ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់ឱ្យ​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច ខណៈ​គ្មាន​បក្ស​ប្រឆាំង


លោក​ ហ៊ុន ម៉ាណែត​ មេ​បញ្ជាការ​កងទ័ព​ជើង​គោក និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថត​រូប selfie ជាមួយ​អ្នក​គាំទ្រ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២៣។
លោក​ ហ៊ុន ម៉ាណែត​ មេ​បញ្ជាការ​កងទ័ព​ជើង​គោក និង​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថត​រូប selfie ជាមួយ​អ្នក​គាំទ្រ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២៣។

អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​ចាស់​ និង​ក្មេង​មួយ​ចំនួន​ បង្ហាញ​ការ​គាំទ្រ​ លោក ​ហ៊ុន ម៉ាណែត​ ឱ្យ​ឡើង​មក​កាន់​អំណាច​បន្ត​ពី​ឪពុក​ ព្រោះ​លោក​បាន​ទទួល​ការ​អប់រំ​ជ្រៅ​ជ្រះ ដែល​អាច​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​មាន​ការ​អភិវឌ្ឍ​ និង​ជឿន​លឿន​ទៅ​ថ្ងៃ​អនាគត។

ការ​អត្ថាធិប្បាយ​របស់​អ្នកគាំទ្រ​បក្ស​កាន់អំណាច​នេះ​ កើត​មាន​ឡើង​អំឡុង​ពេល​លោក ​ហ៊ុន ម៉ាណែត​ ដែល​ធ្លាប់​ទទួល​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក និង​នៅ​បស្ចិមប្រទេស​ ដឹកនាំ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​នៅ​ថ្ងៃ​បង្ហើយ​នៃ​អំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត​ដែល​មាន​រយៈពេល ​២១ថ្ងៃ។​

នៅ​ក្នុង​ការ​ថ្លែង​បិទ​ការ​ធ្វើ​យុទ្ធនាការ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ លោក ហ៊ុន ម៉ាណែត​ ប្រាប់​អ្នកគាំទ្រ​ឱ្យ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ប្រទេស​ជាង​៤០ឆ្នាំមក​នេះ និង​ថា​គណបក្ស​កាន់​អំណាច​នឹង​ឈ្នះ​ការ​បោះឆ្នោត​ដោយ​ភាព​ស្អាតសំ្អ។

លោក​ថ្លែង​ថា៖ «ការ​បោះឆ្នោត​ប្រជាធិបតេយ្យ​ផ្អែក​ទៅ​លើ​ច្បាប់​ អ្វី​ទាំង​អស់គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ធ្វើ​ស្របច្បាប់។ នេះ​ហើយ​គឺ​ការ​ប្រកួតប្រជែងដោយ​យុត្តិធម៌​ និង​ត្រឹមត្រូវ​ និង​តម្លាភាព ​គឺ​ផ្អែក​លើ​ច្បាប់។ លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​ប្រសិទ្ធ​ភាព​គឺ​ផ្អែក​លើ​ច្បាប់។ នេះ​ហើយ​គឺ​អ្វី​ដែល​គណបក្ស​ប្រជាជន​នឹង​ព្យាយាម​ឈ្នះ។ គណបក្ស​ប្រជាជន​កម្ពុជា​មិន​ត្រឹម​ជា​គណបក្ស​ប្រជាជន​ដែល​ត្រូវ​ឱ្យ​ឈ្នះ​ទេ​ យើង​ត្រូវ​ឈ្នះ​ឱ្យ​ស្អាត​ ឈ្នះ​ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន និង​លទ្ធិប្រជាធិបតេយ្យ​របស់​យើង»។

ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០២៣​នេះ​ មិន​មាន​ការ​ចូល​រួម​ពី​គណបក្ស​ជំទាស់​ធំ​មួយ​គឺ​គណបក្ស​ភ្លើង​ទៀន​ទេ​ ព្រោះ​គណបក្ស​នេះ​ត្រូវ​បាន​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បដិសេធ​មិន​ឱ្យ​ចុះបញ្ជី​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ ព្រោះ​គ្មាន​ឯកសារ​ដើម​បញ្ជាក់​អំពីការ​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ។

អ្នក​គាំទ្រគណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប​គឺ​ អ្នកស្រី ជិន សុផាន​ អាយុ​ ៤៦ឆ្នាំ​ ជឿ​ថា​ គណបក្ស​កាន់​អំណាច​នឹង​ឈ្នះ​ការបោះឆ្នោត ​១០០ភាគរយ ហើយ​អ្នក​ស្រី​ក៏​ចង់​ឃើញ​ លោក ​ហ៊ុន ម៉ាណែត​ ឡើង​កាន់​អំណាច។

