គណបក្សកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា ដែលដឹកនាំដោយអ្នកស្រី Aung San Suu Kyi បានបញ្ជាក់នៅថ្ងៃចន្ទនេះថា ខ្លួនមានទំនុកចិត្តថា ខ្លួននឹងបង្កើតរដ្ឋាភិបាលថ្មីមួយ បន្ទាប់ពីបានរាយការណ៍ថា ខ្លួនបាននាំមុខលើការបោះឆ្នោតដែលផ្អែកលើការរាប់សន្លឹកឆ្នោតក្រៅផ្លូវការ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការបោះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេមើលឃើញថា ជាការធ្វើប្រជាមតិលើរដ្ឋាភិបាលប្រជាធិបតេយ្យដ៏ក្មេងខ្ចី ដែលដឹកនាំដោយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលជាគណបក្សកាន់អំណាចដឹកនាំដោយអ្នកស្រី Aung San Suu Kyi។
គណបក្សនេះ នៅតែមានប្រជាប្រិយភាពនៅក្នុងប្រទេស ក៏ប៉ុន្តែកិត្តិនាមរបស់ខ្លួននៅឯក្រៅប្រទេសបានធ្លាក់ចុះ បន្ទាប់ពីរងការចោទប្រកាន់ថា បានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជាតិសាសន៍ភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម។
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យត្រូវការអាសនៈសរុបចំនួន ៣២២ ដើម្បីបង្កើតរដ្ឋាភិបាល ហើយត្រូវគេរំពឹងថា នឹងឈ្នះការបោះឆ្នោត ប៉ុន្តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ ដោយសារតែគណបក្សថ្មីៗលេចឡើង ហើយគណបក្សជាតិសាសន៍ភាគតិចនានាទទួលបានការគាំទ្រនៅតាមតំបន់មួយចំនួន៕