ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​ផ្ទុះ​គ្រាប់បែក​និង​ការ​បាញ់​កាំភ្លើង​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នៅ​កណ្តាល​ក្រុង​កាប៊ុល


កងកម្លាង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ឈរ​យាម​នៅ​ក្បែរ​កន្លែង​រង​ការ​វាយប្រហារ​ភេរវកម្ម នៅ​ជិត​ស្ថាន​ទូត​អេស្ប៉ាញ នៅ​កណ្តាល​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥។
កងកម្លាង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ឈរ​យាម​នៅ​ក្បែរ​កន្លែង​រង​ការ​វាយប្រហារ​ភេរវកម្ម នៅ​ជិត​ស្ថាន​ទូត​អេស្ប៉ាញ នៅ​កណ្តាល​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥។

មាន​ការ​បោក​គ្រាប់បែក​ និង​បាញ់​កាំភ្លើង​នៅ​តំបន់​ការ​ទូត​មួយ​ក្នុង​រដ្ឋធានី​កាប៊ុល​ (Kabul) កាល​ពី​យប់​ថ្ងៃ​សុក្រ ដែល​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​២​នាក់​ និង​មាន​អ្នក​របួស​ប៉ុន្មាន​នាក់​ផ្សេង​ទៀត។ នេះ​បើ​យោង​តាម​មន្រ្តី​ប៉ូលិស។ មន្រ្តី​ទទួល​បន្ទុក​បញ្ហា​អាសន្ន បាន​ថ្លែង​ថា ការ​វាយប្រហារ​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រហែល​៦​ល្ងាច ក្នុង​តំបន់​ Sherpor នៃ​រដ្ឋធានី​កាប៊ុល។

ក្រុម​តាលីបង់​អះអាង​ថា​ ខ្លួន​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​ការ​វាយប្រហារ​នេះ។ អ្នក​នាំ​ពាក្យ​របស់​តាលីបង់​លោក Zabihullah Mujahid បាន​ប្រាប់ VOA ថា ផ្ទះ​សំណាក់​មួយ​ត្រូវ​បាន​គេ​វាយប្រហារ​ដោយសារ​ផ្ទះ​សំណាក់​នោះ​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​សកម្មភាព​យោធា​នានា​ និង​ចែករំលែក​ព័ត៌មាន​របស់​ក្រុម​ស៊ើបការ​សម្ងាត់។ ​

គេ​មិន​អាច​បញ្ជាក់​អំពី​ការ​អះអាង​របស់​ក្រុម​បះបោរ​បាន​ទេ។ អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហាផ្ទៃ​អាហ្វហ្គានីស្ថាន លោក Sediq Sediqqi បាន​បង្ហោះ​សារ​លើ​បណ្តាញ Tweeter ថា​ រថយន្ត​មួយ​គ្រឿង​ដែល​បាន​ផ្ទុះ​នោះ​ អាច​ជា​ប្រភព​នៃ​ការផ្ទុះ​គ្រាប់បែក។ ការ​បាញ់​កាំភ្លើង​ខ្លាំងក្លា​កើតមាន​ឡើង​បន្ទាប់​ពី​មាន​ការផ្ទុះ​គ្រាប់បែក​នោះ ហើយ​អ្នក​សារព័ត៌មាន​ម្នាក់​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​និយាយ​ថា ប៉ូលិស​បាន​រាយការណ៍​ថា មាន​អ្នក​វាយប្រហារ​យ៉ាង​ហោច​ណាស់​៣​នាក់​ដែល​បាន​ពាក់​ព័ន្ធ។

សេចក្ដី​រាយការណ៍​បឋម​បាន​បញ្ជាក់​ថា ការ​វាយប្រហារ​នេះ​ប្រហែល​ជា​សំដៅ​ស្ថានទូត​អេស៉្បាញ។ ប៉ុន្តែ​បន្តិច​ក្រោយ​មក អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ខុទ្ទកាល័យ​ប្រធានាធិបតី​អេស៉្បាញ​បាន​ថ្លែង​ប្រាប់ VOA ថា យោង​តាម​លោក​នាយក​រដ្ឋ​មន្រ្តី​អេស៉្បាញ Mariano Rajoy ការ​វាយប្រហារ​នេះ​មិន​សំដៅ​ដល់​ស្ថានទូត​នោះ​ទេ ប៉ុន្តែសំដៅ​ដល់​អាគារ​នានា​ដែល​នៅ​ក្បែរ​នោះ៕

XS
SM
MD
LG