ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​ទទួល​បាន​រថក្រោះ Abrams ទំនើប ៣៨ គ្រឿង​ពី​សហរដ្ឋ​អាមេរិក


ក្រសួងការពារជាតិរបស់តៃវ៉ាន់ បង្ហាញទាហានដែលទទួលយករថក្រោះប្រយុទ្ធ M1A2 Abrams ផលិតដោយសហរដ្ឋអាមេរិកនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពនៅស្រុក Hsinchu ដែនដីតៃវ៉ាន់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។
ក្រសួងការពារជាតិរបស់តៃវ៉ាន់ បង្ហាញទាហានដែលទទួលយករថក្រោះប្រយុទ្ធ M1A2 Abrams ផលិតដោយសហរដ្ឋអាមេរិកនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពនៅស្រុក Hsinchu ដែនដីតៃវ៉ាន់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។

តៃវ៉ាន់​បាន​ទទួល​រថក្រោះ​ចម្បាំង Abrams ទំនើប​ចំនួន ៣៨ គ្រឿង​ពី​សហរដ្ឋ​អាមេរិក ដែល​នេះ​គឺជា​ការ​ទទួល​បាន​រថក្រោះ​ថ្មី​ដំបូង​បង្អស់​របស់​តៃវ៉ាន់​នៅក្នុង​រយៈពេល ៣០ ឆ្នាំ​ចុងក្រោយ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ដែល​យោង​លើ​ការ​បញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​កាលពី​ថ្ងៃ​ចន្ទ។

សហរដ្ឋ​អាមេរិក​គឺជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​បំផុត​និង​ជា​អ្នក​ផ្គត់ផ្គង់​សព្វាវុធ​ដ៏​ធំ​បំផុត​ជា​យូរ​មក​ហើយ​របស់​តៃវ៉ាន់ ដោយ​ធ្វើ​ឲ្យ​ចិន​ដែល​អះអាង​ថា​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ខឹង​សម្បា។

រថក្រោះ​ប្រភេទ M1A2 ចំនួន ៣៨ គ្រឿង​នេះ​ដែល​ជា​ក្រុម​ដំបូង​នៃ​រថក្រោះ​ប្រភេទ​នេះ​សរុប​ចំនួន ១០៨ គ្រឿង ត្រូវបាន​បញ្ជាទិញ​កាលពី​ឆ្នាំ ២០១៩។ រថក្រោះ​ក្រុម​ដំបូង​នេះ​ត្រូវបាន​បញ្ជូន​ដល់​តៃវ៉ាន់​កាលពី​យប់​ថ្ងៃ​អាទិត្យ​និង​ត្រូវបាន​ផ្ទេរ​ទៅកាន់​មូលដ្ឋាន​ហ្វឹកហ្វឺន​យោធា​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Hsinchu ភាគ​ខាងត្បូង​រដ្ឋធានី​តៃប៉ិ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់។

ទីភ្នាក់ងារ​ព័ត៌មាន​កណ្ដាល​ពាក់​កណ្ដាល​ផ្លូវការ​របស់​តៃវ៉ាន់​បាន​រាយការណ៍​ថា រថក្រោះ​ទាំងនេះ​គឺ​ជា​រថក្រោះ​ថ្មី​ដំបូង​បង្អស់​ដែល​បញ្ជូន​ទៅ​ដល់​តៃវ៉ាន់​នៅក្នុង​រយៈពេល ៣០ ឆ្នាំ​ចុងក្រោយ​នេះ។

កម្លាំង​រថក្រោះ​របស់​តៃវ៉ាន់​នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​រថក្រោះ CM 11 Brave Tiger ផលិត​នៅ​តៃវ៉ាន់​និង​រថក្រោះ M60A3 ផលិត​នៅ​សហរដ្ឋ​អាមេរិក​សរុប​ចំនួន​ប្រហែល ១.០០០ គ្រឿង។ រថក្រោះ Abrams ដែល​ជា​រថក្រោះ​ធ្ងន់​ជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភពលោក​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​យោធា​សហរដ្ឋ​អាមេរិក។

ក្រសួង​ការបរទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​បាន​ជំរុញ​សហរដ្ឋ​អាមេរិក​ឲ្យ «បញ្ឈប់​ការ​ផ្ដល់​សព្វាវុធ​ដល់​តៃវ៉ាន់...និង​បញ្ឈប់​ការ​គាំទ្រ​កងកម្លាំង​ឯករាជ្យភាព​តៃវ៉ាន់»។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Lin Jian បាន​និយាយ​ថា៖ «ការ​ប៉ុនប៉ង​របស់​អាជ្ញាធរ​តៃវ៉ាន់​នៅក្នុង​ការ​ស្វែងរក​ឯករាជ្យ​តាមរយៈ​កម្លាំង​និង​ការ​ជួយ​របស់​បរទេស​គឺ​នឹង​បរាជ័យ​ជាក់ជា​មិន​ខាន»។

លោក​បាន​បន្ថែម​ថា៖ «ចិន​នឹង​ការពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​អធិបតេយ្យភាព​ជាតិ សន្តិសុខ និង​បូរណភាព​ទឹកដី​របស់​ខ្លួន»៕

XS
SM
MD
LG