ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សង្គម​​ស៊ីវិល​​ខ្មែរ​ថ្កោល​ទោស​​ការ​កាត់​ទោស​​លោក​នី ចរិយា


រូបឯកសារ៖ លោក នី ចរិយា ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ចេញ​ពី​សាល​សវនាការ​សាលា​ឧទ្ធរណ៍ នៅព្រឹកថ្ងៃទី០៨ ខែ​សីហា ឆ្នាំ២០១៦។

អង្គការ​សង្គម​ស៊ីវិល​​ថា ការ​សម្រេច​នេះ​​​ជា​ការ​ប្រើប្រាស់​​​តុលាការ​ជា​ឧបករណ៍​ពី​សំណាក់​រដ្ឋាភិបាល ​​ដើម្បី​រឹត​ត្បិត​​លំហ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មុន​ការ​បោះ​ឆ្នោត។ ​

បន្ទាប់​ពី​តុលាការ​កាត់​ទោស​លោក នី ចរិយា ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៦ខែ​ពី​បទ​បរិហារ​កេរ្តិ៍​ក្នុង​ពេល​ដែល​លោក​បំពេញ​ការងារ​ជា​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស អង្គការ​សង្គម​ស៊ីវិល​ជាង​៣០ បាន​ប្រតិកម្ម​មិន​ពេញ​ចិត្ត​លើ​ការ​សម្រេច ហើយ​ថា ​ការ​សម្រេច​នេះ ធ្វើ​ឡើង​ក្នុង​បរិបទ​មាន​ការ​បង្រ្កាប​កាន់​តែ​ខ្លាំង​ឡើង​របស់​រដ្ឋាភិបាល​ទៅ​លើ​អ្នក​ធ្វើ​ការ​ដោយ​ឯករាជ្យ។

អង្គការ​សង្គម​ស៊ីវិល​ជាង​៣០ ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​ការពារ​សិទ្ធិ​មនុស្ស មិន​ពេញ​ចិត្ត​នឹង​ការ​កាត់ទោស​លើ​អតីត​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​សមាគម​អាដហុក និង​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក នី ចរិយា ហើយ​ថា ការ​សម្រេច​នេះ​ជា​ការ​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​ពី​សំណាក់​រដ្ឋាភិបាល ដើម្បី​រឹត​ត្បិតលំហ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មុន​ការ​បោះ​ឆ្នោត។ ​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក នី ចរិយា ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៦ខែ និង​ពិន័យ​ជា​ប្រាក់​៦​លាន​រៀល ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​បទ​បរិហារ​បង្កាច់​កេរ្តិ៍​ និង​ដាក់​សម្ពាធ​ដល់​តុលាការ​ដែល​ប្តឹង​ដោយ​មន្ត្រី​នៃ​សាលា​ដំបូង​ខេត្ត​សៀមរាប​ពីរ​រូប​ ក្រោយ​ពេល​លោក​ នី ចរិយា ធ្វើ​សន្និសីទ​មួយ​ចោទ​ថា ​មន្ត្រី​តុលាការ​ខេត្ត​សៀមរាប​ចាប់​ខ្លួន​ពលរដ្ឋ​អ្នក​មាន​ទំនាស់​ដី​ធ្លី​ដោយអយុត្តិធម៌ ទាក់ទង​នឹងជម្លោះ​ដីធ្លី​នៅ​ក្នុង​ស្រុក​ស្វាយលើ​ ខេត្ត​សៀមរាប​ កាល​ពី​ឆ្នាំ​២០១៤។

ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​មួយ​របស់​អង្គការ​ និង​សមាគម​ចំនួន​៣៥ ​ចេញ​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ លើក​ឡើង​ថា ការ​អធិប្បាយ​របស់​លោក នី ចរិយា កាល​ពី​លោក​នៅ​ជា​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ឃ្លាំ​មើល​របស់​សមាគម​អាដហុក គឺ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ច្បាប់​អន្តរជាតិ ដែល​ទាមទារ​ឲ្យ​មាន​ការ​អធ្យាស្រ័យ​ខ្ពស់​ចំពោះ​សុន្ទរកថា​បែប​នយោបាយ បើ​ទោះ​ជា​ការ​លើក​ឡើង​បែប​នេះ​ប៉ះពាល់​ដល់​មន្ត្រី​ឬ​ស្ថាប័ន​សាធារណៈ​ក្តី។

អង្គការ​ទាំង​នោះ​ចាត់​ទុក​ថា ការ​សម្រេច​សេចក្តី​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ ធ្វើ​ឡើង​ក្នុង​បរិបទ​ដែល​មាន​ការ​បង្ក្រាប​ខ្លាំង​ឡើង​ទៅ​លើ​សំឡេង​ឯករាជ្យ​ពី​សំណាក់​រដ្ឋាភិបាល និង​ថា​ តុលាការ​គឺ​ជា​ឧបករណ៍​របស់​រដ្ឋាភិបាល​ក្នុង​ការ​រឹតត្បិត​ទៅ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា មុន​ការ​បោះ​ឆ្នោតខាង​មុខ និង​បាន​បង្ហាញ​ពី​ការ​រំខាន​ចំពោះ​សកម្មភាព​ស្របច្បាប់​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​តាម​រយៈ​ការ​ដាក់​ទោស​ទណ្ឌ។ ​សេចក្តី​ថ្លែងការណ៍​ដដែល​បាន​បន្ថែម​ថា ការ​ប្រើប្រាស់​បទ​បរិហារ​កេរ្តិ៍ និង​បទ​បញ្ញត្តិ​ផ្សេងៗ​នៃ​ក្រម​ព្រហ្មទណ្ឌ​កាន់​តែ​ច្រើន​ឡើង​របស់​រដ្ឋាភិបាល ដើម្បី​ផ្តន្ទា​ទោស​ព្រហ្មទណ្ឌ​លើ​អ្នក​និយាយ​រិះគន់​ទៅ​លើ​អាជ្ញាធរ មិន​ស្រប​ទៅ​នឹង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ខាង​ការ​បញ្ចេញ​មតិ។

