ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហុង សុខហួរ ​ដាក់​ប៉ាស្ព័រ​បារាំង​ខ្មែរ​និង​ប្រាក់​ធានា​សុំ​នៅ​ក្រៅ​ឃុំ


រូបឯកសារ៖ លោក​ ហុង​ សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ សម​ រង្ស៊ី ត្រូវ​បាន​អម​ដំណើរ​ដោយ​ប៉ូលិស​នៅ​ឯ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។
រូបឯកសារ៖ លោក​ ហុង​ សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ សម​ រង្ស៊ី ត្រូវ​បាន​អម​ដំណើរ​ដោយ​ប៉ូលិស​នៅ​ឯ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០១៥។

លោក​ហុង សុខហួរ ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស ​សម រង្ស៊ី ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​កំពូល​នៅព្រឹក​ថ្ងៃ​សុក្រ​នេះ ​ដើម្បី​បន្ត​សវនាការ​លើ​បណ្តឹង​របស់​លោក​ ដែល​សុំ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន។

លោក​ហុង សុខហួរ ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស ​សម រង្ស៊ី ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​កំពូល​នៅព្រឹក​ថ្ងៃ​សុក្រ​នេះ ​ដើម្បី​បន្ត​សវនាការ​លើ​បណ្តឹង​របស់​លោក​ ដែល​សុំ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន។

ក្នុង​សវនាការ​នៅ​តុលាការ​កំពូល​នេះ ​ លោក​ ហុង សុខហួរ​ បាន​ស្នើ​សុំ​ឲ្យ​អង្គ​ជំនុំជម្រះ​ដែល​មាន​ចៅក្រម​៥រូប​ ​អនុញ្ញាត​ឲ្យ​លោក​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន។ ​លោក​បាន​ប្រាប់​អង្គ​សវនាការ​ថា ​លោក​មាន​ជំងឺ​ក្រពះ លើស​ឈាម​ និង​ផ្តាសាយ។ ក្រៅពី​នោះ​លោក​ស្នើ​តម្កល់​ប្រាក់​ ២០​លាន​រៀល​ស្មើ​នឹង​៥ពាន់​ដុល្លារ ​និង​តម្កល់​លិខិត​ឆ្លងដែន​របស់​លោក​ទាំង​ពីរ ​គឺ​លិខិត​ឆ្លង​ដែន​បារាំង ​និង​លិខិត​ឆ្លងដែន​ខ្មែរ។​

ក្រោយ​សវនាការ​ជាង​មួយ​ម៉ោង​នោះ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ដឹកនាំ​ដោយ​លោក​ ឃឹម ប៉ុណ្ណ ជា​ប្រធាន​តុលាការ​កំពូល ​បាន​ប្រកាស​ថា តុលាការ​ជាន់​ខ្ពស់​នេះ​នឹង​ចេញ​សាលក្រម​នៅ​ថ្ងៃទី​៤ ​ខែមីនា​ខាង​មុខ​នេះ។​

លោក ​ជួង ជូងី ​បាន​ប្រាប់​ VOA ថា ​តាម​ផ្លូវ​ច្បាប់​ តុលាការ​គួរ​តែ​អនុញ្ញាត​ឲ្យ​លោក ​ហុង សុខហួរ ​នៅ​ក្រៅ​ឃុំ ព្រោះ​គាត់​ជា​សមាជិក​ព្រឹទ្ធសភា​មាន​លំនៅដ្ឋាន​ច្បាស់​លាស់។

«គាត់​ក៏​មិន​ទាន់​មាន​ឯកសារ​ណា​ថា ​ព្រឹទ្ធ​សភា​ដក​អភ័យ​ឯកសិទ្ធិ​គាត់​ទេ។ អញ្ចឹង​ក្នុង​ន័យ​ថា​ គាត់​នៅតែ​ជា​សមាជិក​ព្រឹទ្ធសភា​មាន​អភ័យ​ឯកសិទ្ធិ​នៅ​ឡើយ។ ហើយ​តុលាការ​ក៏​មិន​ទាន់​រក​ឃើញ​កំហុស​គាត់​នៅ​ឡើយ​ដែរ»។

​លោក​ជួង ជូងី​ បន្ថែម​ថា ​តុលាការ​បាន​ឃុំខ្លួន​លោក​ ហុង សុខហួរ ​ជាង​កន្លះ​ឆ្នាំ ​ដោយ​មិន​ទាន់​រក​ឃើញ​កំហុស​អ្វី​ទេ។

