ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​កំពូល​កោះហៅ​អ្នក​ការពារ​បរិស្ថាន​នៅ​តំបន់​អារ៉ែង​ គ្រាដែល​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​រង​ការគំរាម​កំហែង


រូបឯកសារ៖ លោក វ៉ែន វ៉ន សកម្មជន​ការពារ​បរិស្ថាន​នៅ​តំបន់​អារ៉ែង នៅ​សាលា​ឧទ្ធរណ៍​កាលពី​ថ្ងៃ​ទី​ ០៩​ ខែកញ្ញា​ ឆ្នាំ ២០១៦។ (ហ៊ុល រស្មី/VOA)

តុលាការ​កំពូល​ ​បាន​កោះហៅ​លោក​ វ៉ែន វ៉ន​ សកម្មជន​ការពារ​បរិស្ថាន​ ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ ទី២១​ ខែមិថុនា​ ​ខាងមុខ​ ​ក្នុង​សំណុំ​រឿង​ប្រមូល​ផល​​អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់​ដែលបាន​កើតឡើង​តាំងពី​ខែ​ មករា​ ឆ្នាំ​ ២០១៥។​

សកម្មជន​ការពារ​បរិស្ថានក្នុង​តំបន់​អារ៉ែង​ ​កំពុង​ស្វែង​រក​មេធាវី​ ​ដើម្បី​ពិភាក្សា​លើ​ការ​ចូលខ្លួន​ទៅ​តុលាការ​កំពូល​នៅ​ចុងខែ​មិថុនា​នេះ។​ លោក ​ វ៉ែន វ៉ន​ សកម្មជន​ការពារ​បរិស្ថាន​ ​បាន​ជាប់​ចោទ​ពីបទ​ប្រមូល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត។​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ សកម្មជន​ការពារ​បរិស្ថាន​នៃចលនា​មាតាធម្មជាតិ បាន​ទទួល​ការ​គំរាមកំហែងពីអាជ្ញាធរ​ ក្នុង​ពេល​ធ្វើយុទ្ធនាការទប់​ស្កាត់​ការបូម​ខ្សាច់នៅខេត្តកណ្តាល។​

​តុលាការ​កំពូល​ ​បាន​កោះហៅ​លោក​ វ៉ែន វ៉ន​ សកម្មជន​ការពារ​បរិស្ថាន​ ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ ទី២១​ ខែមិថុនា​ ​ខាងមុខ​ ​ក្នុង​សំណុំ​រឿង​ប្រមូល​ផលអនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់​ដែលបាន​កើតឡើង​តាំងពី​ខែ​ មករា​ ឆ្នាំ​ ២០១៥។​ នេះ​បើ​យោងតាម​ដីកា​របស់​មហាអយ្យការ​អម​តុលាការ​កំពូល​ ​និង​មន្ត្រីសិទ្ធិមនុស្ស​ប្រចាំខេត្ត​កោះកុង។​

​លោក អ៊ិន គង់ជិត​ មន្ត្រី​សម្របសម្រួល​សិទ្ធិមនុស្ស​របស់​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូនៅ​ខេត្ត​កោះកុង​ ថ្លែង​ប្រាប់​ VOA នៅថ្ងៃអង្គារនេះថា​ លោក​ វ៉ែន វ៉ន​ កំពុង​រក​មេធាវី​ ដើម្បី​ប្រឹក្សាខាង​ច្បាប់​ថា តើ​លោក​គួរ​ចូលខ្លួន​ តាម​ដីកា​កោះ​ ឬ​ក៏​ពន្យាពេល។​ ​លោក​ថា​ លោកនឹង​ខិតខំស្វែង​រក​មេធាវី​ ដើម្បី​ជួយ​លោក​ វ៉ែន វ៉ន​ ក្នុង​ការ​តទល់​ក្នុង​សវនាការ​នៅ​តុលាការ​កំពូល។​

