ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​សម្រេច​ឲ្យ​បន្ត​ស៊ើប​អង្កេត ខណៈ​អតីត​អ្នក​កាសែត​អាស៊ីសេរី​ថា​កុំ​យក​ពួកគេ​​ជា«​ចំណាប់​ខ្មាំង»


អតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក អ៊ួន ឈិន (ធ្វេង) និងលោក យាង សុធារិន្ទ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅខាងក្រៅរបងតុលាការកំពូល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)
អតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក អ៊ួន ឈិន (ធ្វេង) និងលោក យាង សុធារិន្ទ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅខាងក្រៅរបងតុលាការកំពូល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA Khmer)

មន្រ្តី​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​សម្រេច​ច្រាន​ចោល​បណ្តឹង​សាទុក្ខ​របស់​អតីត​អ្នក​សារព័ត៌មាន​អាស៊ីសេរី​ពីរ​នាក់ គឺ​លោក យាង សុធារិន្ទ និងលោក ​អ៊ួន ឈិន ដោយ​អនុញ្ញាត​ឲ្យ​បន្ត​ការ​ស៊ើប​អង្កេត ខណៈអ្នក​ទាំង​ពីរអំពាវនាវ​កុំ​ឲ្យ​យក​ពួកគេ​ជា​«ចំណាប់​ខ្មាំង»។

នៅ​ម៉ោង​ជាង ​៨​និង​៣០​នាទី​ព្រឹក​នេះ លោកស្រី គឹម សត្ថាវី ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល បាន​ប្រកាស​ថា​ ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​កាល​ពី​កន្លង​មក «ត្រឹម​ត្រូវ​តាម​ច្បាប់​ទៅ​ហើយ» ដូច្នេះ​បដិសេធ​បណ្តឹង​សាទុក្ខ​របស់​ពួកគេ។

លោក យាង សុធារិន្ទ អតីត​ការី​និពន្ធ​និង​លោក ​អ៊ួន ឈិន ​អតីត​អ្នក​ថតវីដេអូ​របស់​វិទ្យុ​អាស៊ីសេរី​បាន​ប្តឹង​សាទុក្ខ​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​សាលាឧទ្ធរណ៍និង​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​ការ​បើក​ការ​ស៊ើប​អង្កេត​បន្ថែម​ទៅ​លើ​បទ​ចោទ​ប្រកាន់​ប្រឆាំង​អ្នក​ទាំង​ពីរ​ពី​បទ ​«ផលិត​រូបភាព​អាស​អាភាស»។ បទ​ចោទ​នេះ​បន្ថែម​ពី​លើ​បទ​ចោទ​ «‍ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ» ក្រោយ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។

លោក យាង សុធារិន្ទ​ ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ពុធនេះ​ថា​ការ​សម្រេចរបស់​តុលាការ​កំពូល​ជា​ការ​បន្ត​អូសបន្លាយ​ពេល​ម្តង​ទៀត ដោយ​សារ​ការ​ស៊ើបអង្កេត​របស់​តុលា​ការ​បាន​ប្រើ​ពេល​អស់​ជិត​៣​ឆ្នាំ​មក​ហើយ។ លោក​បន្ត​ថា​ នេះ​ប៉ះពាល់​សេរីភាព​របស់​លោក​ក្នុង​ការ​បន្ត​អាជីព​ជា​អ្នក​សារព័ត៌មាន និង​ការ​រស់​នៅប្រចាំ​ថ្ងៃ។

លោក​មាន​ប្រសាសន៍​ថា៖ «​ជា​ទូទៅ​តុលាការ​ជា​កន្លែង​ដែល​រក​យុត្តិធម៌ រក​សេរីភាព​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន។ នៅ​ពេល​ដែល​សំណុំ​រឿង​មិន​មាន​បញ្ហា​អី ហើយ​គិត​តែ​អូស​បន្លាយ​អញ្ចឹង ហើយ​អញ្ចឹង​វា​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​របស់​មនុស្ស ភាព​ជំនឿ​ចិត្តលើ​ប្រព័ន្ធ​តុលាការ»។

លោក​បន្ថែម​ថា​ ការ​បន្ត​ការ​ស៊ើប​អង្កេត​នេះ ជា​ការ​គំរាម​កំហែងដល់អ្នក​សារព័ត៌មាន​ឯករាជ្យ​និង​អតីត​អ្នក​កាសែត​អាស៊ីសេរី​ផ្សេង​ទៀត។ លោកចាត់​ទុក​ការ​ចោទ​ប្រកាន់​រូប​លោក​ ជា​ការ​ផ្សា​ភ្ជាប់​នឹង​រឿង​នយោបាយ ហើយ​លោក​ជំរុញ​កុំ​ឲ្យ​យករូប​លោក​ជា​ «ចំណាប់​ខ្មាំង»។

លោក​បញ្ជាក់​ថា៖ «អ្វី​ដែល​ខ្ញុំ​ចង់​បាន​ពី​តុលាការ មិន​ចង់​ឲ្យ​យក​ពួក​ខ្ញុំ​ជា​ចំណាប់​ខ្មាំង​ទេ ព្រោះ​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​មួយ​ដែរ»។

ឈរ​នៅ​ក្បែរ​គ្នា​ក្រៅ​របង​តុលាការ​កំពូល ដោយ​មាន​ពាក់​ម៉ាស់​ផង​នោះ លោក ​អ៊ួន ឈិន ក៏​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញរូប​លោក​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «សំណូម​ពរ​ដូច​សុធារិន្ទ និយាយ​ពី​ខាង​ដើម សូម​ឲ្យ​ផ្តល់​យុត្តិធម៌​ដល់​ពួក​យើង ហើយ​កុំ​ឲ្យ​យក​ពួក​យើង​ជា​ចំណាត់​ខ្មាំង ហើយ​កុំ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពួក​យើង»។

លោក យី សុខសាន្ត មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក ដែល​បាន​ឃ្លាំមើល​ការ​ប្រកាស​សេចក្តីសម្រេចនេះ មាន​ប្រសាសន៍​នៅ​ខាង​ក្រៅ​របង​តុលាការ​ថា​ការបន្ត​ការ​ស៊ើប​អង្កេត មិន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ពួក​គេ នាំ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​អ្នក​ទាំង​ពីរ។

លោក​មាន​ប្រសាសន៍​ថា៖ «ចោទ​ប្រកាន់​គាត់ ទោះ​ដាក់​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​ក៏​ដោយ ក៏​ប៉ុន្តែ​អា​ការណ៍​ដែល​រឿង​ក្តី​របស់​គាត់ ដែល​មិន​ទម្លាក់​ចោលការ​ចោទ​ប្រកាន់​របស់​គាត់​ហ្នឹង វា​ធ្វើ​ឲ្យ​ប៉ះពាល់អារម្មណ៍​ផ្លូវ​ចិត្ត​របស់​គាត់ ហើយ​បើ​យើង​និយាយ​ទៅ វាជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញដល់​ផ្លូវ​ចិត្ត ធ្វើ​ឲ្យ​គាត់ សូម្បី​រក​ស៊ី​ក៏​មិន​បាន ធ្វើ​អី​ក៏​មិន​បាន​ដែរ»។

បច្ចុប្បន្ន​នេះ អតីត​អ្នក​កាសែត​អាស៊ីសេរី​ទាំង​ពីរ​នាក់​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ ដើម្បី​រង់ចាំ​ការ​ជំនុំ​ជម្រះ​ក្តី បន្ទាប់​ពី​ពួកគេ​បាន​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ប្រមាណ ​១០​ខែ៕

XS
SM
MD
LG