ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ការ​បិទ​សកម្មភាព​សង្គម​ក្នុង​ទីក្រុង​ស៊ីដនី​បន្ត​មួយ​ខែ​ទៀត ដោយ​សារ​ជំងឺ​កូវីដ១៩​


ប្រជាជន​នាំ​គ្នា​ពាក់ម៉ាស់​ដើរ​​ក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ដែលកំពុង​ស្ថិត​ក្នុង​ការ​បិទខ្ទប់​​ដោយសារ​ជំងឺ​កូវីដ១៩ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។

អ្នក​រស់នៅ​ក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ទាំង​៥លាន​នាក់​នឹង​បន្ដ​ស្ថិត​នៅ​ក្រោមការ​បិទ​សកម្មភាព​សង្គម​ដ៏​តឹងតែងរយៈពេល​៤សប្តាហ៍​ទៀត ដោយសារ​តែ​ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩បន្ត​កើនឡើង។

ការ​បន្ត​បិទ​ខ្ទប់​ទីក្រុង​ដ៏​ធំ​បង្អស់​របស់​អូស្ត្រាលី​នេះ បាន​ត្រូវ​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ នៅ​ពេល​ដែល​ពួក​អាជ្ញាធរ​នៅ​ក្នុង​រដ្ឋ New South Wales បាន​រាយការណ៍​ថា មាន​ការឆ្លង​ថ្មី​ចំនួន​១៧៧ករណី​ក្នុង​រយៈពេល​២៤ម៉ោង ដែល​ជា​ការកើន​ឡើង​បន្តិច​ជាង​កាលពី​ថ្ងៃ​អង្គារ​ដែល​មាន​តែ១៧២ករណី។

ការផ្ទុះឡើង​កាលពី​ពេល​ថ្មីៗ​នេះ បាន​ត្រូវ​គេ​រកឃើញ​ពី​អ្នកបើកបរ​ថយន្ត Limousineម្នាក់​នៅ​អាកាសយានដ្ឋាន​មួយ​ក្នុង​ទីក្រុង​ស៊ីដនី ដែល​បាន​ធ្វើ​តេស្ត​មាន​វីរុស​បំប្លែង​ខ្លួន​ប្រភេទ​ដែលតា​ ​បន្ទាប់ពី​គាត់​បាន​ដឹក​ពួក​អ្នក​ធ្វើការ​តាមយន្តហោះ​អន្តរជាតិ​កាលពី​ចុង​ខែ​មិថុនា។ មនុស្ស​យ៉ាង​តិច​ណាស់​ក៏​១១​នាក់​ដែរ​បាន​ស្លាប់ ដោយសារ​ការផ្ទុះឡើង​នេះ រួម​មាន​ទាំង​ស្ត្រី​ម្នាក់​ដែល​មាន​អាយុ​ខ្ទង់​៩០​ឆ្នាំ​ប្លាយ​កាលពី​ថ្ងៃ​ពុធ​ផង​ដែរ។

អូស្ត្រាលី​បាន​ទទួល​ជោគ​ជ័យ​មួយ​ផ្នែក​ធំ​នៅ​ក្នុង​ការរាំង​ខ្ទប់​ការរាលដាល​ជំងឺ​កូវីដ១៩​តាម​រយៈ​ការបិទ​សកម្មភាព​សង្គម​ដ៏​តឹងរ៉ឹង ដែល​បាន​ចុះផ្សាយ​ថា​មាន​តែ​ការ​ឆ្លង​តែ៣៣.៤៧៣ ករណី​និង​មនុស្ស​ស្លាប់៩២១​នាក់​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​សាកល​វិទ្យាល័យ Johns Hopkins។

ក៏ប៉ុន្តែ អូស្ត្រាលី​បាន​បង្ហាញ​នូវ​ហានិភ័យ​នៃ​ការផ្ទុះឡើង​នៅពេល​ថ្មី​ៗ​នេះ ដែល​បណ្តាល​មកពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​យឺតយ៉ាវ ដោយ​មាន​ពលរដ្ឋ​របស់​ខ្លួន​តែ​១៣ភាគរយ​ប៉ុណ្ណោះ បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​រួច​ហើយ។

នៅ​ក្នុង​ប្រទេស​ជប៉ុន​វិញ ទីភ្នាក់ងារ​ព័ត៌មាន Kyodo រាយការណ៍​ថា ទីក្រុង​តូក្យូ​ដែលជា​ម្ចាស់​ផ្ទះ​រៀបចំ​ទទួល​កីឡា​អូឡាំពិក​ដែល​ត្រូវ​បាន​ពន្យារ​ដោយ​ការ​រាតត្បាត​ជំងឺ​ បាន​កត់​ត្រា​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ចំនួន​៣ពាន់​ករណី​កាលពី​ថ្ងៃ​ពុធ បើ​ប្រៀបធៀប​ទៅ​នឹង​កាលពី​ថ្ងៃ​អង្គារ ដែល​មាន​តែ​ការ​ឆ្លង​ថ្មី​ចំនួន​ត្រឹម​តែ​២.៨៤៨​ករណី​ប៉ុណ្ណោះ។ ពួក​អ្នក​រៀបចំ​កីឡា​អូឡាំពិក​ក៏​បាន​បញ្ជាក់​ដែរថា មាន​ការ​ឆ្លង​ថ្មី​ចំនួន​១៦​ករណីដែល​ទាក់ទិន​នឹង​ការប្រកួត​កីឡា​កាលពី​ថ្ងៃ​ពុធ ដោយ​ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​ទាំងអស់​ឡើង​ដល់១៦៩​ករណី។ រាជធានី​នៃ​ប្រទេស​ជប៉ុន​នេះ​បាន​ស្ថិត​នៅ​ក្រោម​ការ​បិទ​ក្នុង​គ្រាអាសន្ន​លើក​ទី៤​ដែល​នឹង​នៅ​ជា​ធរមាន​រហូត​ដល់​ថ្ងៃ​ទី២២ ខែ​សីហា៕


(ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP, Reuters និង AFP)

XS
SM
MD
LG