«អង្គការ​នានា​មួយចំនួន​ ឥឡូវ​គាត់​មាន​មេធាវី​នៅសល់​តិច​ ហើយ​វាមាន​កម្រិត​អញ្ចឹង​ណ៎ា​ កម្រិត​នៃ​ការ​ទទួលណា៎​។ ប៉ុន្តែ​ ទោះបី​ម៉េច​ ក៏ខ្ញុំ​នៅ​សង្ឃឹម​ដែរ​ ខ្ញុំ​នឹង​ជួយ​រកមេធាវី​អី​ឲ្យគាត់​ដែរ​បាទ»។

តាម​ដីកាកោះ​ ​របស់​អគ្គព្រះរាជអាជ្ញារង​ ឈួន ចាន់​ថា​ ចុះថ្ងៃ​ទី​ ២៤​ ខែ​ ឧសភា​ ​បាន​សរសេរ​ថា​ លោក​ វ៉ែន វ៉ន​ ​ជាប់​ចោទ​ពីបទ​ ប្រមូល​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មានលិខិត​អនុញ្ញាត​ ប្រព្រឹត្ត​នៅ​ច្រក​ឬស្សី​ ឃុំ​ជំនាប់​ ស្រុក​ថ្មបាំង​ ខេត្ត​កោះកុង​ កាល​ពីថ្ងៃ​ទី​ ៩​ ខែមករា​ ឆ្នាំ​ ២០១៥។​

អគ្គព្រះរាជអាជ្ញារង​ ឈួន​ ចាន់​ថា​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«​បង្គាប់​ឲ្យ​ឈ្មោះ​ វ៉ែន​ វ៉ន​ ភេទប្រុស​ អាយុ​ ៣៧​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មានទីលំនៅ​ ភូមិច្រក​ឬស្សី​ ឃុំ​ជំនាប់​ ស្រុក​ថ្ម​បាំង​ ខេត្ត​កោះកុង​។ ចូលមក​ តុលាការ​កំពូល​នៅ ថ្ងៃ​ទី​ ២១​ ខែ មិថុនា​ ឆ្នាំ​ ២០១៧​ វេលាម៉ោង​ ៨​ ព្រឹក​ ដើម្បីចូលរួម​សវានាការ»។​

លោក​ អ៊ិន​ គង់​ជិត​ លើក​ឡើង​ថា​ ​តុលាការ​កំពូលនឹង​ផ្តល់​យុត្តិធម៌​ ដល់​លោក​ វ៉ែន វ៉ន ដើម្បី​ឲ្យគាត់​រួចពីពិរុទ្ធ​ភាព ហើយ​អាច​ឈរ​ឈ្មោះ​ជាបេក្ខជន​ក្រុមប្រឹក្សា​ឃុំ​ សម្រាប់​គណបក្ស​ប្រជាជនកម្ពុជា។ លោក​ថា​ លោក​ វ៉ែន វ៉ន​ នៅ​មាន​សេចក្តីក្លាហាន​ ក្នុង​កិច្ចការពារ​បរិស្ថានក្នុងសហគមន៍​ ដែល​លោ​កំពុង​រស់​នៅ។​

«គាត់​នៅតែ​ដឹកនាំ​សហគមន៍បាន គាត់​នៅតែ​ចូលរួម​ ផុលផុស​ក្នុងការ​ការពារ​ព្រៃ​ឈើ​ ការពារ​តំបន់​អារ៉ែង​ហ្នឹង​បាទ។ គឺគាត់នៅតែមាន​ទឹកចិត្ត​ក្លាហាន​ដដែល​ គឺ​អត់មាន​ តក់​ស្លុត​អត់មាន​ភ័យ​ខ្លាច​ទេ​មក​ដល់​ពេលនេះបាទ»។​

VOA មិន​ទាន់​អាច​ទាក់​ទង​ លោក​ វ៉ែន វ៉ន​ ​បាន​ទេ​ នៅថ្ងៃ​អង្គារ​នេះ​ ដោយលោកស្ថិតក្នុង​តំបន់ដែល​គ្មាន​សេវា​ទូរសព្ទ​ ក្នុងខេត្តកោះកុង។​

​តុលាការ​ខេត្ត​កោះកុង​ កាល​ពី​ខែ​មិនា​ ឆ្នាំ​ ២០១៦​ បានកាត់​ទោស​លោក​ វ៉ែន វ៉ន​ ដែល​ជា​តំណាង​ជនជាតិ​ដើម​ភាគ​តិច​ជង​ និង​ជា​អ្នកការពារ​បរិស្ថាន​ក្នុង​តំបន់​អារ៉ែង ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ​ ​ក្នុង​សំណុំរឿង​ព្រៃឈើ​នេះ​ តែ​ទោស​នោះ​ត្រូវ​ព្យួរ​ គឺ​មិន​អនុវត្ត​ ​ដោយ​លោក​បាន​ជាប់​ពន្ធនាគារ​ជិត​ពាក់​កណ្ដាល​នៃ​ទោស​នេះ​រួច​ទៅ​ហើយ។​

កាលពី​ខែកញ្ញា​ ​ឆ្នាំ​ ២០១៦​ សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់ការ​សេចក្តីសម្រេចរបស់តុលាការ​ខេត្ត​កោះកុង​ ដោយ​ឱ្យ​ លោក​ ​វ៉ែន វ៉ន​ ​ជាប់​ទោស​ពី​បទ​ «ប្រមូល​ផល​ ​អនុផល​ព្រៃ​ឈើ​ ​ដោយ​គ្មាន​លិខិត​អនុញ្ញាត»​ ដែល​បាន​ធ្វើ​ឡើង​ដោយ​តុលាការ​ខេត្ត​កោះ​កុង​ កាល​ពី​ខែ​មិនា​កន្លង​ទៅ​នោះ។​ ​ការ​តម្កល់​នេះ​ ធ្វើ​ឡើងបន្ទាប់​ពី​ ​លោក​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​កាលពីខែ​មិនា​ ឆ្នាំ​២០១៦។

លោក​ វ៉ែន វ៉ន​ ក៏​រង​កា​រ​ប្ដឹងផ្ដល់​តាម​ផ្លូវច្បាប់​ពី​អាជ្ញាធរ​ស្រុកថ្មបាំង​ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​មួយ​ចំនួន​ ​ក្នុង​ខេត្ត​កោះកុង​ ក្រោយ​ពី​លោក​មាន​ភាព​សកម្ម​ក្នុង​ការ​ការពារ​ផល​ប្រយោជន៍​សហគមន៍​ជន​ជាតិ​ ​ដើម​ភាគ​តិច​ជង​ ​និង​ចូលរួម​ការពារ​បរិស្ថាន​តំបន់​អារ៉ែង ​ជា​មួយ​ស្ថាបនិក​ និង​ជា​នាយក​អង្គការ​«មាតា​ធម្មជាតិ»​ ​លោក​ ​Alejandro Gonzalez-Davdison​ ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៥​ ​ក្រោម​ហេតុផល​ថា​ ​លោក​ស្នាក់​នៅ​ក្នុង​ប្រទេសហួស​ទិដ្ឋាការកំណត់។​

ដោយ​ឡែក​ សកម្មជន​ការពារ​បរិស្ថានបីនាក់នៃ​អង្គការមាតា​ធម្មជាតិ​ ​បាន​រងការគំរាម​កំហែង​ ពី​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ស្រុក​ស្អាង​ ខេត្តកណ្តាល​ ក្នុង​ពេលពួកគេ​ជួយសម្របសម្រួល​តវ៉ា​ប្រឆាំង​នឹងការ​បូមខ្សាច់​ ដែល​បាន​កើតឡើង​នៅ​ក្នុង​ទន្លេបាសាក់​។ ​នេះ​បើតាមការ​បញ្ជាក់​ពី​លោក​ ថុន​ រដ្ឋា​ ដែល​ជា​សកម្មជន​ម្នាក់​ក្នុង​សកម្ម​ទាំងបី​នាក់​របស់អង្គការ​មាតា​ធម្មជាតិ។​

លោក​ ថុន រដ្ឋា​ វ័យ​ ២៥​ ឆ្នាំ​ ប្រាប់​ VOA នៅថ្ងៃ​អង្គារនេះថា លោក​ និង​សកម្មជន​ម្នាក់​ទៀត​ គឺ​លោក​ ម៉េង​ ហេង​ បាន​គេច​ខ្លួន​ទៅ​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពីលា្ងច​ថ្ងៃចន្ទ​ ដោយ​មាន​ប្រជាពល​រដ្ឋ​៣០នាក់​ជួយ​ការពារ​សន្តិសុខ​ក្នុងពេល​ធ្វើ​ដំណើរ។

