ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​បរាជ័យ​​នៅ​ WHO ប្រធានាធិបតី​តៃវ៉ាន់​​នឹង​ប្តេជ្ញា​ចូលរួម​សកម្មភាព​អន្តរជាតិ​កាន់​តែ​ខ្លាំង


ប្រធានាធិបតី​កោះតៃវ៉ាន់ អ្នកស្រី Tsai Ing-wen ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​សាកល នៅ​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់ ថ្ងៃ​ពុធ​ ទី​១ ខែមករា ឆ្នាំ​២០២០។

ក្រោយ​កោះ​តៃវ៉ាន់បរាជ័យ​មិនបាន​ចូល​រួម​នៅ​ក្នុង​ការប្រជុំរបស់​អង្គការ​សុខភាព​ពិភពលោក WHO នៅដើម​សប្តាហ៍​នេះ​ រដ្ឋាភិបាល​តៃវ៉ាន់​ប្តេជ្ញា​ថា​នឹង​ចូល​រួម​យ៉ាង​សកម្ម​ជាមួយ​នឹង​អង្គការ​ពិភពលោក​នានា​និង​មិន​ឲ្យ​ប្រទេស​ចិន​មើល​ងាយ​ទេ។

នេះ​ជា​សារ​ប្តេជ្ញា​ដែល​គេ​រំពឹង​ថា​នឹងត្រូវ​ថ្លែង​ដោយ​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen នៅ​ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​អាណត្តិ​ទី​២​របស់​លោកស្រី​នៅ​ថ្ងៃ​ពុធ​នេះ។

គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​របស់លោកស្រី Tsai បាន​ឈ្នះ​ការ​បោះឆ្នោត​ភ្លូកទឹកភ្លូក​ដី​កាល​ពី​ខែ​មករា ដោយ​សន្យា​ថា​នឹងប្រកាន់​ជំហរ​តឹងរ៉ឹង​ជាង​មុន​ជាមួយ​នឹង​ប្រទេស​ចិន។ កន្លង​មក ចិន​បាន​ទាមទារ​ថា ​តៃវ៉ាន់​ជា​ដែនដី​របស់​ចិន ហើយក្រុង​ប៉េកាំង​អាច​ត្រូវ​ច្បាំងយក​មក​វិញ​បើ​ចាំ​បាច់។

ប៉ុន្តែ​អ្នក​ស្រី Tsai ថា តៃវ៉ាន់​បាន​ក្លាយ​ទៅ​ជា​រដ្ឋ​ឯករាជ្យ​មួយ​រួច​ទៅ​ហើយ ដោយ​ប្រើ​ឈ្មោះ​ផ្លូវការ​ថា «សាធារណរដ្ឋ​ចិន»។

នៅ​ពេល​នេះ​តៃវ៉ាន់​ត្រូវ​ការ​ចូល​រួម​ជាមួយ​អង្គការ​នានា​ដូច​ជា​អង្គការ​សុខភាព​ពិភពលោក​ដោយសារ​វិបត្តិ​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ដែល​ត្រូវ​គេ​រក​ឃើញ​ដំបូង​នៅ​ចិន​ដី​គោក។

កោះ​តៃវ៉ាន់​តែង​ត្រូវ​គេ​រារាំង​មិន​ឲ្យ​ចូល​រួម​ក្នុង​អង្គការ​អន្តរជាតិ​ដូច​ជា​ WHO ដោយ​សារ​មាន​ការ​ប្រឆាំង​ពី​ប្រទេស​ចិន ហើយ​ក្នុង​សប្តាហ៍​នេះ​តៃវ៉ាន់​មិន​បាន​ចូល​រួម​សន្និបាត​សុខភាព​ពិភពលោក​របស់ WHO ទេ បើ​ទោះ​បី​ជា​មាន​ការជំរុញ​ពី​សហរដ្ឋអាមេរិក​ ជប៉ុន អង់គ្លេស អាល្លឺម៉ង់ ​និង​ប្រទេស​មួយ​ចំនួន​ទៀត​ក៏​ដោយ៕

XS
SM
MD
LG