​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​មិន​មែន​ជា​អ្នក​នយោបាយ​រូប​នេះ​និយាយ​ថា៖​ «ខ្ញុំ​ពេញ​ចិត្ត​ ១០០ភាគរយ​ ដែល​បាន​សម្តេច​ពុក​ផ្ទេរ​ទៅ​កូន​គាត់​អ៊ីចឹង​ ខ្ញុំ​ពេញ​ចិត្ត​ណាស់​ ព្រោះ​គាត់​មាន​បញ្ញា​ឈ្លាសវៃ​ នឹង​គ្រប់​គ្រង​ស្រុក​ខ្មែរ​យើង​បាន​ល្អ។ ចា៎ លែង​មាន​សង្គ្រាម​ អត់​មាន​គណបក្ស​ប្រឆាំង​ទេ លែង​មាន​សង្គ្រាម​គ្រប់​បែប​យ៉ាង​ទាំង​អស់​អ៊ីចឹង»។​


កញ្ញា​ ភឿន មាលាវត្តី​ អាយុ ១៩​ឆ្នាំ ​និស្សិត​ឆ្នាំ​ទីមួយ​ផ្នែក​ធនាគារ​ថា​ លោក ហ៊ុន ម៉ាណែត​ មាន​សមត្ថភាព​ដែល​សមនឹង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី។

កញ្ញា​ថ្លែង​ថា៖ «មូលហេតុ​គឺ​គាត់​មាន​ចំណេះ​ដឹង​ បាន​រៀន​ជ្រៅ​ជ្រះ​អ៊ីចឹង​បង។ ហើយ ព្រោះ​ឥឡូវ​ឃើញ​គាត់​អភិវឌ្ឍ​ជាក់​ស្តែងដែរ​»។

មេដឹកនាំ​គណបក្ស​នយោបាយ​មួយ​ចំនួន​ បង្ហាញ​ការ​សោក​ស្តាយ​នៅ​ពេល​គ្មាន​វត្តមាន​របស់​គណបក្ស​ភ្លើងទៀន​ ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នីតិកាល​ទី​៧នេះ។​ ពួកគេ​ថា​ អ្នក​បោះឆ្នោត​គួរ​មាន​ជម្រើស​ខាង​នយោបាយ​ច្រើននៅ​ក្នុង​ការ​ជ្រើសរើស​តំណាង​របស់​ខ្លួន។

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ លោក​ យ៉េង វីរៈ​ ​ បាន​កត់​សម្គាល់​ថា ឆ្ពោះ​ទៅ​ការ​បោះឆ្នោត​ជាតិ​ថ្ងៃទី​២៣ ខែកក្កដា ​ខាង​មុខ​នេះ មាន​បញ្ហា​មួយ​ចំនួន​បាន​កើត​ឡើង​ ក្នុង​នោះ​គណបក្ស​ភ្លើងទៀន​មិន​អាច​ឈរ​ឈ្មោះ​បាន​ ហើយ​ច្បាប់​បោះឆ្នោត​ត្រូវ​បាន​កែប្រែ​យ៉ាង​តក់ក្រហល់។

លោកលើក​ឡើង​ថា៖ «មាន​បញ្ហា​ដែល​យើង​សង្កេត​ឃើញ​ហ្នឹង​ គឺ​ការណ៍​ដែល​គណបក្ស​ភ្លើង​ទៀនអត់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​បោះ​ឆ្នោត​ ដោយ​សារ​ហេតុ​ផល​ បច្ចេកទេស​អីៗ​អ៊ីចឹង​ទៅ​ អាហ្នឹង​មួយ​ទៅ​ដែល​យើង​សោក​ស្តាយ។ ទីពីរ​ការណ៍​ដែល​ធ្វើ​ច្បាប់​ដោយ​ប្រញាប់​ប្រញាល់​មែន​ទែន​ ដើម្បី​អាច​ថា រារាំង​ដល់​អ្នក​ដែល​បម្រុង​ធ្វើ​ពហិការ​អីហ្នឹង​មិន​ចូលរួមបោះឆ្នោត​អីហ្នឹង​ ហើយ​អាច​ថា​ បាត់​សិទ្ធិ​ឈរ​ឈ្មោះក្នុង​ការ​បោះ​ឆ្នោត​ទៅ​មុខ​ទៀត​អី​ដល់​ទៅ ​២ដង​អ៊ីចឹង​ »។

