ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស


លោកស្រី Anna Maj Hultgård ឯក​អគ្គ​រាជទូត​ស៊ុយអែត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដើរ​ចេញ​ពី​បន្ទប់​ប្រជុំ បន្ទាប់​មាន​កិច្ច​ប្រជុំ​ជាមួយ​​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ទើបតែងតាំង​ថ្មី​លោក​ប្រាក់ សុខុន​ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦​។
លោកស្រី Anna Maj Hultgård ឯក​អគ្គ​រាជទូត​ស៊ុយអែត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដើរ​ចេញ​ពី​បន្ទប់​ប្រជុំ បន្ទាប់​មាន​កិច្ច​ប្រជុំ​ជាមួយ​​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ទើបតែងតាំង​ថ្មី​លោក​ប្រាក់ សុខុន​ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦​។

លោក​ អ៊ុច បូររិទ្ធ​ រដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​បាន​ការពារ​ចំណាត់​ការ​របស់​កម្ពុជា។

សហភាព​អឺរ៉ុប​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​ឃុំ​ឃាំង​អ្នក​តំណាងរាស្រ្ត​និង​សកម្មជន​សិទ្ធិ​មនុស្សនិង​ទាមទារ​ឱ្យ​ដោះលែង​ពួកគេ​ហើយ​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​ពហុបក្ស​ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​លោក​ អ៊ូហ្គោ អាស្តូតូ ​នាយករង​ខាង​ផ្នែក​គ្រប់គ្រង​នៃ​សហភាព​អឺរ៉ុប​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​បង្កើត​និង​រក្សា​បរិយាកាស​មួយ​សម្រាប់​គ្រប់​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​អាច​ធ្វើ​ប្រតិបត្តិការ​ដោយ​សេរី ​និង​គ្មាន​ការភ័យខ្លាច។

លោក​បាន​បន្ថែម​ថា​៖

«យើង​លើកឡើង​ពី​ការ​ព្រួយ​បារម្ភ​របស់​យើង​អំពី​ឯករាជ្យ​ភាព​នៃ​ស្ថាប័ន​តុលាការ​និង​ភាព​យុត្តិធម៌​នៃ​ការ​អនុវត្ត​ច្បាប់​និង​ជា​ពិសេស​ពី​ការ​ចាប់​ខ្លួន​នា​ពេល​ថ្មីៗ​នេះ​នូវ​តំណាង​សង្គម​ស៊ីវិល ហើយ​យើង​អំពាវនាវ​ឱ្យ​ដោះលែង​ពួកគេ‍»។​

ការ​អំពាវនាវ​កើត​ឡើង​បន្ទាប់ពី​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​បួន​នាក់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន់​សាក្សី ​និង​មន្ត្រី​គ.ជ.ប​ម្នាក់​ពី​បទ​សមគំនិត​សូកប៉ាន់​សាក្សី​នៅ​ក្នុង​សំណុំរឿង​ស្នេហា​លួច​លាក់​របស់​លោក កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នក​ទាំង​ប្រាំ​នាក់​ត្រូវ​បាន​តុលាការ​ឃុំ​ឃាំង​រង់ចាំ​ការ​កាត់​ទោស។

រីឯ​អ្នក​តំណាងរាស្រ្ត​ម្នាក់នៃ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ អ៊ុំ សំអាន​ និង​សមាជិក​ព្រឹទ្ធសភា​ម្នាក់​នៃ​គណបក្ស​សម រង្ស៊ី​គឺ​លោក​ ហុង សុខហួរ ​ក៏​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ​ពាក់​ព័ន្ធ​នឹង​ឯកសារ​ព្រំដែន​ជាមួយ​នឹង​ប្រទេស​វៀតណាម​ផង​ដែរ។

លោក​ អ៊ុច បូររិទ្ធ​ រដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​បាន​ការពារ​ចំណាត់​ការ​របស់​កម្ពុជា។

លោក​បាន​បញ្ជាក់​ក្នុង​សុន្ទរកថា​នា​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ចម្រុះ​កម្ពុជា-សហភាព​អឺរ៉ុប​ថា៖

«សកម្មភាព​យុត្តាធិការ​ដែល​បាន​អនុវត្ត​កន្លងមក​មិន​មែន​ជា​ការព្យាបាទ​ឬ​ជា​ការ​ប្រើ​ប្រាស់​តុលាការ​ដើម្បី ​រំខាន​ដល់​តួនាទី​របស់​គណបក្ស​ប្រឆាំង​នោះ​ទេ​ប៉ុន្តែ​ជា​សកម្មភាព​ក្នុង​ការ​អនុវត្ត​នីតិរដ្ឋ»។

លោក​បាន​បន្ថែម​ថា​ការ​ចាប់​ខ្លួន​អ្នក​តំណាង​គណបក្ស​ប្រឆាំង​និង​បុគ្គលិក​នៃ​សង្គម​ស៊ីវិល​នាពេល​ថ្មីៗ​នេះ​ដោយ​សារ​តែ​ ពួកគេ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​និង​ការ​ញុះញង់​សាធារណៈ​និង​ធ្វើ​សកម្មភាព​ប្រឆាំង​ ហើយ​អ្នកវិភាគ​នយោបាយ​បង្ខូច​កេរ្តិ៍ឈ្មោះ។

«ទាំងអស់​នេះ​គឺ​ស្ថិត​ក្រោម​យុត្តាធិការ​និង​អំណាច​នៃ​តុលាការ​ឯករាជ្យ​ក្នុង​ការ​អនុវត្ត​ច្បាប់។ វា​ជា​គោលការណ៍​នៃ​សង្គម​ប្រជាធិបតេយ្យ​ដែល​មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់‍»។​

យ៉ាងណាក៏ដោយ​លោក​ អ៊ុច​ បូររិទ្ធ​ ​បាន​បញ្ជាក់​ថា ​កម្ពុជា​កត់ត្រា​នូវ​ការ​ព្រួយ​បារម្ភ​របស់​សហភាព​អឺរ៉ុប​និង​ថា​ក្នុង​នាម​ជា​ប្រទេស​ប្រជាធិបតេយ្យ​ក្មេងខ្ចី​គឺ​មាន​ចំណុច​ច្រើន​ដែល​ត្រូវ​រៀន​សូត្រ​ពី​សហភាព​អឺរ៉ុប​ដើម្បី​ឱ្យ​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​រឹងមាំ​អាស្រ័យ​នីតិរដ្ឋ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​បណ្តាញ​អង្គការ​សង្គម​ស៊ីវិល​កំពុង​តែ​រៀបចំ​ យុទ្ធនាការ​មួយ​ទាមទារ​ឱ្យ​ដោះលែង​អ្នកការពារ​សិទ្ធិ​មនុស្ស​ទាំងនោះ​តាម​រយៈ​យុទ្ធនាការដែល​ពួក​គេ​ហៅ​ថា​«ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ‍» ឬ "Black Monday" ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ច័ន្ទ​ទី​៩ខែ​ឧសភា​តទៅ។ អ្នក​ដែល​ចូលរួម​ត្រូវ​ស្លៀកពាក់​ខ្មៅ​ជា​រៀងរាល់​ថ្ងៃច័ន្ទ។

លោក​ ប៉ា ងួនទៀង ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ​និង​ជា​អ្នក​រៀបចំ​យុទ្ធនាការ​នោះ ​បាន​បញ្ជាក់​ថា​ការ​រៀបចំ ​នេះ​គឺ​ដើម្បី​សម្គាល់ពីស្ថានភាព​ខ្មៅ​ងងឹត​នៃ​សិទ្ធិ​មនុស្ស ​និង​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ចាប់​ខ្លួន ​ហើយ​ពួកគេ​បន្ត​ទាមទារ​រហូត​ដល់​មាន​ការ​ដោះលែង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG