ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​គណបក្ស​ប្រឆាំង​បារម្ភ​ពី​សុវត្ថិភាព​សហការី​នៅ​ក្នុង​ពន្ធនាគារ​


ក្លោង​ទ្វារ​ពន្ធនាគារ​ព្រៃស​ ជា​កន្លែង​ដែល​លោកអ៊ុំ សំអាន​ និង​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ផ្សេងទៀត​ត្រូវ​បាន​ឃុំ​ខ្លួន។
ក្លោង​ទ្វារ​ពន្ធនាគារ​ព្រៃស​ ជា​កន្លែង​ដែល​លោកអ៊ុំ សំអាន​ និង​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ផ្សេងទៀត​ត្រូវ​បាន​ឃុំ​ខ្លួន។

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​ក្តី​បារម្ភអំពី​សន្តិសុខ​របស់​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​​នៅ​ក្នុង​ពន្ធនាគារ ​ដោយ​សារ​លោក​ត្រូវ​បាន​ដាក់​នៅ​ក្នុង​បន្ទប់​ជាមួយ​ទណ្ឌិត​ផ្សេង​ទៀត​ ដែលខ្លះ​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋកម្ម។

ស្ថានភាពក្នុង​ពន្ធនាគារ និង​របៀប​ឃុំឃាំងនៅក្នុង​ពន្ធនាគារ​ធ្វើ​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់​សហការី​របស់ខ្លួន​ រួមទាំង​តំណាងរាស្ត្រ​ ដែល​នៅ​មាន​អភ័យឯក​សិទ្ធ​ផង ​ ហើយ​ដែល​ត្រូវឃុំឃាំង​ក្នុង​បន្ទប់​ជាមួយអ្នក​ទោស​ផ្សេង​ទៀត​ដែល​រួមមាន​អ្នកជាប់​ទោសពី​បទឧក្រិដ្ឋកម្ម។​

លោក​សុន ឆ័យ ​ប្រធាន​ក្រុម​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ ​បាន​សម្តែង​ការ​ព្រួយបារម្ភនេះបាន​ប្រាប់​ VOA ​ ក្រោយពី​លោក ​និង​លោក​អេង ឆៃអាង ហើយនឹង​មន្ត្រី​ផ្សេង​ទៀត​ ​បានទៅ​ពន្ធនាគារ​ព្រៃ​ស​សួរ​សុខទុក្ខ​លោក​អ៊ុំ សំអាន​ តំណាង​រាស្ត្រ​ ដែល​ជាប់ឃុំឃាំង​ទាំងនៅ​មាន​អភ័យ​ឯក​សិទ្ធ​សភា​នៅ​ឡើយ​នោះ។ ​

«គេដាក់​គាត់នៅ​ក្នុង​បន្ទប់​ជាមួយ​អ្នក​ទោស​គ្រប់​ប្រភេទ​ណា៎​ អ្នក​ទោស​សម្លាប់​គេ​ អ្នក​ទោស​អី​ច្រើន​ណាស់!»។

លោក​សុន ឆ័យ ដែល​បាន​ការអនុញ្ញាត​ចូល​សួរ​សុខទុក្ខ​លោកអ៊ុំ សំអាន​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ​បាន​បន្ថែម​ថា​ លោក​អ៊ុំ សំអាន ​និងអ្នកទោស​ក្នុង​បន្ទប់​ជាមួយ​លោក​មិន​អាច​ស្តាប់​វិទ្យុ​បាន​ទេ។​ លោក​បន្ត​ថា ​ពេលលោក​អ៊ុំ សំអាន​ចេញ​ពី​បន្ទប់​ឃុំឃាំង​មាន​ឆ្មាំ​ពន្ធនាគារ​តាម​គាត់​ជានិច្ច។​