លោក​ថា​ ការ​គេច​ខ្លួន​មក​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ កើតមាន​បន្ទាប់​ពី​មាន​កម្លាំង​ប្រមាណ​ ២០នាក់​ ត្រូវ​បាន​ដាក់​ពង្រាយ​នៅក្នុង​ឃុំរកាខ្ពស់​ស្រុក​ ស្អាងជាទី​ដែល​ក្រុម​លោក​បាន​ជួយ​សម្រប​សម្រួល​ប្រជាពលរដ្ឋ​ជាង ២០០​នាក់មកពី​ឃុំ​ចំនួន​ពីរ តវ៉ាប្រឆាំង​នឹង​ការ​បូមខ្សាច់​។ ការតវ៉ា​បានកើត​ឡើងកាលពី​ថ្ងៃ​អាទិត្យ​។​ ​លោកថុន​ រដ្ឋា​ ​បន្តថា​ អាជ្ញាធរ​ព្យាយាម​សុំ​អត្តសញ្ញាណប័ណ្ណ​ពីក្រុម​លោក​ ដែល​លោក​ចាត់​ទុក​ថា​ ជាការគំរាមកំហែង​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន។ ​

«បាទ​វាជាការ​ បំភិតបំភ័យ​ខ្លាំងមែន​ទែន​ ព្រោះ​ខ្ញុំជាប្រជាពលរដ្ឋ​ខ្មែរ​ ហើយ​ខ្ញុំ​ទៅរស់​នៅ​លើ​ដីខ្មែរ​ ហើយ​គាត់​បែរជា​ មក​សុំ​អត្តសញ្ញាណប័ណ្ណ​របស់​ខ្ញុំ​ សុំ​ម្តង​ហើយ​អត់​បាន​រហូតប្រើ​នីតិវិធី​ រហូត​ដល់​ប្រើ​កម្លាំង​ជាច្រើន​មក​សុំ​ ខ្ញុំ​ៗ​ ហួសចិត្ត​ដែរ​ ខ្ញុំ​អត់គិត​ថា​ តើខ្ញុំ​ជាខ្មែរ​ឬអត់»។​

លោក​ ថុន រដ្ឋា​ ​បន្ថែម​ថា​ ការបូម​ខ្សាច់​ដែល​ធ្វើឡើង​អស់​រយះពេល​មួយឆ្នាំមកនោះ​ បាន​បង្ក​ឲ្យ​បាក់​ច្រាំង​ នៅ​តាម​ដង​ទន្លេ​ ហើយបង្ក​ឲ្យ​ផ្ទះ​ប្រជាពល​រដ្ឋ​ចំនួន​ ៩គ្រួសារ​ ​បាន​បាក់​ធ្លាក់​ចូលទៅក្នុង​ទន្លេ​។​ លោក​មិន​អាច​បញ្ជាក់​បាន​ថា​ តើក្រុមហ៊ុន​នោះជារបស់​នរណា​ ហើយ​ខ្សាច់​ដែល​បូមបាន​នោះ​ ត្រូវយក​ទៅ​ទីណា​ផង​ដែរ។​ ​លោក​គ្រាន់​តែបាន​ឲ្យដឹង​ថា​ មានក្រុម​ហ៊ុន​ ចំនួន​ប្រមាណ​ បី​ បាន​ធ្វើការ​អាជីវកម្ម​បូមខ្សាច់​នៅ​ស្រុកស្អាង​នេះ។

