កងកម្លាំងស៊ីរីបានគ្រប់គ្រងទីក្រុងRabia ឡើងវិញហើយនៅថ្ងៃអាទិត្យនេះ ដោយបន្តទទួលជ័យជម្នះជាបន្តបន្ទាប់លើពួកឧទ្ទាមនៅខេត្ត ឡាតាគៀ (Latakia) នាភាគនិរតី នៃប្រទេសស៊ីរី។
ទីក្រុងRabia មានចម្ងាយប្រមាណ១០គីឡូម៉ែត្រ ភាគខាងត្បូងព្រំដែនតួកគី។ ទីក្រុងនេះ គឺជាតំបន់មួយក្នុងចំណោមតំបន់ជាង១០ទៀត ដែលរដ្ឋាភិបាលនិយាយថា កងកម្លាំងរបស់ខ្លួនបានត្រួតត្រានៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរីមួយ ឈ្មោះ Syrian Observatory for Human Rights ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស និយាយថា កងកម្លាំងគាំទ្ររដ្ឋាភិបាលមានជំនួយពីកងទ័ពអាកាសរុស្សី និងជំនួយយុទ្ធសាស្ត្រពីមន្ត្រីយោធារុស្សីផងដែរ។
នៅប៉ែកខាងកើតប្រទេសស៊ីរី ក្រុម Syrian Observatory for Human Rights បាននិយាយនៅថ្ងៃអាទិត្យនេះថា ការវាយប្រហារតាមអាកាសដោយយន្តហោះចម្បាំងរុស្សី និងស៊ីរី បានសម្លាប់មនុស្សយ៉ាងតិច១៦៤នាក់ នៅខេត្ត Deir Ezzor ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។ អ្នកស្លាប់ទាំងនោះ រួមទាំងក្មេងចំនួន៤៣នាក់នៅក្នុងទីប្រជុំជនចំនួន៤ផ្សេងៗគ្នាផងដែរ។
ក្រុមObservatory ដដែលនេះក៏បានរាយការណ៍ដែរថា មានមនុស្សស្លាប់ចំនួន៤៤នាក់ ពីការវាយប្រហារតាមអាកាសរបស់រុស្សី និងស៊ីរីនៅទីក្រុងRaqqa ជាទីក្រុងនៅប៉ែកខាងជើងប្រទេសស៊ីរី ដែលជារដ្ឋធានីបណ្ដោះអាសន្នរបស់ក្រុមរដ្ឋឥស្លាម៕