ពិធីជប់លៀងក្នុងមង្គលការមួយក្នុងរដ្ឋ Maine សហរដ្ឋអាមេរិក បានបណ្តាលឲ្យមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៦០ករណី។ ការជួបជុំតាមការជិះម៉ូតូក្នុងរដ្ឋ South Dakota បានធ្វើឲ្យមនុស្សប្រមាណជាង២៣០នាក់ កើតជំងឺកូវីដ១៩ ហើយអាចឆ្លងបន្តដល់មនុស្សប្រមាណ២៥០.០០០នាក់ផ្សេងទៀត នេះបើតាមការប៉ាន់ស្មានមួយ។
ទន្ទឹមនឹងនេះដែរ ពិធីជប់លៀងតាមផ្ទះ និងបាលក់ស្រានៅក្បែរមហាវិទ្យាល័យនិងសាកលវិទ្យាល័យនៅទូទាំងប្រទេស កំពុងបណ្តាលឲ្យមានការផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ដែលធ្វើឲ្យមន្ត្រីសុខភាពមានការភ្ញាក់ផ្អើលនិងបារម្ភ។
ព្រឹត្តិការណ៍ពីរបីនេះ បង្កឲ្យមានការឆ្លងវីរុសកូរ៉ណាក្នុងចំនួនដ៏ច្រើន។ អ្នកជំនាញសុខភាពសាធារណៈលើកឡើងថា ព្រឹត្តិការណ៍នៃការចម្លងដ៏ខ្លាំងទាំងនេះ ហាក់ដូចជាកំពុងតែកើនមានឡើងច្រើននៅសហរដ្ឋអាមេរិក។ ពួកគេបារម្ភថាព្រឹត្តិការណ៍ទាំងនេះ នឹងនាំឲ្យមានការរាលដាល ដែលនៅទីបំផុតនឹងធ្វើឲ្យករណីជំងឺកូវីដ១៩ និងការស្លាប់ដែលបានចុះថយ នៅចុងរដូវក្តៅនោះកើនឡើងវិញ នៅពេលដែលអាកាសធាតុចាប់ផ្តើមត្រជាក់ និងការកំសាន្តនានា ត្រូវគេលើកទៅធ្វើក្នុងអាគារវិញនោះ៕