ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អែលសាល់វ៉ាឌ័រ​ផ្ដាច់​ទំនាក់ទំនង​ការ​ទូត​ជាមួយ​តៃវ៉ាន់ និង​ងាក​ទៅ​រក​ចិន


រដ្ឋមន្ត្រី​ការបរទេស​អែលសាល់វ៉ាឌ័រ​លោក Carlos Castaneda (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​មួយ​ នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។
រដ្ឋមន្ត្រី​ការបរទេស​អែលសាល់វ៉ាឌ័រ​លោក Carlos Castaneda (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​មួយ​ នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។

ប្រទេស​អែលសាល់វ៉ាឌ័រ​បាន​កាត់​ផ្ដាច់​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​នឹង​កោះ​តៃវ៉ាន់ និង​បាន​ងាក​ទៅ​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​ប្រទេស​ចិន ដែល​ករណី​នេះ​គឺ​ជា​ការ​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​តៃវ៉ាន់​ឲ្យ​ទទួល​ស្គាល់​ថា កោះ​តៃវ៉ាន់​គឺ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន។

កិច្ច​ព្រមព្រៀង​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​ប្រទេស​ចិន​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​អែលសាល់វ៉ាឌ័រ​លោក Carlos Castaneda បាន​ចុះ​ហត្ថលេខា​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi នៅ​ក្នុង​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន។

លោក Wang Yi បាន​និយាយ​ថា ប្រជាពលរដ្ឋ​អែលសាល់វ៉ាឌ័រ​នឹង​ត្រេកអរ​ជាមួយ​នឹង​ផល​ប្រយោជន៍​ដ៏​ជាក់​ច្បាស់​ដែល​ទទួល​បាន​ពី​ទំនាក់ទំនង​ទ្វេភាគី​នេះ។

នៅ​ក្នុង​សុន្ទរកថា​ថ្លែង​ក្នុង​អំឡុង​ពេល​ប្ដូរ​ទំនាក់ទំនង​ការទូត​នេះ ប្រធានាធិបតី​អែលសាល់វ៉ាឌ័រ លោក Salvador Sanchez Ceren បាន​និយាយ​ថា រដ្ឋាភិបាល​របស់​លោក​ច្បាស់​ក្នុង​ចិត្ត​ថា «ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​ចិន​គឺ​ជា​ជំហាន​មួយ​នៅ​ក្នុង​ទិសដៅ​ត្រឹមត្រូវ‍»។

ប្រទេស​អែលសាល់វ៉ាឌ័រ​គឺ​ជា​ប្រទេស​ទី ៣ ហើយ ដែល​លះបង់​តៃវ៉ាន់​ដើម្បី​រត់​រក​ចិន​នៅ​ក្នុង​ឆ្នាំ​នេះ បន្ទាប់ពី​សាធារណរដ្ឋ​ដូមីនីក និង​ប្រទេស Burkina Faso បាន​ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​តៃវ៉ាន់​មក។ នា​ពេល​បច្ចុប្បន្ន​នេះ មាន​ប្រទេស​តូចៗ និង​ក្រីក្រ​តែ ១៧ ប្រទេស​ប៉ុណ្ណោះ ដែល​ទទួល​ស្គាល់​កោះ​តៃវ៉ាន់​ថា​ជា​ជាតិ​អធិបតេយ្យ​មួយ។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ឆ្លើយតប​ទៅ​នឹង​ការ​វិវត្តន៍​នេះ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing Wen បាន​សន្យា​ថា កោះ​តៃវ៉ាន់​នឹង​មិន​ចុះចាញ់​នឹង​សម្ពាធ​នេះ​ទេ ដោយ​តៃវ៉ាន់​ប្ដេជ្ញា​ថា​នឹង​រក្សា​នូវ​ភាព​ឯករាជ្យ​របស់​ខ្លួន​ឲ្យ​បាន៕

XS
SM
MD
LG