​ស្ថាន​បន្ថែម​ទៀត​ ដែល​នឹង​មក​កម្ពុជា​នា​ពេល​ខាង​មុខ​ដែរ។​

លោក​ថ្លែង​ថា៖ ​«យើង​ទទួល​គាត់​ក្នុង​នាម​មនុស្ស​ធម៌ ​មកស្នាក់​នៅ​ក្នុងនាម​មនុស្ស​ធម៌​ហ្នឹង​ តាម​ការ​ស្នើ​សុំ។ យើង​ពិនិត្យ​ជាក់​ស្តែង​ ដូច្នេះ​ចំនួន​អត់​ទាន់​ដឹង​ពិត​ប្រាកដ​ទេ»។​

បើ​តាម​មន្រ្តី​រូប​នោះ​ អាជ្ញាធរ​កម្ពុជា ​គ្រាន់​តែ​ទទួល​ជន​ជាតិ​អាហ្វហ្គានីស្ថាន​ឲ្យ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ។ ​

ចំណែក​ការ​ចំណាយ​ផ្សេងៗ​ ដូច​ជា​ម្ហូប​អាហារ​ជា​ដើម ​គឺ​ជា​បន្ទុក​របស់​ប្រជាពល​រដ្ឋ​អាហ្វហ្គានីស្ថាន​ទាំង​នោះ។​

កាល​ពី​ខែ​សីហា ឆ្នាំ​២០២១ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ថ្លែង​ថា​ កម្ពុជា​យល់​ព្រម​ទទួល​យក​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​ចំនួន​៣០០​នាក់ ​មក​ស្នាក់​នៅ​បណ្តោះ​អាសន្ន ​តាម​សំណើ​របស់​អង្គ​ការ​មូលនិធិ​អាស៊ីប្រចាំ​កម្ពុជា។​

រដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ទទួល​បន្ទុក​ផ្នែក​សម្រប​សម្រួល និងទទួល​ជន​ជាតិ​អាហ្វហ្គានីស្ថាន​មក​ស្នាក់​នៅ​បណ្តោះ​អាសន្ន។ ​ក្រុម​ការងារ​នោះ​នឹង​សម្រប​សម្រួល​ជា​មួយ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ដើម្បី​បង្ក​លក្ខណៈ​ដល់​ការ​ដឹក​ជញ្ជូន​ពី​អាកាសយានដ្ឋាន​ទៅ​កន្លែង​ស្នាក់​នៅ ​និង​នៅ​ពេល​ចាក​ចេញ​ពី​កម្ពុជា។​

គួរ​បញ្ជាក់​ថា ​សហរដ្ឋ​អាមេ​រិក​ បាន​សម្រេច​ដក​កង​ទ័ព​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ​កាល​ពី​ខែ​សីហា ​ឆ្នាំ​២០២១ ​ក្រោយការ​ឈ្លាន​ពាន​របស់​ទាហាន​អាមេរិក​អស់​រយៈ​ពេល​២០​ឆ្នាំ ​ដោយ​សារ​ការ​វាយ​ប្រហារ​ដោយ​យន្ត​ហោះ​បុកអគារ​ពាណិជ្ជ​កម្ម​ពិភព​លោក​របស់​អាមេរិក ​កាល​ពី​ឆ្នាំ​២០០១។ ​ការ​ដក​កង​ទ័ព​នេះ​ នាំ​ឲ្យ​ក្រុម​បះបោរ​តាលីបង់​ បាន​វាយចូល​កាន់​កាប់​ប្រទេស​មួយ​នេះ។ ​ការណ៍​នេះ​ នាំ​ឲ្យ​ប្រជាជន​អាហ្វហ្គានីស្ថាន​មួយ​ចំនួន ​ចាប់​ផ្តើម​ចាក​ចេញ​ពី​ប្រទេស​របស់ខ្លួន៕

XS
SM
MD
LG