ទោះ​ជា​យ៉ាងណា​ក្តី​ ក្នុង​សវនាការ​នៅ​ថ្ងៃ​សុក្រ​នេះ លោក​ នៅ មុនីជោត តំណាង​មហា​អយ្យការ​នៅ​តែ​បន្ត​ដាក់​បន្ទុក​លោក​សមាជិក​ព្រឹទ្ធសភា​រូប​នេះ ​ដោយ​លើក​ហេតុផល​ថា ​ជា​បទល្មើស​ធ្ងន់ធ្ងរ​ប៉ះពាល់​សន្តិសុខ​ជាតិ។

អ្នក​យក​ព័ត៌មាន​ចាំ​រង់ចាំ​សម្ភាស​ចៅក្រម ​និង​តំណាង​មហា​អយ្យការ​តែ​គ្មាន​ឱកាស។

ក្រោយ​សវនាការ​ លោក ​ហុង សុខហួរ ​មិន​មាន​ឱកាស​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន​ទេ ព្រោះ​អនុរក្ស​ពន្ធនាគារ​បាន​នាំ​លោក​ជា​បន្ទាន់​ឡើង​រថយន្ត​ទៅ​មន្ទីរ​ឃុំឃាំង​វិញ។​

«ដាក់​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​មក​តុលាការ​កំពូល....មិនទាន់​ដឹង​លទ្ធផល​ទេ»។

កាលពី​ថ្ងៃទី៤ ​ខែវិច្ឆិកា​ សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​សុំ​ស្ថិត​នៅ​ក្រៅឃុំ។​

ការ​ចាប់​ខ្លួន​លោក​ ហុង សុខហួរ​ ធ្វើឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយពី​មាន​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​កាលពី​ថ្ងៃទី​១៣​ ខែ​សីហា ​ឆ្នាំ​២០១៥​ ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​មាន​អភ័យ​ឯកសិទ្ធិ​នេះ។ លោក​ ហ៊ុន សែន ​បាន​ព្រមាន​ថា នេះ​ជា​បទ​ល្មើស​ជាក់​ស្តែង​ដែល​ត្រូវ​ចាប់​ខ្លួន​ជាបន្ទាន់ ​ហើយ​ស្ថានទូត​នានា​អត់​ត្រូវ​លូក​លាន់​ទេ។​ នេះ​ជា​ទោស​ក្បត់​ជាតិ។​

លោក ​ហុង សុខហួរ ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ​និង​បទ​ញុះញង់​បង្កឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​ការ​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា‍‍‍-វៀតណាម ​ឆ្នាំ​១៩៧៩ ​ រួច​យក​ឯកសារ​ក្លែង​នេះ​ទៅ​បង្ហោះ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ សម រង្ស៊ី​ ដែល​ជា​ដើម​ចម​នាំឲ្យ​តុលាការ​ចោទ​ប្រកាន់​លោក​ សម រង្ស៊ី​ ពី​បទ​សម​គំនិត​ក្នុង​បទ​ល្មើស​នេះ។​

លោក​ អំ សំអាត ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ​បាន​ប្រាប់​ VOA ​ថា ​បើ​តាម​ផ្លូវ​ច្បាប់ ​ហើយ​បើ​ករណី​ហ្នឹង​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​នោះ លោក​ហុង សុខហួរ ​មិន​ត្រូវ​ជាប់ឃុំ​ឃាំង​ទេ​ ដោយ​យោង​តាម​លក្ខខណ្ឌ​ធានា​នៅ​ក្រៅ​ឃុំ។​

«អញ្ចឹង ​បញ្ហា​នេះ ​បើសិន​ជា​មិន​អាច​ដោះស្រាយ​បញ្ហា​នយោបាយ​ត្រូវ​រ៉ូវគ្នា​នោះ​ទេ។ មិន​ថា ​តែ​ឯកឧត្តម ​ហុង សុខហួរ ​ទេ។ អ្នក​ដែល​១៤​នាក់​ផ្សេង​ទៀត​នោះ ​ក៏មិន​អាច​រួច​ផុត​ពី​ពន្ធនាគារ​ដែរ»។

ដោយសារ​ស្ថានភាព​នយោបាយ​ពេល​បច្ចុប្បន្ន​មិន​មាន​ការ​ប្រឈម​មុខ​គ្នា ​លោក ​អំ សំអាត ​មាន​សុទិដ្ឋិនិយម​ថា ​នៅពេល​អ្នក​នយោបាយ​ទោរទន់​ទៅរក​គ្នា​នោះ ទាំង​លោក​ ហុង សុខហួរ​ ហើយ​នឹង​មន្ត្រី ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១៤នាក់​ទៀត​ក៏​អាច​រួច​ពី​ការ​ឃុំឃាំង​ដែរ៕

XS
SM
MD
LG