ប្រជាពលរដ្ឋនៅក្នុងប្រទេសស៊ុយអែត បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសសមាជិកសភាកាលពីថ្ងៃអាទិត្យ ដែលអាចផ្លាស់ប្តូរកិត្តិនាមជាប្រទេសសេរីនៅក្នុងតំបន់ Scandinavia នេះបាន។
អ្នកប្រជាធិបតេយ្យស៊ុយអែតដែលប្រឆាំងនឹងអន្តោប្រវេសន៍ ដែលចង់ឲ្យប្រទេសចាកចេញពីសហភាពអឺរ៉ុប និងបង្កកការធ្វើអន្តោប្រវេសន៍ កំពុងតែសង្ឃឹមថា នឹងក្លាយជាគណបក្សដែលមានអ្នកគាំទ្រច្រើនបំផុតនៅក្នុងប្រទេស។
មេដឹកនាំប្រជាធិបតេយ្យស៊ុយអែត លោក Jimmie Akesson បានថ្លែងទៅកាន់អ្នកបោះឆ្នោតកាលពីថ្ងៃ សៅរ៍ ថា ចាំបាច់ត្រូវមានគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងនិងមានការទទួលខុសត្រូវមួយ ដើម្បីជួយដល់ប្រទេស ស៊ុយអែត។
នៅក្នុងការប្រមូលផ្តុំសាធារណៈកាលពីថ្ងៃ សៅរ៍ លោកនាយករដ្ឋមន្ត្រី Stefan Lofven បានព្រមានថា «អ្នកស្អប់ខ្ពើមកំពុងតែប្រមូលផ្តុំគ្នានៅក្នុងប្រទេស ស៊ុយអែត ហើយកំពុងតែធ្វើឲ្យមនុស្សប្រឆាំងនឹងមនុស្ស។ យើងនឹងប្រឆាំងនឹងរឿងនេះ។ យើងនឹងក្រោកឈរឡើងដើម្បីសមភាព»។
ប្រទេស ស៊ុយអែត ក៏ដូចជាប្រទេសអឺរ៉ុបដទៃទៀតដែរ មានការហូរចូលអ្នកស្នើសុំសិទ្ធិជ្រកកោនជាច្រើន ដែលរត់ភៀសខ្លួនពីប្រទេសកំណើតរបស់ពួកគេភាគច្រើនមកពីបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា អាស៊ីខាងត្បូង និងអាហ្វ្រិក។
ការហូរចូលជនស្វែងរកសិទ្ធិជ្រកកោនចំនួន១៦៣០០០នាក់ទៅក្នុងប្រទេសស៊ុយអែតកាលពីឆ្នាំ២០១៥ បានធ្វើឲ្យប្រជាពលរដ្ឋស៊ុយអែតដែលជាម្ចាស់ឆ្នោតបែកខ្ញែកគ្នាជាពីរក្រុម ទៅលើការគាំទ្រខាងនយោបាយដែលធ្លាប់តែស្រុះស្រួលមតិគ្នា៕