ក្រុមហ៊ុនតៃវ៉ាន់មួយដែលក្រុមហ៊ុនមេរបស់ក្រុមហ៊ុននេះរកចំណូលបានជាង ៥ រយលានដុល្លារអាមេរិកកាលពីឆ្នាំមុន បានបដិសេធមិនសងសំណងតាមការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដល់កម្មកររាប់ពាន់នាក់ដែលខ្លួនបានបញ្ឈប់។
ក្រុមហ៊ុន Pou Yuen (Cambodia) Enterprise Ltd. ដែលជាក្រុមហ៊ុនផលិតសម្ភារៈកីឡាឲ្យក្រុមហ៊ុន Amer Sports ក្នុងប្រទេសហ្វាំងឡង់ មិនបានជូនដំណឹងដល់កម្មករនោះទេ នៅពេលដែលក្រុមហ៊ុននេះបិទរោងចក្ររបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញកាលពីខែធ្នូឆ្នាំមុន។
ក្រុមហ៊ុន Yue Yuen Industrial (Holdings) Limited ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនផលិតស្បែកជើងកីឡាដ៏ធំបំផុតនៅលើពិភពលោក ដែលផលិតស្បែកជើងម៉ាក Nike ម៉ាក Addidas ម៉ាក Reebok ម៉ាក ASICS ម៉ាក New Balance និងម៉ាក Puma ជាដើម។
ក្រុមហ៊ុន Yue Yuen រកចំណូលបាន ៥១៩ លានដុល្លារអាមេរិកកាលពីឆ្នាំ ២០១៧។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះ។
ប៉ុន្តែ ក្រុមហ៊ុន Pou Yuen (Cambodia) Enterprise Ltd. បែរជាបដិសេធមិនព្រមផ្ដល់សំណងដល់កម្មករចំនួន ៤៧៨ នាក់ ស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនៃប្រទេសកម្ពុជានោះទេ។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនេះបានសម្រេចថា កម្មករម្នាក់ៗត្រូវទទួលបានប្រាក់បៀវត្សរ៍ជាមធ្យមប្រហែល ២ ពាន់។ នេះបើយោងតាមកាបញ្ជាក់របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែលហៅកាត់ថាសង់ត្រាល់។
ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានសម្រេចកាលពីចុងខែកុម្ភៈថា កម្មករទាំងអស់ដែលធ្វើការឲ្យក្រុមហ៊ុន Pou Yuen នេះបានជាង ២ ឆ្នាំ គួរតែត្រូវបានចាត់ទុកជាកម្មករអចិន្ត្រៃយ៍។
ករណីនេះតម្រូវឲ្យកម្មករម្នាក់ៗទទួលបានសំណងសម្រាប់ការណ៍ដែលក្រុមហ៊ុនមិនជូនដំណឹងជាមុន សំណងសម្រាប់ការបញ្ឈប់ពីការងារ សំណងសម្រាប់ថ្ងៃឈប់សម្រាកដែលមិនបានប្រើ សំណងលើការខូចខាត និងប្រាក់បៀវត្សរ៍ចុងក្រោយរបស់ពួកគេ។
ប៉ុន្តែ ផ្ទុយទៅវិញ ក្រុមហ៊ុន Pou Yuen នេះ បានចាត់ទុកកម្មករទាំងនោះថាជាកម្មករធ្វើការមួយរយៈ និងបានផ្ដល់សំណងដល់ពួកគេតែ ៥ ភាគរយនៃប្រាក់ខែរបស់ពួកគេតែប៉ុណ្ណោះ៕