ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​ថា​ខ្លួន​ត្រូវការ​មីស៊ីល​ដែល​បាញ់​បាន​ចម្ងាយ​ឆ្ងាយ​ដើម្បី​រារាំង​ចិន


រូបឯកសារ៖ ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen ចុះ​ត្រួត​ពិនិត្យ​មើល​ទាហាន​ជើងទឹក​ក្នុង​អំឡុង​ពេល​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​​មីស៊ីល PFG-1112 Ming Chuan និងមីស៊ីល PFG-1115 Feng Chia នៅ​មូលដ្ឋាន​ទ័ព Zuoying នៅ​ទីក្រុងKaohsiung កោះតៃវ៉ាន់ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ (Reuters)
រូបឯកសារ៖ ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen ចុះ​ត្រួត​ពិនិត្យ​មើល​ទាហាន​ជើងទឹក​ក្នុង​អំឡុង​ពេល​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​​មីស៊ីល PFG-1112 Ming Chuan និងមីស៊ីល PFG-1115 Feng Chia នៅ​មូលដ្ឋាន​ទ័ព Zuoying នៅ​ទីក្រុងKaohsiung កោះតៃវ៉ាន់ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ (Reuters)

រដ្ឋមន្ត្រី​ការពារ​ជាតិ​តៃវ៉ាន់​លោក Chiu Kuo-cheng បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា តៃវ៉ាន់​ត្រូវការ​អាវុធ​ដែល​បាញ់​បាន​ចម្ងាយ​ឆ្ងាយ​និង​ចំ​គោលដៅ ដើម្បី​រារាំង​ប្រទេស​ចិន​ដែល​កំពុង​អភិវឌ្ឍ​ប្រព័ន្ធ​អាវុធ​របស់​ខ្លួន​យ៉ាង​ឆាប់​រហ័ស​សម្រាប់​វាយ​ប្រហារ​កោះ​តៃវ៉ាន់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នៅ​ខែ​នេះ តៃវ៉ាន់​បាន​ស្នើ​បន្ថែម​ការ​ចំណាយ​ជិត ៩ ពាន់​លាន​ដុល្លារ​ទៀត​លើ​វិស័យ​ការពារ​ជាតិ​សម្រាប់​រយៈពេល ៥ ឆ្នាំ​ខាង​មុខ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ចំណាយ​លើ​មីស៊ីល​ថ្មី​ផងដែរ។ តៃវ៉ាន់​ស្នើ​ដូច្នេះ ខណៈ​ពេល​ដែល​ខ្លួន​បាន​លើកឡើង​អំពី​តម្រូវការ​បន្ទាន់​នៅ​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​អាវុធ​នៅពេល​កំពុង​ប្រឈម​នឹង «ការ​គំរាមកំហែង​ធ្ងន់ធ្ងរ» ពី​ប្រទេស​ចិន។

លោក Chiu បាន​ថ្លែង​នៅ​ក្នុង​រដ្ឋសភា​ថា តៃវ៉ាន់​ចាំបាច់​ត្រូវតែ​មាន​លទ្ធភាព​បង្ហាញ​ឱ្យ​ចិន​ដឹង​ថា ខ្លួន​អាច​ការពារ​ខ្លួន​ឯង​បាន។ លោក​បាន​បន្ថែម​ដោយ​សំដៅ​លើ​សមត្ថភាព​មីស៊ីល​របស់​តៃវ៉ាន់​ថា៖ «អាវុធ​អភិវឌ្ឍន៍​ថ្មី​នេះ​ត្រូវតែ​អាច​បាញ់​បាន​ចម្ងាយ​ឆ្ងាយ ជាក់លាក់​ចំ​គោលដៅ និង​អាច​ចល័ត​បាន ដើម្បី​ឱ្យ​សត្រូវ​ដឹង​ថា យើង​ត្រៀម​ខ្លួន​រួចរាល់​នៅពេល​ពួកគេ​បញ្ជូន​កងទ័ព​មក»។

នៅ​ក្នុង​របាយការណ៍​ជា​លាយលក្ខណ៍​អក្សរ​មួយ​ផ្ញើ​ទៅកាន់​រដ្ឋសភា ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​បាន​បញ្ជាក់​ថា មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​និង​រយៈ​ចម្ងាយ​ឆ្ងាយ​កំពុង​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​សមយុទ្ធ​បាញ់​ស្ទាក់​នៅ​កន្លែង​សាកល្បង​សំខាន់​មួយ​នៅ​មាត់​សមុទ្រ​ភាគ​អាគ្នេយ៍​កោះ​តៃវ៉ាន់។

លោក Chiu បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ដល់​អ្នក​យក​ព័ត៌មាន​អំពី​ថា​តើ​មីស៊ីល​របស់​តៃវ៉ាន់​អាច​បាញ់​បាន​ចម្ងាយ​ប៉ុន្មាន​នោះ​ទេ ដែល​នេះ​ជា​អ្វី​ដែល​រដ្ឋាភិបាល​តៃវ៉ាន់​តែងតែ​លាក់​ការណ៍​បាន​យ៉ាង​ល្អ៕

XS
SM
MD
LG