លោក​ សេង សុជាតិ​ អធិការ​នគរបាល​ស្រុក​ស្អាង​ ប្រាប់​ VOA ថា​ អាជ្ញាធរ​គ្មាន​ចេតនាឃាត់​ខ្លួន​ ក្រុម​សកម្មជន​ទាំងបីនាក់​នេះ​ទេ​ ហើយ​វត្តមាន​របស់​អាជ្ញាធរ​នៅក្នុង​តវ៉ានោះ​ គឺដើម្បី​បញ្ចៀស​ការ​កើត​មាន​អំពើហិង្សាតែ​ប៉ុណ្ណោះ​។ លោក​ថា​ ពាក្យបណ្តឹង​នឹង​ អាច​ដាក់​ទៅតុលាការ​ ប្រឆាំងនឹង​សកម្ម​ភាព​ញុះញង់​របស់​សកម្មជនទាំងបីនាក់នេះ​ ប្រសិន​បើ​ភាគី​ពាក់​ព័ន្ធ​ប្រមូល​បាន​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​ដាក់​បន្ទុក។

«អាហ្នឹង​នៅ​លើ​នីតិ​វិធី​របស់​ខាង​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់​ខេត្ត​។ បើថ្នាក់​ខេត្ត​ ហើយ​និង​ក្រសួង​រ៉ែ​ និង​ថាមពល​ នៅពេល​ដែល​គាត់​រក​ឃើញថា​ មានសញ្ញាណ​ គាត់​មាន​បទ​ញុះញង់​មែន​ អាហ្នឹង​គាត់​មាន​ទោស​ហើយ​។​ គេហ្នឹង​ធ្វើ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ»។​

​លោក​ ម៉ាន់ សុវណ្ណា​ អ្នកនាំពាក្យ​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ក្នុងរាជធានី​ភ្នំពេញ​ មិនទាន់​ឆ្លើយ​តប​ទៅនឹង​សំណួរ​របស់​ VOA ​តាមរយៈសារ​អេឡិចត្រូនិក​ ឬ Email ​នៅល្ងាច​ថ្ងៃ​អង្គារនេះ​ ពាក់​ព័ន្ធនឹងការ​គេច​ខ្លួនរបស់​ក្រុម​សកម្ម​ជន​អង្គការ​មាតា​ធម្មជាតិ​ទៅកាន់ការិយាល័យ​អង្គសហប្រជាជាតិ​នេះ។​

បន្ថែម​លើ​ការ​ទប់​ស្កាត់​ការ​បូម​ខ្សាច់​ដែល​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរដល់​បរិស្ថាន​នោះ ​ក្រុម​សកម្ម​ជន​នៃ​អង្គ​ការ​មាតា​ធម្មជាតិ​ ត្រូវគេដឹង​ថា​បានទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​ធ្វើ​ទំនប់​វារីអគ្គិសនី​លើ​ស្ទឹង​អារ៉ែង​នៃ​ជួរ​ភ្នំ​ក្រវាញ ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ Sinohydro​ ផង​ដែរ។​ ​សកម្មភាព​របស់​ពួក​គេបាន​ធ្វើ​ឲ្យ​អាជ្ញាធរ​ និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ។​

ការ​បំពារបំពាន​ពីអាជ្ញាធរ​មកលើ​សកម្មជន​អង្គការ​មាតាធម្មជាតិ​ ត្រូវគេដឹងថា​ បាន​កើតឡើង​កាល​ពីពេល​កន្លង​មកផងដែរ ដែល​បាន​នាំឲ្យមានការ​ឃុំខ្លួន​សកម្មជន​ការពារ​បរិស្ថាន​បីនាក់​នៅខេត្ត​កោះ​កុង​។ អ្នក​ទាំងបីនាក់​នោះត្រូវបាន​ឃុំខ្លួន​អស់​រយៈពេល​ជាង​ ១០ខែ​ ទម្រាំ​ត្រូវបាន​ដោះលែង​ដោយ​ការ​ព្យួរទោស​ដែល​នៅ​សេសសល់។ ពួកគេត្រូវ​បានចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​ការ​បំផ្លិច​បំផ្លាញ​ ការ​ធ្វើ​ឲ្យ​ទ្រុឌ​ទ្រោម​ ឬ​ការ​ធ្វើ​ឲ្យ​ខូច​ខាត​ ក្នុង​ពេល​ពួកគេធ្វើយុទ្ធនាការ​ទប់​ស្កាត់​ការ​បូមខ្សាច់​នៅខេត្ត​កោះកុង៕​

XS
SM
MD
LG