ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ OSCE និង​សហភាព​អឺរ៉ុប​រិះគន់​ស្ថានភាព​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មិន​ស្មើគ្នា​នៅ​តួកគី


លោក​ប្រធានាធិបតី​តួកគី Tayyip Erdogan បក់​ដៃ​ដាក់​អ្នក​គាំទ្រ ខណៈ​ដែល​លោក​ចាកចេញ​ពី​លំនៅដ្ឋាន​រប់ស​លោក​នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី​តួកគី Tayyip Erdogan បក់​ដៃ​ដាក់​អ្នក​គាំទ្រ ខណៈ​ដែល​លោក​ចាកចេញ​ពី​លំនៅដ្ឋាន​រប់ស​លោក​នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨។

បេសកកម្ម​សង្កេតការណ៍​បោះឆ្នោត​មួយ​កាល​ពី​ថ្ងៃ​ចន្ទ បាន​រកឃើញ​ថា ថ្វីត្បិត​តែ​អ្នក​បោះឆ្នោត​ទទួល​បាន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ដ៏​ពិតប្រាកដ​មួយ​នៅ​ប្រទេស​តួកគី ដែល​លោក​ប្រធានាធិបតី Recep Tayyip Erdogan បាន​ទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​ក៏​ដោយ ​ក៏​ស្ថានភាព​ធ្វើ​យុទ្ធការ​ឃោសនា​បោះឆ្នោត​មិន​មាន​លក្ខណៈ​ស្មើភាព​គ្នា​នោះ​ទេ។ ​

អង្គការ​ដើម្បី​សន្តិសុខ​និង​សហប្រតិបត្តិការ​នៅ​អឺរ៉ុប (OSCE) បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​បឋម​មួយ​កាល​ពី​ថ្ងៃ​ចន្ទ ថា លោក​ប្រធានាធិបតី​បច្ចុប្បន្ន​ «មាន​ប្រៀបជាង រួម​ទាំង​ការ​ទទួល​បាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​យ៉ាង​ច្រើន​លើសលប់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​រដ្ឋ​និង​ឯកជន​ដែល​មាន​ទំនាក់ទំនង​នឹង​រដ្ឋាភិបាល‍»។ ​

ក្រោយ​មក នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ អ្នកស្រី Federica Mogherini អ្នក​តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​និង​លោក Johannes Hahn ឧត្តមស្នងការ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​គោលនយោបាយ​អឺរ៉ុប​និង​ការ​ពង្រីក​ការ​ចរចា បាន​និយាយ​យោង​ទៅ​លើ​លទ្ធផល​នៃ​ការ​សង្កេតការណ៍​របស់​បេសកកម្ម​នេះ និង​បាន​បដិសេធ​មិន​អបអរ​សាទរ​លោក​ប្រធានាធិបតី​តួកគី​ទេ ហើយ​ក៏​មិន​បាន​និយាយឈ្មោះ​លោក​ប្រធានាធិបតី​តួកគី​ឲ្យ​ចំ​ដែរ។

សេចក្តីថ្លែងការណ៍​នោះ​បាន​សរសេរ​ថា «ការ​បោះឆ្នោត​នេះ​បង្ហាញ​ពី​ប្រព័ន្ធ​ប្រធានាធិបតី​ថ្មី​មួយ ដែល​បង្ហាញ​ពី​លទ្ធិប្រជាធិបតេយ្យ​ដែល​កាន់​តែ​ចុះ​ដុនដាប​របស់​តួកគី ដូច​ដែល​បាន​លើកឡើង​ដោយ​ក្រុមប្រឹក្សា Venice Commission ពាក់ព័ន្ធ​នឹង​ការ​ពិនិត្យ​មើល​ទៅ​លើ​ឥទ្ធិពល​ដែល​អាច​ប៉ះពាល់​ដល់​ការ​បោះឆ្នោត‍»៕

XS
SM
MD
LG