អង្គការ​ដែល​ចូលរួមចេញ​សេចក្តី​ថ្លែង​ការណ៍​នោះ​មាន​ដូចជា អង្គការ​សម្ព័ន្ធ​ភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា អង្គការ​សមធម៌​កម្ពុជា ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ព្រមទាំង​អង្គការ​សមាគម​មួយ​ចំនួន​ទៀត។​

លោកស្រី​ ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ដែល​បាន​ចូលរួម​ចេញ​សេចក្តី​ថ្លែងការណ៍​នេះ លើក​ឡើង​ថា អង្គការ​សង្គមស៊ីវិល​ទាំង​ជាង​៣០ ចាត់​ទុក​ថា​ការ​សម្រេច​របស់​សាលា​ដំបូង​គឺ​មិន​ត្រឹមត្រូវ មាន​កំហុស​ឆ្គង និង​អយុត្តិធម៌ ដូច្នេះ​សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍កែប្រែ​ឲ្យ​បាន​ត្រឹមត្រូវ​លើ​ករណី​នេះ​ ដើម្បី​ធានា​នូវ​ការ​ផ្តល់​យុត្តិធម៌​ពិត​ប្រាកដ​ជូន​លោក នី ចរិយា និង​អំពាវនាវ​ដល់​រដ្ឋាភិបាល​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើ​ប្រាស់​ស្ថាប័ន​រដ្ឋនានា​ដើម្បី​វាយ​ប្រហារ​លើ​សង្គម​ស៊ីវិល​ និង​សំឡេង​ឯករាជ្យ​ផ្សេងៗ​ទៀត។​

លោកស្រី​បញ្ជាក់​ប្រាប់ VOA ​ថា៖

«យើង​នៅ​តែ​បន្ត​ឃ្លាំ​មើល​លើ​ករណី​នេះ ហើយ​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​ផ្តល់​នូវមេធាវី​ការពារក្តី​របស់​គាត់ យើង​នឹង​អាច​ធ្វើ​ការ​វិភាគ​ច្បាប់​លើ​ករណី​របស់​គាត់​បន្ត​បន្ទាប់ ហើយ​ដែលយើង​ចង់​ផ្តោត​សំខាន់​លើ​សេរីភាព​ សិទ្ធិ​របស់ពលរដ្ឋ​គ្រប់​រូបក្នុង​ការ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ ហើយ​គោលការណ៍​សំខាន់របស់​សិទ្ធិ​ក្នុង​ការទទួល​បាន​ការ​កាត់​ក្តី​ដោយ​យុត្តិធម៌ គឺ​ការ​ទទួល​បាន​ការ​កាត់​ក្តី​ដោយ​តុលាការ​មួយ​ដែល​មិន​លម្អៀង ហើយ​និង​ធានា​នូវ​ឯករាជ្យភាព​សម្រាប់​បុគ្គល​គ្រប់​រូប»។

ឆ្លើយ​តប​តាម​សារ​អេឡិចត្រូនិក​តេលេក្រាម អ្នកនាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ច្រានចោល​ការ​លើក​ឡើង​នេះ ហើយ​ថា ​តុលាការ​បំពេញ​ការងារ​តាម​ច្បាប់។

លោក​បញ្ជាក់​ក្នុង​សម្តី​ដើម​ប្រាប់ VOA ថា៖

«សាលក្រម​ជា​សេចក្តី​សម្រេច​របស់​ចៅក្រម​ជំនុំ​ជម្រះ​ដែល​មាន​សំអាង​ហេតុ និង​សំអាង​ច្បាប់​យ៉ាង​ច្បាស់​លាស់ និង​ត្រឹមត្រូវ បន្ទាប់​ពី​សវនាការ​ដែល​ធ្វើ​ការ​ពិភាក្សាដេញ​ដោល និង​ពិនិត្យ​ភស្តុតាង​ត្រឹម​ត្រូវ​នៅ​ចំពោះ​មុខ​ជន​ជាប់​ចោទ និង​មេធាវី​ការពារ​ជន​ជាប់​ចោទ»។

VOA បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អធិប្បាយ​ពីអ្នកនាំ​ពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន និង​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​លោក កែវ រ៉េមី ប៉ុន្តែ​មិន​មាន​អ្នក​ទទួល។

បច្ចុប្បន្ន​ អគ្គ​លេខាធិការ​រង គ.ជ.​ប លោក នី ចរិយា កំពុង​ជាប់​បណ្តឹង​មួយ​ទៀត​នៅ​តុលាការ​ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា ​លោក​បាន​សូកប៉ាន់​សាក្សី​មិន​ឲ្យ​និយាយ​រឿង​ពិត​ប្រាប់​តុលាការ ករណី​ លោក កឹម សុខា មាន​សេ្នហា​លួចលាក់​ជាមួយ​នារី​ធ្វើការ​នៅ​ហាង​កាត់សក់​មួយ​កន្លែង ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ​នាង ខុម ចាន់តារ៉ាទី ហៅ​ស្រី​មុំ។ មន្ត្រី​សមាគម​អាដហុក​បួន​រូប​ផ្សេង​ទៀតរួម​មាន​លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​លោកស្រី លឹម មុនី ក៏​កំពុង​ជាប់​ឃុំ​ពាក់ព័ន្ធ​សំណុំ​រឿង​នេះ៕

XS
SM
MD
LG