ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​សមាគម​មូលនិធិ​ក្រុមហ៊ុន​​បញ្ជា​ទិញ​ព្រមាន​ពីគ្រោះថ្នាក់​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​បើ​គ្មាន​ការ​ការពារ​សិទ្ធិ​មនុស្ស


រូបភាព​ឯកសារ៖ កម្មករ​កាត់ដេរ​សម្លៀកបំពាក់​ខ្មែរ​ធ្វើ​ការ​ក្នុង​រោងចក្រ​មួយ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ១០ ខែ ឧសភា ឆ្នាំ ២០០៤។
រូបភាព​ឯកសារ៖ កម្មករ​កាត់ដេរ​សម្លៀកបំពាក់​ខ្មែរ​ធ្វើ​ការ​ក្នុង​រោងចក្រ​មួយ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ១០ ខែ ឧសភា ឆ្នាំ ២០០៤។

ការ​រំលោភ​បំពាន​លើ​សិទ្ធិ​កម្មករ​ ​សហជីព​ និង​បញ្ហា​អសកម្ម​ផ្សេង​ទៀត​ក្នុង​វិស័យ​កាត់​ដេរ​ បាន​បន្តជា​ក្តីបារម្ភ​របស់​តំណាង​អ្នក​បញ្ជា​ទិញ។​ ​លិខិត​របស់​តំណាង​សមាគម​មូលនិធិ​ក្រុមហ៊ុន​​បញ្ជា​ទិញ​ចំនួន​ប្រាំមួយ​រួមមាន​ American Apparel and Footwear Association, amfori-Trade with Purpose, Ethical Trading Initiative, Fair Labor Association,  Fair Wear Foundation និង​ ​Social Accountability International បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​ឲ្យបាន​នូវ​ការ​​គោរព​សិទ្ធិ​មនុស្ស​ពេញលេញ​ ​ប្រសិន​បើ​រដ្ឋា​​ភិបាល​ប្រទេស​នេះ​​ មិន​ចង់​ឃើញ​ឧស្សាហកម្ម​កាត់​ដេរ​របស់ខ្លួន​ ធ្លាក់​ក្នុង​គ្រោះ​ថ្នាក់។

តំណាង​សមាគម​មូលនិធិ​ក្រុមហ៊ុនបញ្ជា​ទិញអន្តរជាតិ​ធំៗ​ចំនួន​ប្រាំមួយ​ ​ដែល​ភាគច្រើន​មក​ពី​សហរដ្ឋ​អាមេរិក​ និង​សហ​ភាព​អឺរ៉ុប​ បាន​ព្រមាន​រដ្ឋា​ភិបាល​កម្ពុជា​ អំពីភាព​គ្រោះថ្នាក់​នៃ​វិស័យ​កាត់​ដេរ​របស់​កម្ពុជា​ ដែល​ពួក​គេ​បាន​ពណ៌នា​ថា​ ជា​ឧស្សាហកម្ម​ជោគ​ជ័យ​មួយ​របស់​ប្រទេសនេះ។​ ​នេះ​បើ​យោង​តាម​លិខិត​របស់​តំណាង​សមាគម​មូលនិធិ​ក្រុមហ៊ុនបញ្ជា​ទិញ​ធំៗ​ទាំង​ប្រាំមួយ​នេះ​ដែល​ ​VOA​ ​បាន​ទទួល​នៅ​ថ្ងៃ​ អង្គារ ​នេះ។​

