ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​គ្រោង​ប្រកាស​សាលដីកា​លើ​សំណុំរឿង​អតីត​អ្នកកាសែត​អាស៊ីសេរី​នៅ​ថ្ងៃ​១៥ កក្កដា


រូបឯកសារ៖ លោក​ អ៊ួនឈិន និង​លោក​យាង សុធារិន្ទ អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ ផ្តល់​សម្ភាសន៍​ដល់​អ្នក​សារពត៌មាន​នៅ​ខាង​មុខ​សាលា​ឧទ្ធរណ៍​ក្រោយ​ចេញ​ពី​សវនាការ​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ២០២០។ (កាន់​ វិច្ឆិកា/VOA)

តុលាការ​កំពូល នៅ​ថ្ងៃ​ពុធ​នេះ បាន​សម្រេច​ថា​នឹង​ប្រកាស​សាលដីកា​លើ​សំណុំ​រឿង​អតីត​អ្នក កាសែត​អាស៊ីសេរី​ពីរ​នាក់​ នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ក្រោយ​ពី​បាន​បើក​សវនាការ​លើ​បណ្តឹង​សាទុក្ខ​របស់​ពួកគេ។ នេះ​បើ​យោង​តាម​មេធាវី​ការ​ពារ​ក្តី​និង​ក្រុម​ឃ្លាំ​មើល​ដំណើរ​ការ​សវនាការ។​

ការ​សម្រេច​នេះធ្វើ​ឡើង បន្ទាប់​ពី​លោក យាង សុធារិន្ទ អតីត​ការី​និពន្ធ និងលោក ​អ៊ួន ឈិន ​អតីត​អ្នក​ថតវីដេអូ​របស់​វិទ្យុ​អាស៊ីសេរី​ បាន​ប្តឹង​សាទុក្ខ​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​ជាន់​ទាប​ ក្នុង​ការ​បើក​ការ​ស៊ើប​អង្កេត​បន្ថែម​ទៅ​លើ​បទ​ចោទ​ប្រកាន់​ប្រឆាំង​អ្នក​ទាំង​ពីរ​ពី​បទ ​«ផលិត​រូបភាព​អាសអាភាស»។

បទ​ចោទ​នេះ​គឺ​ជា​បទ​ចោទ​បន្ថែម ក្រោយ​ពី​អតីត​អ្នក​កាសែត​អាស៊ីសេរី​ទាំង​ពីរ​នាក់ ​ត្រូវ​បាន​ចាប់ខ្លួន​នឹង​ចោទ​ប្រកាន់​ពី​បទ​ «‍ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ» ​តាម​មាត្រា​៤៤៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​

លោក​ សំ ចំរើន​ មេធាវី​ដែល​ការពារ​ក្តី​ឲ្យ​អតីត​អ្នក​សារ​ព័ត៌មាន​អាស៊ីសេរី​ទាំង​ពីរ​រូប បាន​ប្រាប់វីអូអេ​នៅ​ក្រៅ​សាល​សវនាការ​តុលាការ​កំពូល​ នៅ​ថ្ងៃ​ទី​១​ ខែ​កក្កដានេះ​ថា៖ «យើង​មិន​ហ៊ាន​ទាយ​ទុកមុន​ទេ មាន​តែ​រង់ចាំ​មើល​ទាំង​អស់​គ្នា​ហើយ»។​

លោក យាង សុធារិន្ទ​ បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​តុលាការ​កំពូល​ថា​ ការ​បន្ត​អូសបន្លាយ​ពេលលើ​សំណុំ​រឿង​នេះ​ ជា​ការ​រំលោភសិទ្ធិ​របស់​លោក​ ដោយសារ​ការ​ស៊ើបអង្កេត​របស់​តុលាការ​បាន​ប្រើ​ពេល​អស់​ប្រមាណ ២​ឆ្នាំ​មកហើយ។​

«បើ​តាម​ផ្លូវ​ច្បាប់​ ពួក​ខ្ញុំ​គិត​ថា ​ពួក​ខ្ញុំ​ត្រូវ​តែ​ទទួល​បាន​ប្រយោជន៍​ នៅ​ពេល​ដែល​តុលាការ​មិន​អាច​រក​ភស្តុតាង​បញ្ជាក់​ថា ​ពួក​ខ្ញុំ​បាន​ប្រព្រឹត្តកំហុស។ មិនមែន​ថា ​រក​ភស្តុតាង​មិនឃើញថា​.....​គេ​មិនមាន​កំហុស​ហើយ បែរ​ជា​ទៅ​ស៊ើប​អង្កេត​បន្ថែមៗ។ អ៊ីចឹង​វា​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិសេរីភាព​របស់​យើង​ខ្ញុំ​ជា​ពលរដ្ឋ»។​

បច្ចុប្បន្ន អតីត​អ្នក​កាសែត​អាស៊ីសេរី​ទាំង​ពីរ​នាក់​ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ ដើម្បី​រង់ចាំ​ការ​ជំនុំ​ជម្រះ​ក្តី បន្ទាប់​ពី​ពួកគេ​បាន​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជិត ​១០​ខែ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG