ការចំណាយផ្នែកការពាររបស់កោះតៃវ៉ាន់នៅក្នុងឆ្នាំនេះនឹងផ្ដោតលើការត្រៀមសព្វាវុធសម្រាប់ «ការបិទខ្ទប់ទាំងស្រុង» ដែលធ្វើឡើងដោយប្រទេសចិន ដោយការចំណាយមួយផ្នែកក្នុងចំណោមនោះគឺលើគ្រឿងបន្លាស់សម្រាប់យន្តហោះចម្បាំង F-16 និងការបំពេញបន្ថែមនូវសព្វាវុធផ្សេងៗ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើរបាយការណ៍របស់យោធាតៃវ៉ាន់។
ប្រទេសចិនដែលចាត់ទុកតៃវ៉ាន់ថាជាដែនដីរបស់ខ្លួនបានធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់កាលពីខែសីហាឆ្នាំមុន ដោយបានបាញ់មីស៊ីលកាត់ពីលើទីក្រុងតៃប៉ិនិងប្រកាសតំបន់គ្មានការហោះហើរនិងគ្មានការធ្វើនាវាចរណ៍នៅក្នុងការហាត់សមឱ្យដូចមែនទែនក្នុងស្ថានការណ៍ដែលខ្លួនកាត់ផ្ដាច់តៃវ៉ាន់នៅក្នុងសង្គ្រាម។
នៅក្នុងរបាយការណ៍មួយដែលមានបំណងចង់ឱ្យមានការអនុម័តពីសភាលើកញ្ចប់ថវិកាចំណាយ ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថា ខ្លួនបានចាប់ផ្ដើមពិនិត្យលើធនធានប្រេងឥន្ធនៈបម្រុងទុកផ្នែកយុទ្ធសាស្ត្រនិងសមត្ថភាពជួសជុលរបស់ខ្លួនកាលពីឆ្នាំមុន ប៉ុន្តែមិនបានផ្ដល់ព័ត៌មានលម្អិតនោះទេ។
ក្រសួងការពារជាតិតៃវ៉ាន់បានបន្ថែមថា ដោយ «ប្រមើលមើលទុកជាមុនអំពីការបិទខ្ទប់ទាំងស្រុងលើច្រកសមុទ្រតៃវ៉ាន់» ការចំណាយនៅក្នុងឆ្នាំនេះនឹងរួមមាននូវការបំពេញបន្ថែមនូវស្តុកកាំភ្លើងធំនិងគ្រាប់រ៉ុក្កែត និងគ្រឿងបន្លាស់សម្រាប់យន្តហោះចម្បាំង F-16 ផងដែរ «ដើម្បីពង្រឹងនិរន្តភាពនៃការប្រយុទ្ធ»។
នៅក្នុងការធ្វើបច្ចុប្បន្នភាពអំពីការវាយតម្លៃលើការគំរាមកំហែងពីប្រទេសចិន ក្រសួងការពារជាតិតៃវ៉ាន់បានលើកឡើងថា យោធាចិនបានធ្វើប្រតិបត្តិការកងកម្លាំងរួមដោយសម្លឹងលើការត្រួតត្រាលើចំណុចបិទខ្ទប់យុទ្ធសាស្ត្រនិងការរារាំងលទ្ធភាពរបស់កងកម្លាំងបរទេសមិនឱ្យចូលដល់ទីនោះ។
ក្រសួងនេះបានបញ្ជាក់នៅក្នុងរបាយការណ៍ដូច្នេះថា៖ «កាលពីពេលថ្មីៗនេះ ទម្រង់សមយុទ្ធនិងហ្វឹកហាត់របស់យោធាកុម្មុយនីស្ត [ចិន] បានកែសម្រួលពីប្រភេទយោធាតែមួយទៅជាប្រតិបត្តិការរួមនៃកងកម្លាំងជើងគោក ជើងទឹក ជើងអាកាស និងរ៉ុក្កែត»។ របាយការណ៍នេះបានចេញផ្សាយនៅមុនពេលដែលរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់លោក Chiu Kuo-cheng ទទួលសំណួរពីសមាជិកសភានៅក្នុងសភាតៃវ៉ាន់កាលពីថ្ងៃពុធសប្ដាហ៍មុន។
ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសចិនត្រូវតែធ្វើទំនើបកម្មយោធារបស់ខ្លួនដើម្បីធ្វើឱ្យក្លាយទៅជា «ជញ្ជាំងដែកថែបដ៏រឹងមាំអស្ចារ្យ»។
លោក Xi ក៏បានបញ្ជាក់ផងដែរថា ទាក់ទិននឹងរឿងតៃវ៉ាន់ ចិនត្រូវតែប្រឆាំងនឹងសកម្មភាពគាំទ្រឯករាជ្យភាពនិងផ្ដាច់ខ្លួនណាមួយ ហើយនឹងប្រឆាំងនឹងការជ្រៀតជ្រែកពីកងកម្លាំងខាងក្រៅ៕