អ្នកនាំពាក្យគណបក្ស​ភ្លើង​ទៀន លោក​ គីម សួរភិរិទ្ធ​ បង្ហាញ​ការ​សោកស្តាយ​ដែល​គណ​បក្ស​ភ្លើងទៀន មិន​បាន​ចូលរួម​ឈរ​ឈ្មោះ​បោះឆ្នោត ក្រោយ​គណបក្ស​នេះ​បាន​ទទួល​បាន​សំឡេង​គាំទ្រ​ ១,៦​លាន​នាក់​ ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​២០២២។

លោក​បន្ថែម​ថា៖ «ប៉ុន្តែ​ យើង​ត្រូវតែ​ ទីមួយ​រក្សា​ក្តី​សង្ឃឹម​ យើង​អត់​នេះ​ទេ​ យើង​ញញឹម​ទាំង​ទឹក​ភ្នែក​ដូច​ កែម​ ឡី​ និយាយ​អ៊ីចឹង​ ថា​យើង​ញញឹម ប៉ុន្តែ​ទឹក​ភ្នែក​យើង​លាក់ យើង​ធ្វើ​អ្វីៗ​ដែល​សំខាន់​សម្រាប់​អនាគត​ គឺ​ទីមួយ​យើង​ត្រូវ​តតាំង​ តាម​ផ្លូវ​ច្បាប់់​ជាមួយ​ក្រសួង​មហាផ្ទៃ​ ពីព្រោះ​ក្រសួង​មហាផ្ទៃ​និយាយ​ច្បាស់​ហើយ​ថា​ យើង​ជា​គណបក្ស​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់។ ប៉ុន្តែ​ហេតុ​អី​បាន​ជា​យើង​ទៅចុះ​ ទៅ​ចូលរួម​ប្រកួត​មិន​បាន​ គ្រាន់តែ​ក្រដាស​មួយ​សន្លឹក។ យើង​សុំ​គេ​ឱ្យ​ចម្លង ឱ្យ​ធ្វើ​នីត្យានុកូល​កម្ម​ឱ្យ​ក៏បាន​ ប៉ុន្តែ​គេ​ថា​អត់​អាច​ធ្វើ​បាន​ អ៊ីចឹង​យើង​យល់​ហើយ​ អា​កន្លែង​ប៉ុណ្ណឹង​ យើង​បាន​ទាក់​ទង​បាន​ព្យាយាម​ ប៉ុន្តែ​យើង​មិន​អស់​សង្ឃឹម​យើង​នៅ​តតាំង​ទៀត»។ ​


ប្រធាន​គណបក្ស​កែទម្រង់​កម្ពុជា លោក ​អ៊ូ ច័ន្ទរ័ត្ន​ ដែល​ធ្វើ​ពហិការ​មិន​ចូលរួម​ការ​បោះឆ្នោត​ថ្លែងថា​ នៅ​ពេល​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ផាត់​ចេញ​ពី​ការ​បោះឆ្នោត​ជាតិ​ពីរ​លើក​ជាប់ៗ​គ្នា​នោះ ហើយ​ការ​គាបសង្កត់​ខាង​នយោបាយ​នៅ​តែ​កើត​មាន​ក៏ដោយ​ ក៏​ស្ថានភាព​នេះ​មិន​បន្ត​កើត​ឡើង​រហូត​នោះ​ដែរ។

លោក​ថ្លែង​ថា៖ «ខ្ញុំគិត​ថា​ប្រហែល​ជា​មាន​ការ​ប្រែ​ប្រួល ​ដោយ​សារ​វា​ជា​មេរៀន​សម្រាប់​អ្នកកាន់​អំណាច​ ហើយ​បើ​សិន​ជា​យើង​គិត​ថា​ ដើម្បី​តែ​អំណាច​ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​ប្រទេស​នៅ​លើ​ឆាក​អន្តរជាតិ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ដទៃ​ ទាំង​នយោបាយ​ ទាំង​សេដ្ឋកិច្ច​ហ្នឹង​ ខ្ញុំ​ជឿ​ថា​ វា​អាច​នឹង​ធ្វើ​ឱ្យ​យើង​នឹង​វា​ពិបាក​អភិវឌ្ឍ​ប្រទេស​ ហើយ​ម្យ៉ាង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អាច​ប៉ះ​ពាល់​ដល់​ជីវភាព។​ ដូច្នេះ​ បើ​សិន​ជា​មាន​ការ​ប៉ះពាល់​ខ្លាំង​ ខ្ញុំ​ជឿ​ថា​ ប្រហែល​ជា​ថ្នាក់​ដឹកនាំ​ អាច​នឹង​ផ្លាស់​ប្តូរ​ជំហរ។ ហើយ​ម្យ៉ាង​ បើ​សិន​ជា​មាន​ការ​ផ្លាស់​ប្តូរ​ជំហរ​សម្រប​សម្រួល​ច្រើន​ ខ្ញុំ​ជឿ​ថា​ សហគមន៍​អន្តរជាតិ​ គេ​នឹង​ងាក​មក​គិត​គូរ​យើង​ឡើងវិញ»។