ការ​ព្រមាន​របស់​តំណាង​សមាគម​មូលនិធិ​ក្រុម​ហ៊ុនបញ្ជា​ទិញ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ប្រាំខែ​ដែល​រដ្ឋាភិបាល​ ​មិនបាន​ធ្វើឲ្យ​ប្រសើរ​ឡើង​ក្នុង​ការ​អនុវត្ត​សិទ្ធិ​របស់​កម្មករ​ដើម្បី​ជ្រើស​រើស​ភាព​ជា​តំណាង​សម្រាប់​ការ​ចរចា​ដោះស្រាយ​វិវាទ​ការងារ​ ​ និង​បញ្ហា​ជា​ច្រើន​ទៀត​ ដែល​ក្នុង​នោះ​មាន​បញ្ហា​ពាក់​ព័ន្ធការ​ស្រាវជ្រាវ​រក​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ ​ខណៈ​ដែល​មេដឹកនាំ​សហជីព​ ដែល​ធ្វើការ​បម្រើ​ប្រយោជន៍​កម្មករ​កំពុង​ជាប់​ក្នុង​បណ្តឹង​ព្រហ្មទណ្ឌ​ជា​ច្រើន​ករណី​ និង​ការ​រឹតត្បិត​សេរីភាព​សហជីព​នៅ​បន្ត​កើត​មាន​ឡើង​នៅ​ឡើយ។

លិខិត​របស់​តំណាង​សមាគម​មូលនិធិ​ក្រុមហ៊ុនបញ្ជា​ទិញធំៗ​ចំនួន​ប្រាំមួយ​ ដែល​ក្នុង​នោះ​មានស្ថាប័ន​គំនិត​ផ្តួច​ផ្តើម​សីលធម៌​ពាណិជ្ជកម្ម ​(Ethical Trading Initiative) ​និង American Apparel and Footwear Association​ ចុះថ្ងៃ​ទី​១៩​ ខែ​មីនា​ ឆ្នាំ​២០១៨​ និង​បាន​ផ្ញើ​ជូនលោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែននោះ ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ជាបន្ទាន់​នូវ​ការ​ប្តេជ្ញា​នានា​របស់​ខ្លួន ​ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៦ ​ខែតុលា​ ឆ្នាំ​២០១៧​ ​ដើម្បី​ធ្វើឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​សំខាន់ៗ​ ​សម្រាប់​កំណែ​ទម្រង់​ច្បាប់​ការងារ។​

​ដោយ​ភ្ជាប់​ជាមួយ​ការ​វិវត្ត​នានា​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​លិខិត​ដែល​មាន​ឈ្មោះ​លោក​ ​Peter McAllister​ ​នាយក​ប្រតិបត្តិ​នៃ​គំនិត​ផ្តួចផ្តើម​សីលធម៌​ពាណិជ្ជ​កម្ម​បាន​សរសេរ​តាម​ន័យ​ដើម​ថា៖

«ជាង​នេះ​ទៅ​ទៀត​ ​យើង​សរសេរ​ដើម្បី​បញ្ជាក់​ពី​ការ​បារម្ភ​ដែល​បន្ត​កើន​ឡើង​របស់​ពួក​យើង​ចំពោះ​ការ​វិវត្ត​ជាច្រើន​ដែល​ទំនង​ជា​នឹង​មិនត្រឹម​តែធ្វើ​ឲ្យ​ខូចខាត​វឌ្ឍនភាព​ឆ្ពោះ​ទៅ​ពង្រឹង​សិទ្ធិ​កម្មករ​នោះ​ទេ​ ប៉ុន្តែ​វា​ហាក់​ដូច​ជា​បង្កើត​បរិយាកាស​មួយ​ ​ដែល​បាន​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ការ​ការពារ​សិទ្ធិ​មនុស្ស​ទៀត​ផង»។​

រូបភាពឯកសារ៖ ក្រុម​សហជីព​ និង​សមាគម​ប្រមាណជាង​២០ ក្រុម​ និង​កម្មកររោងចក្រ​កាត់ដេរ​ សំណង់​ ក្រុម​អ្នក​បររ៉ឺម៉​កង់បី​ និង ក្រុម​យុវជន​ជាង ១០០០ នាក់​ចូលរួម​ហែ​ញត្តិ​ផ្ញើរ​ទៅ​កាន់​រដ្ឋធ​សភា នៅ​ទិវា​ពលកម្ម​អន្តរជាតិខួប​លើក​ទី​១៣១​ នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ ២០១៧។
រូបភាពឯកសារ៖ ក្រុម​សហជីព​ និង​សមាគម​ប្រមាណជាង​២០ ក្រុម​ និង​កម្មកររោងចក្រ​កាត់ដេរ​ សំណង់​ ក្រុម​អ្នក​បររ៉ឺម៉​កង់បី​ និង ក្រុម​យុវជន​ជាង ១០០០ នាក់​ចូលរួម​ហែ​ញត្តិ​ផ្ញើរ​ទៅ​កាន់​រដ្ឋធ​សភា នៅ​ទិវា​ពលកម្ម​អន្តរជាតិខួប​លើក​ទី​១៣១​ នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ ២០១៧។