«ពេលគេ​អនុញ្ញាត​ឲ្យចេញ​ទៅ​ក្រៅអី​ហ្នឹង​ គាត់​មិនអាច​នឹង​និយាយ​ជា​មួយ​អ្នកទោស​ដទៃទៀត​បាន​ទេ។ ​គេ​មាន​មន្ត្រី​ពន្ធនាគារ​មួយ​ត្រូវតែ​តាម​គាត់​ជាប់ ​ហើយ​ពេល​គាត់​សួរនាំ​អ្នក​ផ្សេង​អី ​គេ​ហាម​គាត់»។​

ទោះជាយ៉ាងណាក្តី ​លោក​នុត សវនា​ អ្នកនាំ​ពាក្យ​អគ្គនាយក​ដ្ឋាន​គ្រប់​គ្រង​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​ ​និង​ជា​អគ្គនាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​នេះ​ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃពុធ​នេះថា​ លោក​អ៊ុំ សំអាន​មិន​មែន​ជា​អ្នក​ទោស​នយោបាយ​នៅ​ក្នុង​ពន្ធនាគារ​ទេ​ ​ព្រោះធ្វើ​នយោបាយ​នៅប្រទេស​កម្ពុជា​មិនមាន​ទោស​ទេ។

«កុំ​គិត​ថា ​កុំ​បែងចែក​ថា អ្នក​នយោបាយ​ឬ​មិន​អ្នក​នយោបាយ។​ យើង​ខ្ញុំគ្រាន់​តែជា​ការងារ​ជំនាញ​ក្នុងការ​ឃុំ​ទេ។ ​ហើយ​អ្វី​ដែល​លើក​ឡើង​ថា​ ដាក់​គាត់​ជាមួយ​អ្នក​ទោស​ឧក្រិដ្ឋ​នោះ ​អាហ្នឹង​ខ្ញុំ​អត់​យល់​ ព្រោះបទ​ល្មើស​គាត់​ហ្នឹង​គឺ​បទ​ល្មើស​ឧក្រិដ្ឋ​ហើយទេ​តើ»។

លោក​និយាយ​ថា​ គណបក្ស​សង្គ្រោះជាតិ​មិនចាំ​បាច់បារម្ភ​អំពី​សុវត្ថិ​ភាព​របស់​លោកអ៊ុំ សំអាន​ និង​អ្នកទោស​ផ្សេង​ទៀត​មកពី​គណបក្ស​ប្រឆាំង​នោះ​ទេ។

«កុំបារម្ភ ​យើងមាន​មន្ត្រី​ជំនាញ ​មន្ត្រី​សន្តិសុខ​នៅ​ការពារ​ហើយ​ ពីព្រោះ​យើង​ខ្ញុំ​បារម្ភ​ជាង​គាត់​ទៅ​ទៀត ​ពីព្រោះ​មាន​បញ្ហា​អី​ទៅ ​យើង​ខ្ញុំទទួល​ខុស​ត្រូវធ្ងន់ណាស់​អំពី​សុវត្ថិភាព​ និង​សន្តិសុខ​របស់​គាត់»។​

ទិដ្ឋភាពអនុរក្សពន្ធនាគារតាមមើលអ្នកទោស។
ទិដ្ឋភាពអនុរក្សពន្ធនាគារតាមមើលអ្នកទោស។

លោក​អគ្គនាយករងនៃ​នាយក​ដ្ឋាន​គ្រប់គ្រង​ពន្ធនាគារ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក​រណី​របស់​លោក​អ៊ុំ សំអាន​មិន​ទាន់​កាត់​ទោស​ ដូច្នេះ​សេរីភាព​របស់​លោក​នៅ​មាន​កំហិត ​ព្រោះ​វាអាច​ប៉ះពាល់​ដល់​ដំណើរការ​កាត់​ទោស​សំណុំ​រឿង​របស់លោក។​

​លោក​សុន ឆ័យ​បាន​ឲ្យដឹង​ផង​ដែរ​ថា ​លោក​អ៊ុំ សំអាន​ត្រូវ​ឃុំឃាំង​ក្នុង​បន្ទប់​ទំហំ៣ម៉ែត្រគុណ​នឹង​៤​ម៉ែត្រ​ដែល​មាន​អ្នកទោស​២៤​នាក់ដែល​ក្នុង​នោះ​មាន​បង្គន់​ផង​ដែរ។​

