ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្រ្តី​ស៊ីរី៖ ​ស៊ីរី​ត្រៀម​ខ្លួន​បាន​រួច​ហើយ​ដើម្បី​ចូល​រួម​នៅ​ក្នុង​កិច្ច​ចរចា​សន្តិភាព


រដ្ឋ​មន្ត្រី​ការបរទេស​ស៊ីរី លោក Walid Muallem (រូប​ឆ្វេង) និង​គណៈប្រតិភូ​របស់​លោក​ចូលរួម​នៅ​ក្នុង​កិច្ចចរចា​សន្តិភាព​លើក​ទី២ នៅ​ក្នុង​ក្រុង​ហ្សឺណែវ កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤។

រដ្ឋ​មន្ត្រី​ការបរទេស​ស៊ីរី​និយាយ​ថា ប្រទេស​របស់​លោក​ត្រៀម​ខ្លួន​រួច​ហើយ​ ដើម្បី​ចូលរួម​នៅក្នុង​កិច្ច​ចរចា​សន្តិភាព​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស «ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​បរទេស​ណាមួយ»​ ឡើយ។ ប៉ុន្តែ​លោក​រដ្ឋ​មន្ត្រី​ការបរទេស​ដដែល​រូប​នេះ​មិន​បាន​ពន្យល់​ទេ​ថា លោកបាន​សំដៅ​ដល់​ប្រទេស​ណា នៅ​ពេល​ដែល​លោក​និយាយ​អំពី​ «ការ​ជ្រៀតជ្រែក​ពី​បរទេស​នោះ»។

ការ​លើក​ឡើង​នេះ​កើត​ឡើង​ជិត​មួយ​សប្ដាហ៍​ ក្រោយ​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​ផែនការ​មួយ​សម្រាប់​ដំណើរ​ការ​អន្តរជាតិ​ដើម្បី​ស្វែងរក​សន្តិភាព​នៅ​ស៊ីរី ដែល​មាន​គោលបំណង​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​នោះ។

រដ្ឋ​មន្ត្រី​ការបរទេស​ស៊ីរី លោក Walid Muallem បាន​ធ្វើ​អត្ថាធិប្បាយ​បែប​នេះ​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌មាន បន្ទាប់​ពីជំនួប​មួយ​ក្នុង​ទីក្រុង​ប៉េកាំង​ជាមួយ​នឹង​សមភាគី​ចិន​របស់​លោក​គឺ​លោក Wang Yi។

លោក Muallem មាន​ប្រសាសន៍​ថា គណៈប្រតិភូ​ស៊ីរី​នឹង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដរាប​ណា​ពួកគេ​ទទួល​បាន​បញ្ជី​ឈ្មោះ​គណៈប្រតិភូ​ពី​ខាង​ក្រុម​ប្រឆាំង។

លោក Muallem បាន​បន្ថែម​ថា រដ្ឋាភិបាល​ស៊ីរី​ សង្ឃឹម​ថា ការ​ចរចា​នោះ​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ជួយ​ប្រទេស​ស៊ីរី​ឲ្យ​បង្កើត​រដ្ឋាភិបាល​សាមគ្គី​ជាតិ​មួយ។

ប្រទេស​ចិន គឺ​ជា​ប្រទេស​មួយ​នៅក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​បាន​អនុម័ត​ផែន​ការ​ឆ្ពោះ​ទៅ​រក​សន្តិភាព​នោះ កាល​ពី​សប្តាហ៍​មុន។

ការ​ចរចា​ អាច​ចាប់ផ្ដើម​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ​នេះ។

កាល​ពី​ថ្ងៃ​សៅរ៍ រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក John Kerry បាន​ហៅ​ផែន​ការ​អន្តរជាតិ​នោះ ថា​ជា​បង្ហាញ​សាមគ្គីភាព​ដ៏​កម្រ​មួយ ក្នុង​ចំណោម​ប្រទេស​មហា​អំណាច​សំខាន់ៗ ទាក់​ទង​នឹង​ជម្លោះ​មួយដែល​បាន​ឆក់​យក​អាយុ​ជីវិត​មនុស្ស​អស់​ជាង២៥​ម៉ឺន​នាក់​ហើយ​នោះ៕

XS
SM
MD
LG