លិខិត​ដដែល​នោះ​បាន​បន្ត​ក្នុង​ន័យ​ដើម​ថា៖​

«ហេតុ​ដូច​នេះ​ យើង​ក៏សូម​ទទូច​ឲ្យ​រដ្ឋាភិបាល​របស់លោក​ ធានា​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​សេរីភាព​មូល​ដ្ឋាន​ជា​ច្រើន​ទៀត​ និង​ផ្តល់​ការ​ការ​ពារ​ពេញលេញ​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំងអស់​នៅក្នុង​ប្រទេស​របស់លោក។ ​សេរីភាព​នយោបាយ​ នីតិរដ្ឋ​ និង​ការ​អនុវត្ត​សិទ្ធិ​កម្មករ​និង​ជន​ស៊ីវិល​អន្តរជាតិ​ គឺ​ជា​កត្តាបាច់​ខ្លាំង​ណាស់​ សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ ​និង​ជំនួញ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ»។​

កាលពី​ថ្ងៃ​ទី​ ១៦​ ខែ ​តុលា ​ឆ្នាំ ២០១៧​ ​ លោក អ៊ិត សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារបាន​ចេញ​សេចក្តីប្រកាស​មួយ​អំពី​ការ​សម្រួល​លក្ខខណ្ឌ​មួយ​ចំនួន​ ដើម្បី​ពង្រីក​លំហ​សេរីភាព​សម្រាប់​ដោះស្រាយ​បញ្ហា​នានា​ទាក់ទិន​នឹង​ទំនាក់​ទំនង​ការងារ​ក្នុង​ឧស្សាហ​កម្ម​កាត់ដេរ​នៅ​កម្ពុជា។​

តាម​សេចក្ត​ប្រកាស​នោះ​ លោក ​អ៊ិត សំហេង ​បាន​ប្រាប់​លោក​ ​Peter McAllister​ ​អំពី​ការ​ប្រែប្រួល​មួយ​ចំនួន​ក្នុង​វិស័យ​ការងារ​ក្នុង​ឧស្សាហ​កម្ម​កាត់ដេរ​ ​រួម​មាន​ការ​បញ្ឈប់​ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​នីតិវិធី​ជម្រះ​ក្តី​វិវាទ​ការងារ​ទៅ​តាម​មតិ​យោបល់​របស់​សិក្ខា​សាលា​ត្រី​ភាគី ​និង​ភាគី​ពាក់ព័ន្ធ​នានា​ ដោយ​បន្ត​ប្រើ​យន្តការ​ផ្សះផ្សា​ និង​ដោះស្រាយ​វិវាទ​ដែល​មាន​ស្រាប់​ និង​ការ​កែ​សម្រួល​មាត្រា​១៦​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ឯករាជ្យ​អំពី​ប្រាក់​ឈ្នួល​អប្បបរមា​ និង​ការ​បើក​ឲ្យ​មាន​ការ​ពិភាក្សា​ត្រី​ភាគី​បន្ថែម​ទៀត។​