លោក​បន្ថែម​ថា៖ «ប៉ុន្តែ​បើ​សិន​ជា​យើង​នៅ​តែ​ប្តេជ្ញា​ចិត្ត​ថា​ ទៅ​យ៉ាង​ម៉េច​[ក៏]ទៅ​ទៅ ហើយ​អាង​មាន​ខ្នង​បង្អែកជា​ប្រទេស​ចិន​ ជា​មិត្តអីជា​ដើម​ហ្នឹង​ ខ្ញុំ​ជឿ​ថា​ យើង​នឹង​រង​នូវ​វិបត្តិ​បន្ត​បន្ទាប់​តទៅទៀត​ ជាពិសេស​ផ្នែក​សេដ្ឋកិច្ច»។ ​

ប្រជាជន​កម្ពុជា​ប្រមាណ​៩,៧​លាន​នាក់​ ឬ​ប្រហែល​ ៥៥% ​នៃ​ចំនួន​ប្រជាជន​ទាំង​អស់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៣ ​ខែ​កក្កដា​ឆ្នាំ​២០២៣។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ​ហ៊ុន សែន ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កំពុង​រៀប​ចំ​ផែន​ការ​ចាក​ចេញ​ពី​អាជីព​នយោបាយ​របស់​លោក។ ​លោក ​ហ៊ុន ម៉ាណែត​ កំពុង​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​នេះ ​តែ​គេ​មិន​ទាន់​ដឹង​ថា​លោក​នឹង​កា្លយ​ជាបេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​នេះ ឬ​យ៉ាង​ណា​នោះ​ទេ។

ដោយ​សារ​តែ​គណបក្ស​ចំនួន​ ១៧​ មាន​ថវិកា​និង​សំឡេង​គាំទ្រ​តិចតួច គណបក្ស​ប្រជាជន​កម្ពុជា​ ទំនង​ជា​នឹង​ទទួល​បាន​អាសនៈ​ទាំង​អស់​នៅ​សភាជាតិ​ ហើយ​បង្កើត​រដ្ឋាភិបាល​ថ្មី។

ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ លោក​ ម៉ម សូណង់ដូ​ រិះគន់​ចំណុច​នេះ។

លោក​ថ្លែង​ថា៖ «ពូ​ឃើញ​ថា​ វា​មាន​ការ​ខុស​ឆ្គង​មួយ​ មិន​មាន​ភាព​ស្មើ​ភាព​គ្នា​ គឺ​រឿង​ទឹក​លុយ​ អ្នក​ណា​គេ​មាន​លុយ​ច្រើន​ គេ​ហែ​ធំ​ គេ​មាន​លុយ​តិច​ ហែ​តិច​ អា​ត្រង់​ហ្នឹង​ហើយ​មាន​ការ​ខុស​ឆ្គង។ ប៉ុន្តែ​ក៏​កុំ​កាប់​ចាក់​គ្នា​រឿង​បញ្ហា​ហ្នឹង​ យើង​ត្រូវ​ទៅ​មុខ​ទៀត​ ប៉ុន្តែ​ត្រូវ​តែ​ពូ​និយាយ»។

ខណៈ​នៅសល់​តែ​ពីរ​ថ្ងៃទៀត​ដែល​អ្នក​បោះឆ្នោត​នឹង​ចេញ​ទៅ​បោះឆ្នោត​នោះ អង្គការ​អន្តរជាតិ​ជា​ច្រើន​ចាត់​ទុក​ការ​បោះឆ្នោត​នេះ​ថា ​ជា​ការ​បោះ​ឆ្នោត​ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​អ្នកបោះឆ្នោត​ ដោយ​សារ​បក្ស​ជំទាស់​ភ្លើងទៀន​មិន​មាន​នៅ​លើ​សន្លឹកឆ្នោត៕

XS
SM
MD
LG