ប្រធានាធិបតីកោះតៃវ៉ាន់អ្នកស្រី Tsai Ing-wen បានចាក់វ៉ាក់សាំងការពារវីរុសកូរ៉ូណាដូសទី១ ដែលផលិតក្នុងស្រុកដ៏ចម្រូងចម្រាស។ ការចាក់វ៉ាក់សាំងរបស់ប្រធានាធិបតីរូបនេះកាលពីថ្ងៃចន្ទគឺជាការផ្តួចផ្តើមការចាក់វ៉ាក់សាំងជាសាធារណៈនៅដែនកោះនេះ។
ទោះបីជាយ៉ាងនេះក្តី សហគមន៍វេជ្ជសាស្ត្រ និងវិទ្យាសាស្ត្ររបស់កោះតៃវ៉ាន់បានសម្តែងក្តីបារម្ភអំពីវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Medigen Vaccine Biologics ដែលមានមូលដ្ឋានក្នុងទីក្រុងតៃប៉ិនេះពីព្រោះនិយ័តករមិនទាន់យល់ព្រមឲ្យប្រើប្រាស់ក្នុងគ្រាបន្ទាន់នៅឡើយ។
ជំនួសឱ្យការប្រើប្រាស់លទ្ធផលពីការសិក្សាស្រាវជ្រាវរយៈពេលយូរ តាមរយៈការសាកល្បងតាមគ្លីនិកជាច្រើនមក និយ័តករបានប្រៀបធៀបកម្រិតអង្គបដិប្រាណបង្កើតដោយវ៉ាក់សាំង Medigen ទៅនឹងកម្រិតអង្គបដិប្រាណបង្កើតដោយវ៉ាក់សាំង AstraZeneca។ រដ្ឋាភិបាលជាច្រើនបានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង AstraZenecaដែលបានឆ្លងកាត់ការសាកល្បងជាច្រើនសារ ដែលជាធម្មតាមានការយល់ព្រមដាក់ឲ្យប្រើប្រាស់។ ក្រុមហ៊ុន Medigen មានពេល១ឆ្នាំផ្តល់ទិន្នន័យពីប្រសិទ្ធភាពរបស់វ៉ាក់សាំងរបស់ខ្លួន។
នៅសហរដ្ឋអាមេរិកវិញ ទីភ្នាក់ងារម្ហូបអាហារនិងឱសថ (FDA) របស់អាមេរិកបានផ្តល់ការយល់ព្រមពេញលេញដល់វ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizer ។
លោកស្រី Janet Woodcock ស្នងការស្តីទីរបស់ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «សាធារណជនអាចជឿជាក់យ៉ាងខ្លាំងថា វ៉ាក់សាំងនេះបំពេញតាមស្តង់ដារខ្ពស់នៃប្រសិទ្ធភាពសុវត្ថិភាព និងគុណភាពការផលិតតម្រូវដោយទីភ្នាក់ងារម្ហូបអាហារ និងឱសថ (FDA)»។
វ៉ាក់សាំងផលិតដោយក្រុមហ៊ុន Pfizer-BioTech ត្រូវបានអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់កាលពីខែធ្នូ ឆ្នាំមុន។ ថ្នាំនេះជាង ២០០លានដូសត្រូវបានចាក់នៅសហរដ្ឋអាមេរិក និងរាប់រយលានដូសទៀតចាក់នៅទូទាំងពិភពលោក។
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP AFPនិង Reuters)