លោក​ ​អ៊ិត សំហេង​ បញ្ជាក់​ឲ្យ​ដឹង​ពី​ការ​កែ​ប្រែ​ចំណុច​សំខាន់ៗ​ពីរ​ផ្សេង​ទៀត​ គឺ​ការ​រៀបចំ​ប្រកាស​ ដើម្បី​ដាក់​ជូន​សិក្ខា​សាលា​ត្រីភាគី​ពិនិត្យ​ ផ្តល់​យោបល់​ដោយ​ផ្តល់​សិទ្ធិ​ដល់​សហជីព​ ដែល​មាន​សមាជិក​ភាគតិច​ ក្នុង​ការ​ធ្វើ​ជា​តំណាង​សមាជិក​របស់​ខ្លួន​ដើម្បី​ដោះ​ស្រាយ​វិវាទ​ការងារ​រួម​ និង​ការ​រៀបចំ​សិក្ខា​សាលា​ថ្នាក់​ជាតិ​ដើម្បី​ពិនិត្យ​ និង​កែ​សម្រួល​នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​សហជីព​ឲ្យ​កាន់​តែ​មាន​តម្លាភាព​ មាន​ប្រសិទ្ធ​ភាព​ និង​ធានា​បាន​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ​នៅ​កម្ពុជា។

យ៉ាង​ណាមិញ​ ក្រោយការ​ប្រកាស​នេះ​រយៈពេល៥ខែ​ ការ​វិវត្ត​ទៅ​មុខ​មាន​តិចតួច​ក្នុង​ការ​បើក​ទូលាយ​ឡើងវិញ​នូវ​ការ​អនុវត្ត​សិទ្ធិ​កម្មករ​ និង​សហជីព។​ នេះ​បើ​យោង​តាម​លិខិត​របស់​តំណាង​សមាគម​មូលនិធិ​ក្រុមហ៊ុនបញ្ជា​ទិញ​ធំៗ​ចំនួន​ប្រាំមួយ ​ដែល​បាន​ចម្លង​ជូនលោក​ អ៊ិត សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ រដ្ឋ​មន្ត្រី​និងមន្ត្រីការ​ទូត​ប្រាំ​រូប​ផ្សេង​ទៀត​ផង​ដែរ។​

លោក​ ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​ ថ្លែង​ថា លោក​មិន​បាន​ដឹង​ពី​លិខិត​នេះ​ទេ។​ ​VOA ​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​ ​ហេង សួ ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​ តែ​មិន​អាចទាក់​ទង​បាន​ទេ​ នៅ​ថ្ងៃ​អង្គារ​នេះ។ ​VOAក៏មិនទាន់​អាច​ទាក់​ទង​មេដឹកនាំ​សហជីព​ធំៗ​មួយ​ចំនួន​ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​លិខិត​របស់​តំណាង​សមាគម​មូលនិធិ​ក្រុមហ៊ុនបញ្ជា​ទិញ​នេះ​ដែរ​ ក្នុងនោះ​មាន​លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ និង​លោក ប៉ាវ ស៊ីណា ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា ​ដែល​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ជាប់​បទចោទ​ប្រកាន់​ខាង​ព្រហ្មទណ្ឌ។​

រូបភាពឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ជួប​កម្មកររោងចក្រ កាល​ពី​ថ្ងៃ​ពុធ ទី ៣០ ខែ​ កក្កដា ឆ្នាំ ​២០១៧។ (រូបថត​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
រូបភាពឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ជួប​កម្មកររោងចក្រ កាល​ពី​ថ្ងៃ​ពុធ ទី ៣០ ខែ​ កក្កដា ឆ្នាំ ​២០១៧។ (រូបថត​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

