ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី​អង់សាន ស៊ូជី៖ មីយ៉ាន់ម៉ា​ដោះស្រាយ​បញ្ហា​ក្នុង​រដ្ឋ Rakhine ស្រប​តាម​នីតិរដ្ឋ


ក្មេងៗ​ប្រមូល​របស់របរ​ដែល​កែ​ច្នៃ​បាន​ចេញ​ពី​ផ្សារ​បែកបាក់​មួយ​ដែល​ត្រូវ​បាន​ដុត​នៅ​ភូមិ​របស់​ជនជាតិ​រ៉ូហ៊ីយ៉ា​មួយ​ ក្នុង​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៥ ថ្ងៃ នៅ​ក្នុង​ប្រទេស​ជប៉ុន មេដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា​លោកស្រី អង់សាន ស៊ូជី បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា រដ្ឋាភិបាល​របស់​លោកស្រី​គឺ​អនុវត្ត​ទៅ​តាម​ច្បាប់​នៅ​ក្នុង​ការ​ដោះស្រាយ​ចំពោះ​ស្ថានការណ៍​នៅ​ក្នុង​រដ្ឋ Rakhine ដែល​នៅ​ក្នុង​រដ្ឋ​នេះ ប៉ូលិស​ត្រូវ​គេ​រាយការណ៍​ថា បាន​វាយ​ធ្វើ​បាប និង​ចាប់​រំលោភ​ជនជាតិ​មូស្លីម​ភាគ​តិច Rohingya។

ការ​បញ្ជាក់​របស់​លោកស្រី​ដូច្នេះ បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ក្រោយ​ពី​សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​អនុញ្ញាត​ឲ្យ​អង្គការ​មនុស្ស​ធម៌​នានា​មាន​លទ្ធភាព​ពេញលេញ​ក្នុង​ការ​ចូល​ទៅ​កាន់​តំបន់​ដែល​មាន​ជម្លោះ​ស្ថិត​នៅ​ភាគ​ខាង​លិច​ប្រទេស​មីយ៉ាន់ម៉ា ដែល​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា នៅ​ក្នុង​តំបន់​នោះ មនុស្ស​ច្រើន​ជាង​១សែន​៥ម៉ឺន​នាក់ កំពុង​តែ​រងគ្រោះ​ដោយសារ​តែ​គ្មាន​ជំនួយ។

នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន Fumio Kishida នៅ​ក្នុង​ទីក្រុង​តូក្យូ លោកស្រី ស៊ូជី បាន​និយាយ​ថា បញ្ហា​នៅ​ក្នុង​រដ្ឋ Rakhine គឺ​ងាយ​នឹង​ក្លាយ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ណាស់ ហើយ​បញ្ហា​នេះ​ត្រូវតែ​ដោះស្រាយ​ដោយ​ហ្មត់ចត់។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​សង្ខេប​ព័ត៌មាន ដែល​ចេញ​ដោយ​ក្រសួង​ការបរទេស​ជប៉ុន។

លោកស្រី ស៊ូជី បាន​ប្រាប់​លោក Kishida ថា រដ្ឋាភិបាល​មីយ៉ាន់ម៉ា​កំពុង​ឆ្លើយតប​ជាមួយ​នឹង​ស្ថានការណ៍​នៅ​ក្នុង​តំបន់​នោះ ដោយ​ផ្អែក​លើ​គោលការណ៍​នីតិរដ្ឋ។

លោក Kishida ថា អំពើ​ហិង្សា​មិន​គួរ​អនុញ្ញាត​ឲ្យ​កើត​ឡើង​នោះ​ទេ ហើយ​លោក​ស្វាគមន៍​ចំពោះ​កិច្ច​ប្រឹងប្រែង​ណា ដែល​អាច​បង្កើត​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។ លោក​បន្ថែម​ថា ប្រទេស​ជប៉ុន​នឹង​គាំទ្រ​នូវ​កិច្ច​ប្រឹងប្រែង​ទាំង​នេះ ដោយ​ឧបត្ថម្ភ​កប៉ាល់​ថ្មី​មួយ​គ្រឿង បន្ថែម​ទៅ​លើ​នាវា​ដែល​ប្រើ​ហើយ​ពីរ​គ្រឿង និង​ជំនួយ​ម្ហូប​អាហារ ដែល​បាន​ផ្ដល់​ឲ្យ​អ្នក​គេច​ចេញ​ពី​ផ្ទះ​សម្បែង​កាល​ពី​លើក​មុន៕

XS
SM
MD
LG