ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​បដិសេធ​បណ្តឹង​សុំ​នៅក្រៅ​ឃុំ​របស់​លោក​ហុង សុខហួរ


រូបឯកសារ៖ លោក​ ហុង​ សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ សម​ រង្ស៊ី ត្រូវ​បាន​អម​ដំណើរ​ដោយ​ប៉ូលិស​នៅ​ឯ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។
រូបឯកសារ៖ លោក​ ហុង​ សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ សម​ រង្ស៊ី ត្រូវ​បាន​អម​ដំណើរ​ដោយ​ប៉ូលិស​នៅ​ឯ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។

តុលាការ​កំពូល​ នៅថ្ងៃ​សុក្រ​នេះ​ បាន​សម្រេច​បន្ត​​ឃុំ​ខ្លួន​លោក​ហុង សុខហួរ​សមាជិក​ព្រឹទ្ធសភា​គណបក្ស ​សម រង្ស៊ី​​តាម​ការ​សម្រេច​​របស់​សាលា​ឧទ្ធរណ៍​ ​​និង​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

តុលាការ​កំពូល​ នៅថ្ងៃ​សុក្រ​នេះ​ បាន​សម្រេច​បន្តឃុំ​ខ្លួន​លោក​ ហុង សុខហួរ​សមាជិក​ព្រឹទ្ធសភា​គណបក្ស ​សម រង្ស៊ី តាម​ការ​សម្រេចរបស់​សាលា​ឧទ្ធរណ៍​ និង​សាលា​ដំបូង​រាជធានី​ភ្នំពេញ។​ ​ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ ជួង ជូងី ​មេធាវី​របស់​សមាជិក​ព្រឹទ្ធ​សភា​រូប​នេះ។​

លោក​ ហុង សុខហួរ​ ពុំ​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារបញ្ជូន​មក​កាន់​តុលាការ​កំពូល​ដើម្បី​ស្តាប់ការ​ប្រកាស​សាលក្រមនា​ព្រឹក​ថ្ងៃនេះ​ទេ។​ មេធាវី​របស់​លោក​គឺ​លោក​ជួង ជូងី​ ដែល​មាន​វត្តមាន​ក្នុង​ការ​ប្រកាស​សាលក្រមនៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បាន​ប្រាប់​ VOA ​ថា​ លោក​ហុ​ង សុខហួរ​សុំមិន​មក​ស្តាប់​សាលក្រម​នេះ​ទេ។​

«គាត់​បាន​ធ្វើ​ចំណារ​ដៃ​ថា​ សុំ​កុំឲ្យ​យក​គាត់​មក។ ​ហើយ​ផ្អែក​លើ​ចំណារ​ដៃ​របស់​គាត់ ​ខ្ញុំ​ក៏​ស្នើសុំ​ទៅ​តុលាការ​ថា ​កុំឲ្យ​មាន​វត្តមាន​គាត់​នៅ​ក្នុង​សវនាការ»។​ ​

លោក​មេធាវី​ឲ្យ​ដឹង​ថា ​លោក​មិនរំពឹង​ថា​ មានលទ្ធផល​វិជ្ជមាន​ទេ​ក្នុង​ការ​ប្រឹង​ប្រែង​ការពារ​ក្តីរបស់​លោក​ហុង សុខហួរ។ ​លោក​បន្ថែម​ថា​ លោក​គិត​តែ​ពី​វែកញែក​ផ្លូវ​ច្បាប់​ឲ្យ​សាធារណ​ជន​មើល​ឃើញ​ថា ​តើ​ការ​សម្រេច​របស់​តុលាការ​ត្រឹមត្រូវ​ ឬ​មិន​ត្រឹមត្រូវ។​

«ខ្ញុំ​មិន​គិត​ទៅ​លើ​លទ្ធផល​ទេ។ ​ខ្ញុំ​គា្រន់តែ​គិត​ថា​ ខ្ញុំ​ខិតខំ​បាន​ប៉ុណ្ណា​ ខ្ញុំ​ព្យាយាម​ប៉ុណ្ណឹង។ ​តែ​បើ​ខ្ញុំ​សង្ឃឹម​ថា ​ធ្វើ​បាន​ ខ្ញុំ​ធ្វើ​មេធាវី​អត់​កើត។អញ្ចឹង​រាល់​ពេល​ដែល​ខ្ញុំ​ធ្វើ​ ខ្ញុំ​មិន​រំពឹង​ថា​ ផល​យ៉ាងណា ​ខ្ញុំ​អត់​គិត​ទេ។​ ខ្ញុំ​ទុក​ផល​មួយ​ឡែក។ ​ខ្ញុំគិត​ថា​ ខំ​ធ្វើ​បាន​ប៉ុណ្ណា ​ធ្វើ​ប៉ុណ្ណឹង»។​