លិខិត​របស់​តំណាង​សមាគម​មូលនិធិ​ក្រុម​ហ៊ុនបញ្ជា​ទិញ​ធំៗនេះ​ក៏​បាន​ពណ៌នា​អំពី​ភាព​ដឹកនាំ​ខ្លាំងកា្ល​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ប្រែ​ក្លាយ​ឧស្សាហ​កម្ម​កាត់ដេរ ​ដែល​មាន​ទឹក​ប្រាក់​ត្រឹម​តែ​២៧​លាន​ដុល្លារ​អាមេរិក​ កាលពី​ឆ្នាំ​១៩៩៥​ មក​ជា​ឧស្សាហកម្ម​ដែល​មាន​ទឹកប្រាក់​ជាង​ ៦ពាន់​លាន​ដុល្លារ​អាមេរិក​ ហើយ​បាន​ផ្តល់ការងារ​ដល់​កម្មករ​ជាង​៦៥០.០០០​នាក់។​ ក៏ប៉ុន្តែ​ការ​រំលោភបំពាន​លើ​សិទ្ធិ​កម្មករ​ សហជីព​ និង​បញ្ហា​អសកម្ម​ផ្សេង​ទៀត​ក្នុង​វិស័យ​កាត់​ដេរ​ បាន​បន្តជា​ក្តីបារម្ភ​របស់​តំណាង​សមាគម​មូលនិធិ​ក្រុមហ៊ុនបញ្ជា​ទិញ។

លិខិត​របស់​តំណាង​សមាគម​មូលនិធិ​ក្រុមហ៊ុនបញ្ជា​ទិញ​ធំៗ​ចំនួន​ប្រាំមួយ​ដដែល​នោះ​ បាន​សរសេរ​ ដោយ​សង្កត់​ធ្ងន់​តាម​ន័យ​ដើម​ថា៖​

«ហេតុ​ដូច្នេះ​ ​យើង​នៅតែ​ព្រួយ​បារម្ភ​ថា ​ការ​ខ្វះ​វិធានការ​ដើម្បី​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ចំពោះ​បញ្ហាទាំង​អម្បាល​ម៉ាន​ ដែល​មានសារៈសំខាន់​ខ្លាំង​ដល់​សមាជិក​របស់​ពួក​យើង​ ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​នោះ​ នឹង​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​រឿង​រ៉ាវ​ជោគជ័យ​ដ៏​ធំ​ធេង​នេះ»។

លិខិត​នោះ​បាន​បន្ថែម​ថា៖​

«ហេតុ​ដូច​នេះ​យើង​រង់ចាំ​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​របស់​លោក ឆ្ពោះ​ទៅ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ ដែល​នឹង​ធ្វើឲ្យឧស្សាហ​កម្ម​របស់​ប្រទេស​កម្ពុជា​និង​ប្រទេស​របស់​លោក​បន្ត​រីកចម្រើន​ល្អ​និង​រុងរឿង​ទៅ​ថ្ងៃ​អនាគត»។

តំណាង​សមាគម​មូលនិធិ​ក្រុមហ៊ុនបញ្ជា​ទិញ​ក៏​បាន​ទាមទារ​ឲ្យ​បញ្ឈប់​រាល់​ទម្រង់​នៃ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ រាប់​ទាំង​តាម​ផ្លូវ​តុលាការ​ ​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ តំណាង​សមាគម​មូលនិធិ​ក្រុមហ៊ុនបញ្ជា​ទិញ​ក៏បានយល់​ស្រប​ជា​មួយ​ការ​ថ្លែង​របស់​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​បាន​និយាយ​ថា៖​

«ការ​រឹតត្បិត​សំឡេង​ប្រជា​ពលរដ្ឋ​កម្ពុជា​ នៅ​ទីបំផុត​ អាច​ជាការ​គំរាម​កំហែង​ដល់​ស្ថិរភាព​ដែល​រដ្ឋាភិបាល​ និង​ប្រជា​ពលរដ្ឋ​បាន​ធ្វើការ​យ៉ាង​លំបាក​ដើម្បី​កសាង​វា»។​

តំណាង​សមាគម​មូលនិធិ​ក្រុមហ៊ុនបញ្ជា​ទិញ​ទាំង​ប្រាំមួយ​ ដែល​បាន​ផ្ញើលិខិត​ជូន​លោក​ ហ៊ុន សែន​ រួម​មាន​ American Apparel and Footwear Association, amfori-Trade with Purpose, Ethical Trading Initiative, Fair Labor Association,​ Fair Wear Foundation ​និង​ ​Social Accountability International៕

XS
SM
MD
LG