ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ត្រូវ​បាន​គេ​បំបិទ​មាត់​ក្នុង​ទីក្រុង​បាងកក ខណៈ​ដែល​យន្តហោះ​របស់​មេដឹកនាំ​មីយ៉ាន់ម៉ា​ចុះចត


លោកស្រី អង់សាន ស៊ូជី ទីប្រឹក្សា​រដ្ឋាភិបាល​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចាកចេញ​ពី​កិច្ចប្រជុំ​ជាមួយ​ពលរដ្ឋ​អន្តោប្រវេសន៍​នៅ​មណ្ឌល​នេសាទ​នៅ​តាម​ឆ្នេរ​សមុទ្រ Samut Sakhon ប្រទេស​ថៃ កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។
លោកស្រី អង់សាន ស៊ូជី ទីប្រឹក្សា​រដ្ឋាភិបាល​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចាកចេញ​ពី​កិច្ចប្រជុំ​ជាមួយ​ពលរដ្ឋ​អន្តោប្រវេសន៍​នៅ​មណ្ឌល​នេសាទ​នៅ​តាម​ឆ្នេរ​សមុទ្រ Samut Sakhon ប្រទេស​ថៃ កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។

បញ្ហា​ដ៏​ចម្រូងចម្រាស​ក្នុង​ការ​ប្រព្រឹត្ត​ទៅ​លើ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​ថៃ​បាន​ក្លាយ​ជា​បញ្ហា​កៅ្ត​គគុក​មួយ ក្នុង​ពេល​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ទៅ​កាន់​ប្រទេស​ថៃ ដែល​ជា​ប្រទេស​ជិតខាង​នឹង​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ខណៈ​ដែល​យន្តហោះ​ដឹក​លោកស្រី អង់សាន ស៊ូជី ទីប្រឹក្សា​រដ្ឋាភិបាល​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស បាន​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​សុវណ្ណភូមិ ក្រុម​សកម្មជន​ក្នុង​រាជធានី​បាងកក​ត្រូវ​បាន​រដ្ឋាភិបាល​យោធា​របស់​ប្រទេស​ថៃ​បំបិទមាត់​ភ្លាមៗ។ ​
ប៉ូលិស​និង​ទាហាន​មួយ​ក្រុម​តូច​ដែល​មិន​ស្លៀកពាក់​ឯកសណ្ឋាន​បាន​រារាំង​មិន​ឲ្យ​សកម្មជន​មួយ​ក្រុម​បញ្ចប់​សន្និសីទ​កាសែត​នៅ​កន្លែង​មួយ ​ដែល​ក្រុម​នេះ​បាន​ជួល​នៅ​ក្នុង​សមាគម​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​បរទេស​នៃ​ប្រទេស​ថៃ​នោះ​ទេ។

«មាន​ការ​ព្រួយបារម្ភ​អំពី​បញ្ហា​សន្តិសុខ​ជាតិ។ កម្មវិធី​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​សន្តិសុខ​នោះ​ទេ»។ នេះ​ជា​សម្តី​របស់​លោកស្រី Amy Smith នាយក​ប្រតិបត្តិ​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស Fortify Rights ដែល​បានថ្លែង​ប្រាប់ VOA នៅ​ក្នុង​បរិវេណ​រៀបចំ​កម្មវិធី​នោះ។ លោកស្រី Smith បាន​បន្ថែម​ថា «នេះ​គឺ​ជា​ការ​បំពាន​ទៅ​លើ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​សេរី និង​ការ​ប្រមូលផ្តុំ​គ្នា​ដោយ​សន្តិវិធី»។

សកម្មជន​ពីរ​នាក់​ដែល​តស៊ូ​មតិ​ឲ្យ​ធ្វើ​ទង្វើ​ល្អ​ជាង​មុន​ទៅ​លើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​អាន​សំបុត្រ​ចំហរ​មួយ​ច្បាប់​ទៅ​កាន់​លោកស្រី អង់សាន ស៊ូជី និង​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​ពួកគេ​ត្រូវ​បាន​រដ្ឋាភិបាល​យោធា​ថៃ​រារាំង​មិន​ឲ្យ​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​កាសែត។ ​

ក្រោយ​ពេល​ចាកចេញ​ពី​វេទិកា​នោះ លោក Hajee Ismail អគ្គលេខាធិការ​ក្រុម​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​ថៃ បាន​និយាយ​ថា «ខ្ញុំ​មិន​អាច​និយាយ​អ្វី​បាន​ទេ​នៅ​ពេល​នេះ» ខណៈ​ដែល​លោក​បាន​យក​ដៃ​ខ្ទប់​មាត់​ខ្លួន​ឯង។ លោក​បាន​បន្ថែម​ថា «នេះ​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ»៕

XS
SM
MD
LG