ទាក់ទង​នឹង​លទ្ធផល​នៃ​សាលក្រម​សម្រាប់​បណ្តឹង​សាទុក្ខ​របស់លោក​ហុង សុខហួរដែល​សុំនៅ​ក្រៅឃុំ​នេះ​ លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេតនៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​បាន​និយាយ​ថា៖​

«សង្គម​ស៊ីវិល​យើង​អត់​មាន​ការ​ភ្ញាក់​ផ្អើល​ទេ​ទាក់ទង​នឹង​សាលដីការ​សម្រេច​មិន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ​ ពីព្រោះ​នេះ​វា​ជា​វប្បធម៌​ទៅ​ហើយ​ ពីព្រោះ​បញ្ហា​រឿង​នយោបាយ»។​

​តុលាការ​កំពូល​ កាលពី​ថ្ងៃ​ទី២៦​ខែកុម្ភៈ​ បាន​បើក​សវនាការ​បណ្តឹងសាទុក្ខ​របស់លោក​ហុង សុខហួរ​ ​ដែល​សុំនៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន។​

ក្នុង​សវនាការ​នោះ​ ​ លោកហុង សុខហួរ​បាន​ប្រាប់​លោក​ ឃឹម ប៉ុណ្ណ​ ប្រធាន​អង្គ​ជំនុំជម្រះ​ និង​ជា​អនុប្រធាន​តុលាការ​កំពូល​ថា ​លោក​មាន​ជំងឺ​ក្រពះ ​លើស​ឈាម​ និង​ផ្តាសាយ ​ហើយលោក​ស្នើតម្កល់​ប្រាក់​២០​លាន​រៀល​ស្មើ​នឹង​៥​ពាន់​ដុល្លារ ​និង​តម្កល់​លិខិត​ឆ្លងដែន​របស់​លោក​ទាំង​ពីរ​គឺ​លិខិត​ឆ្លងដែន​បារាំង ​និង​លិខិត​ឆ្លងដែន​ខ្មែរ។​

កាលពី​ថ្ងៃទី​៤​ខែ​វិច្ឆិកា​ សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សំណើ​របស់​សមាជិក​ព្រឹទ្ធ​សភា​រូប​នេះ​ដែលសុំ​នៅ​ក្រៅឃុំ។​

លោក​ហុង សុខហួរ​ត្រូវចាប់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែ​សីហា​ឆ្នាំ​២០១៥ក្រោយពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនបញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធ​សភា​មាន​អភ័យ​ឯកសិទ្ធិ​នេះ។​ ​លោក​ហ៊ុន សែន​បាន​ព្រមាន​ថា​ ​នេះ​ជា​បទ​ល្មើស​ជាក់​ស្តែង​ដែល​ត្រូវ​ចាប់​ខ្លួន​ជាបន្ទាន់ ​ហើយស្ថានទូត​នានា​មិនត្រូវ​លូក​លាន់​ទេ ​ព្រោះ​នេះជា​ទោស​ក្បត់​ជាតិ។​

លោក​ហុង សុខហួរ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ​និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​ ​ពាក់ព័ន្ធ​ការ​ក្លែង​សន្ធិ​សញ្ញា​ព្រំដែន​កម្ពុជា ​វៀតណាម ​ឆ្នាំ​១៩៧៩ ​ រួច​យក​ឯកសារ​ក្លែង​នេះ​ទៅ​បង្ហោះ​ក្នុង​ទំព័រហ្វេសប៊ុក​របស់​លោក​សម រង្ស៊ី​ ដែល​ជា​ដើម​ចម​នាំឲ្យ​តុលាការ​ចោទ​ប្រកាន់​លោក​សម រង្ស៊ី​ពី​បទ​សម​គំនិត​ក្នុង​បទ​ល្មើស​នេះ៕

XS
SM
MD
LG