ម៉្យាង​វិញ​ទៀត​ លោក​សំ សុគង់ ​មេធាវីតំណាង​ឲ្យ​សកម្ម​ជន​និង​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់ឃុំឃាំង បាន​ឲ្យ​ដឹង​ថា ​លោក​កឹម សុខា ​ លោក​យ៉ែម បុញ្ញារិទ្ធ ​និង​មន្ត្រី​ផ្សេង​ទៀត​ មិនបាន​ចូល​សួរ​សុខទុក្ខ​សមាជិកគណ​បក្ស​សង្គ្រោះជាតិ​១៥​នាក់​ផ្សេង​ទៀត ​ដែល​រួម​មាន​លោក​ហុង សុខហួរ ​សមាជិកព្រឹទ្ធ​សភា ​និង​លោក​មាជ សុវណ្ណារ៉ា​នោះ​ទេ ​ព្រោះ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​មិន​ឆ្លើយ​តប​នឹង​សំណើ។​ លោក​សំ សុគង់បាន​សរសេរ​លិខិត​សុំការ​អនុញ្ញាតនេះកាល​ពីថ្ងៃ​ទី​១៩​ខែ​មេសា។ ​សកម្មជន​ទាំង​នេះ​ត្រូវតុលាការ​ក្រុងភ្នំពេញ​កាត់​ទោសឲ្យ​ជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំ​ទៅ​២០​ឆ្នាំ​ ប៉ុន្តែ​ពួក​គេ​បាន​ប្តឹង​ឧទ្ធរណ៍។​

​«មាន​ការ​រឹតត្បិត​ចំពោះ​តំណាង​រាស្ត្រ​ក្នុង​ការ​ជួប​ជនជាប់​ចោទ​ទាំង​នោះ​ដែល​ជាប់​ក្នុង​ពន្ធនាគារ​ហ្នឹង»។​ ​

ទោះជាយ៉ាង​ណាក្តី ​លោក​នុត សវនា​ ​អគ្គនាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​ បាន​ឲ្យដឹង​ថា​ ការ​ចេញ​ចូល​សួរសុខទុក្ខអ្នកទោស​ដែល​មិន​ទាន់​កាត់​ទោស​ជា​ស្ថាពរ​អាច​ប៉ះពាល់​ដល់​នីតិវិធី​ក្នុង​ការកាត់​សេចក្តី។ ​

«អ្នក​ដែល​មិនទាន់​កាត់ទោស ​យើង​អនុញ្ញាត​ឲ្យតែ​សាច់​ឈាម​ជិតដិត​ទេ ​ដូចជា​ម្តាយ​ឪពុក​កូន​អី​ហ្នឹង ​ប្រពន្ធ​អី​ហ្នឹង​ណា៎។ ​ហើយ​គាត់​ឋិត​នៅ​ក្រោម​នីតិវិធី​តុលាការ​ ហើយ​ឲ្យអ្នក​ផ្សេង​ចូលទៅ​ឆ្វេកឆ្វាច​អញ្ចឹង ​ធ្វើ​ម៉េច? ​ បើ​មេធាវី​គាត់​ទៅ ​គាត់​មាន​បណ្ណ​មាន​អី​ អាហ្នឹង​យើង​អនុញ្ញាត»។

លោកនិយាយ​ថា​ សំណើ​សុំ​ចូល​សួរសុខទុក្ខ​ដោយ​អ្នក​នយោបាយ​តាម​រយៈ​លិខិតមេធាវី​មាន​អាច​ប៉ះពាល់​ដល់​នីតិវិធី​តុលាការ​ ដូច​នេះ​ត្រូវ​មាន​នីតិវិធី ​និង​វិធាន​ការ​ត្រឹមត្រូវ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG