ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​តៃវ៉ាន់​ថា កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​លោក Trump នឹង​កាន់តែ​ស៊ីជម្រៅ


រូបឯកសារ៖ ប្រធានាធិបតី​តៃវ៉ាន់ លោក ឡៃ ឈីង​តេ ថ្លែង​សុន្ទរកថា​សំខាន់​ក្នុង​ថ្ងៃ​បុណ្យជាតិ​ដើម្បី​ប្រារព្ធ​ខួប​កំណើត​គម្រប់ ១១៣ ឆ្នាំ​នៃ​សាធារណរដ្ឋ​ចិន ដែល​ជា​ឈ្មោះ​ផ្លូវការ​របស់​តៃវ៉ាន់ នៅ​ទីក្រុង​តៃប៉ិ ប្រទេស​តៃវ៉ាន់ ថ្ងៃទី ១០ ខែ​តុលា ឆ្នាំ ២០២៤។
រូបឯកសារ៖ ប្រធានាធិបតី​តៃវ៉ាន់ លោក ឡៃ ឈីង​តេ ថ្លែង​សុន្ទរកថា​សំខាន់​ក្នុង​ថ្ងៃ​បុណ្យជាតិ​ដើម្បី​ប្រារព្ធ​ខួប​កំណើត​គម្រប់ ១១៣ ឆ្នាំ​នៃ​សាធារណរដ្ឋ​ចិន ដែល​ជា​ឈ្មោះ​ផ្លូវការ​របស់​តៃវ៉ាន់ នៅ​ទីក្រុង​តៃប៉ិ ប្រទេស​តៃវ៉ាន់ ថ្ងៃទី ១០ ខែ​តុលា ឆ្នាំ ២០២៤។

ប្រធានាធិបតី​តៃវ៉ាន់​លោក Lai Ching-te បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក​មាន «ទំនុកចិត្ត» ថា​កិច្ច​សហប្រតិបត្តិការ​នឹង​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​រវាង​តៃវ៉ាន់​និង​រដ្ឋាភិបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ដែល​នឹង​ដឹកនាំ​ដោយ​លោក Donald Trump។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។ លោក​ថ្លែង​ដូច្នេះ​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​លោក​បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​នឹង​ប្រធាន​រដ្ឋសភា​អាមេរិក​លោក Mike Johnson ខាង​បក្ស​សាធារណរដ្ឋ​ដែល​ការ​និយាយ​តាម​ទូរស័ព្ទ​នេះ​ធ្វើ​ឲ្យ​ចិន​មិន​សប្បាយ​ចិត្ត។

ដូច​រដ្ឋាភិបាល​ដទៃទៀត​លើ​ពិភពលោក​ដែរ តៃវ៉ាន់​បាន​អបអរសាទរ​លោក Trump ជា​សាធារណៈ​ចំពោះ​ជ័យជម្នះ​របស់​លោក​នៅក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាលពី​ខែ​វិច្ឆិកា ស្របពេល​ដែល​កោះ​នេះ​មាន​បំណង​ទាក់ទាញ​ការ​គាំទ្រ​ពី​លោក Trump។

លោក Lai បាន​ប្រាប់​អ្នក​យកព័ត៌មាន​នៅក្នុង​ប្រទេស Palau ថា៖ «តៃវ៉ាន់​មាន​ទំនុកចិត្ត​ថា​ខ្លួន​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​ថែមទៀត​ជាមួយ​នឹង​រដ្ឋាភិបាល​ថ្មី [របស់​សហរដ្ឋ​អាមេរិក] ដើម្បី​តតាំង​នឹង​ការ​ពង្រីក​ឥទ្ធិពល​បែប​អាជ្ញាធិបតេយ្យ​និង​បង្កើត​វិបុលភាព​និង​ការ​អភិវឌ្ឍ​សម្រាប់​តៃវ៉ាន់​និង​សហរដ្ឋ​អាមេរិក ហើយ​ស្របពេល​នោះដែរ​រួម​ចំណែក​បន្ថែម​ទៀត​ចំពោះ​ស្ថិរភាព​និង​សន្តិភាព​នៅក្នុង​តំបន់»។

លោក Lai បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ដីកោះ Palau ដ៏​តូច​មួយ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​បាន​ធ្វើ​ទស្សនកិច្ច​នៅ​កោះ Guam ដែល​ជា​ដែនដី​របស់​សហរដ្ឋ​អាមេរិក។ នៅ​កោះ Guam នោះ លោក Lai បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​លោក Johnson ដែល​នេះ​គឺ​ជា​ការ​ទាក់ទង​កម្រិត​ខ្ពស់​បំផុត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដែល​លោក Lai បាន​ធ្វើ​ក្នុង​អំឡុង​ទស្សនកិច្ច​រយៈពេល​មួយ​សប្ដាហ៍​នេះ។

ក្រសួង​ការបរទេស​ចិន​បាន​ព្រមាន​តៃវ៉ាន់​កាលពី​ថ្ងៃ​សុក្រ​ថា «ការ​ស្វះស្វែង​រក​ឯករាជ្យភាព​ណាមួយ​ដោយ​មាន​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​នឹង​បុក​ផ្ទប់​នឹង​ជញ្ជាំង​ជា​មិនខាន»។ ក្រសួង​នេះ​ក៏​បាន​អំពាវនាវ​ផងដែរ​ឱ្យ​សហរដ្ឋ​អាមេរិក «បញ្ឈប់​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ដែល​ពាក់ព័ន្ធ​នឹង​តៃវ៉ាន់»។

នៅក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​សំណួរ​អំពី​លទ្ធភាព​ដែល​ចិន​អាច​ធ្វើ​សមយុទ្ធ​យោធា​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​នៅ​ចុង​សប្ដាហ៍​នេះ លោក Lai បាន​និយាយ​ថា៖ «ការ​លើក​កណ្ដាប់​ដៃ​របស់​អ្នក​ឡើង​គឺ​មិន​ល្អ​ដូច​ទៅនឹង​ការ​លា​ដៃ​របស់​អ្នក​ទេ»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG